ភ្នំពេញ ៖ ក្មេងស្រីម្នាក់បានជិះម៉ូតូចេញពីធ្វើការបម្រុងត្រឡប់ចូលផ្ទះវិញ ខណៈមកដល់ចំណុចកើតហេតុបានគេចពីរថយន្តកុងតឺន័រ រួចជ្រុលទៅប៉ះរថយន្តស៊េរីទំនើបបែកស្តុបភ្លើងស៊ីញ្ញូពីក្រោយរងការខូចខាត។
ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះកើតឡើងនៅវេលាម៉ោង ០០ និង២០ នាទីយប់ឈានចូលថ្ងៃចន្ទទី៨ ខែមីនាឆ្នាំ ២០២១ស្ថិតនៅតាមបណ្ដោយផ្លូវ២៧១ ណុចស្តុបណូគា ក្នុងសង្កាត់ទឹកល្អក់ទី ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីបងប្រុសជាសន្តិសុខម្នាក់បានឃើញកន្លែងកើតហេតុសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថាមុនពេលកើតហេតុគាត់បានឃើញរថយន្តម៉ាក TOYOTA ALPHARDមួយគ្រឿងពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2-BF2863 បើកដោយបុរសម្នាក់រួមដំណើរ និងស្ត្រីម្នាក់ទៀតធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុបានរងចាំស្តុបណូគា ផ្លូវបំបែកជា៣ដល់ស្តុបលឿងជិតដល់ស្តុបខៀវប្រុងនិងបើកទៅ ស្រាប់តែមានក្មេងស្រីម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកZOOMER ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1-HU 1878 ជិះដោយម្នាក់ឯងធ្វើរដំណើរស្របគ្នាតាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុនៅនិងស្តុបណូគាបានគេចពីរថយន្តកុងតឺន័រ ជ្រុលទៅប៉ះស្តុបភ្លើងស៊ីញ្ញូខាងស្តាំពីចំហៀងរថយន្តស៊េរីទំនើបខាងក្រោយ បណ្តាលឲ្យបែករងការខូចខាត។
ប្រភពបន្តពីបងប្រុសជាសន្តិសុខបានរៀបរាប់ឲ្យដឹងទៀតថា ដោយសារប្អូនស្រីជាអ្នកធ្វើការស្នាក់នៅផ្ទះជួលម្តុំផ្លូវសឡា ហើយមិនដឹងថាពឹងនរណាក៏លុតជង្គង់សុំ៣ដង និងលើកដៃសំពះអង្វរសុំម្ចាស់រថយន្តដោយប្អូនអត់មានលុយ នៅជាប់ខ្លួនសូម្បីតែមួយរយខ្មែរ មានតែទូរសព្ទម៉ាក I Phone 6 Plus តែមួយគ្រឿងទុកទាក់ទងបងប្អូននិងឪពុកម្តាយនៅខេត្តប៉ៃលិន។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់រួចឲ្យភាគីទាំង២ សម្របសម្រួលគ្នាដោយប្អូនស្រីអត់មានលុយសុំម្ចាស់រថយន្តឲ្យលើលែង តែម្ចាស់រថយន្តមិនព្រមរួចម្ចាស់រថយន្តទាមទារយកទូរសព្ទពីប្អូនស្រី ដើម្បីបញ្ចប់រឿងត្រឹមនិងរួចប្អូនបានចាក់ស៊ីមចេញប្រគល់ទូរសព្ទឲ្យទាំងទឹកភ្នែកបញ្ចប់រឿងត្រឹមនឹង៕ រក្សាសិទ្ធិដោយ៖ សាមេត








