ភ្នំពេញ ៖ ក្នុងសារសំឡេង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ ឲ្យដឹងថា សម្ដេចបានសម្រេចអនុញ្ញាតឱ្យពលករខ្មែរ ដែលឆ្លងដែនមកពីប្រទេសថៃ អាចផ្លាស់កន្លែងធ្វើចត្តាឡីស័កពីខេត្តជាប់ព្រំដែន ទៅធ្វើចត្តាឡីស័កនៅក្នុងខេត្ត ឬស្រុកកំណើតរបស់ខ្លួនបាន តែដាច់ខាតមិនអាចគេចវេះ ឬខកខានការធ្វើចត្តាឡីស័កនោះឡើយ ចំណែករដ្ឋបាលខេត្ត ដែលមានអ្នកផ្លាស់មកធ្វើចត្តាឡីស័កនោះ ត្រូវត្រួតពិនិត្យការងារនេះឱ្យបានហ្មត់ចត់ ច្បាស់លាស់។
នាពេលកន្លងមក ធ្លាប់មានការភាន់ច្រឡំថា សម្ដេចតេជោសម្រេចលើកលែងការធ្វើចត្តាឡីស័ក ចំពោះពលករដែលវិលត្រឡប់មកពីថៃចូលកម្ពុជា នៅតាមខេត្តជាប់ព្រំដែន ប៉ុន្តែធាតុពិត សម្ដេចគ្រាន់តែចង់ឲ្យពួកគេផ្លាស់ប្ដូរកន្លែងធ្វើចត្តាឡីស័កនៅឯស្រុកកំណើតរបស់ពួកគេតែប៉ុណ្ណោះ ព្រោះវាមានភាពងាយស្រួលក្នុងការចាំបាច់ណាមួយ។ សម្ដេចតេជោ បានបញ្ជាក់ហើយបញ្ជាក់ទៀតថា មិនអាចមិនធ្វើចត្តាឡីស័កនោះទេ ហើយក៏មិនដូចការយល់ខុសនោះដែរ ពោលគឺ សម្ដេចតេជោ មិនបានអនុញ្ញាតដូច្នេះឡើយ គឺមានតែអំពាវនាវទៅកាន់បុគ្គលសាមី ឱ្យចូលរួមធ្វើចត្តាឡីស័ក កុំមានការគេចវេះ និងបានបញ្ជាទៅកាន់អាជ្ញាធរ-សមត្ថកិច្ចពាក់ព័ន្ធ ឱ្យពង្រឹងការត្រួតពិនិត្យការធ្វើចត្តាឡីស័ក ឱ្យបានតឹងរ៉ឹងថែមទៀត។ ដូច្នេះសូមកុំមានការយល់ច្រឡំតទៅទៀតឱ្យសោះ។
សម្ដេចនាយករដ្ឋមន្ត្រី បញ្ជាក់ថា ខ្ញុំសូមបញ្ជាក់ឡើងវិញថា ការធ្វើចត្តាឡីស័កនៅតែធ្វើ, គ្រាន់តែអាចប្ដូរទីតាំងធ្វើប៉ុណ្ណោះ ដោយពីមុន ពលករត្រឡប់មកពីប្រទេសថៃ ត្រូវធ្វើនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ឥឡូវអាចផ្លាស់មកធ្វើនៅផ្ទៃក្នុងប្រទេស (ខេត្ត-ស្រុកកំណើតរបស់សាមីខ្លួនអ្នកធ្វើចត្តាឡីស័ក) ដោយត្រូវដឹកជញ្ជូនពួកគាត់មកធ្វើចត្តាឡីស័ក នៅតាមមូលដ្ឋាននានា ដោយមានភាពប្រាកដប្រជា ច្បាស់លាស់ ម៉ឺងម៉ាត់៕ រក្សាសិទ្ធិដោយ ពិសិដ្ឋCEN









