Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បេសកកម្ម ៣៣​ម៉ោង ក្នុងការ​ប្រែក្លាយ​សណ្ឋាគារ THE GREAT DUKE ទៅជា​មន្ទីរពេទ្យ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ កម្រិត​ស្រាល ដែល​អាច​ទទួល​អ្នកជំងឺ​រហូត​ជាង ៥០០​នាក់​

​ភ្នំពេញ ៖ ចាប់ពី​ល្ងាច​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០២១ ក្រោយ​ទទួលបាន​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ក្រុមការងារ​ចម្រុះ​ដឹកនាំ​ផ្ទាល់​ដោយ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក និង​ជា​អនុប្រធាន​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ បានធ្វើការ​ប្រមូលផ្តុំ និង​ចុះ​រៀបចំ​ដោយផ្ទាល់​នៅ​ទីតាំង​អគារ​សណ្ឋាគារ THE GREAT DUKE (​អតីត​សណ្ឋាគារ​អាំងទែ​កុងទីណង់តាល់​) ដោយបាន​ប្រែក្លាយ​ទៅជា​ម​ន្ទីរ​ពេទ្យ​សម្រាប់​ពិនិត្យ ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ ដែល​នឹងត្រូវ​រៀបចំ​ផ្ទេរ​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​រាជធានី​ភ្នំពេញ (​ព្រែក​ព្នៅ​)​។​

​សមាសភាព​ចម្រុះ ដែល​បាន​ចូលរួម​សម្រេច​ដោយ​ជោគជ័យ​នូវ​បេសកកម្ម​ក្នុងពេល​ដ៏​ខ្លី​នេះ រួមមាន ថ្នាក់ដឹកនាំ និង​ក្រុមគ្រូពេទ្យ​នៃ​ក្រសួងសុខាភិបាល​, កម្លាំង​កងទ័ព​, កងរាជអាវុធហត្ថ​, កង​នគរបាលជាតិ​, មន្ត្រី​ជំនាញ​ផ្នែក​ពាក់ព័ន្ធ​នានា និង​ក្រុមការងារ​ស្ម័គ្រចិត្ត ព្រមទាំង​ការចូលរួម​សហការ​រ​បស់​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​គណៈ​គ្រប់គ្រង​សណ្ឋាគារ​ផងដែរ​។​

​ការងារ​ត្រៀម​រៀបចំ​នេះ បានបញ្ចប់​រួចរាល់​ជា​ស្ថាពរ​នៅ​ម៉ោង ០២:៣០ រំលង​អ​ធ្រា​ត ឈានចូល​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០២១​។ គួរឱ្យ​រំលឹក​ផងដែរ​ថា ការដាក់ឱ្យ​ដំណើរការ​ទីតាំង​សណ្ឋាគារ​នេះ​ជា​មន្ទីរពេទ្យ​សម្រាប់​អ្នកជំងឺ​កូ​វីដ​-១៩ កម្រិត​ស្រាល គឺ​ដើម្បី​ផ្តល់​លទ្ធភាព​ដល់​ក្រសួងសុខាភិបាល​ក្នុងការ​ប្រមូលផ្តុំ​ធនធានមនុស្ស​, សម្ភារ​, បរិក្ខារ និង​បច្ចេកទេស​ចាំបាច់​មួយចំនួន បម្រើ​ដល់​ការជួយ​សង្គ្រោះ​ដល់​អាយុជីវិត​មនុស្ស​ឱ្យបាន​ទាន់ពេលវេលា និង​ធានា​ទប់ស្កាត់​ការរីក​រាលដាល​កាន់តែ​ធ្ងន់ធ្ងរ​នៃ​ជំងឺ​នេះ​នៅក្នុង​សហគមន៍​។

​ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏បាន​ចេញ​សេចក្តីជូនដំណឹង​ដល់​សាធារណជន​ទូទៅ ជាពិសេស​ប្រជាពលរដ្ឋ និង​បងប្អូន​ពាណិជ្ជករ អាជីវករ​ទាំងអស់ ដែល​រស់នៅ និង​កំពុង​ប្រកប​របរ​ផ្សេងៗ​នៅជាប់ និង​ក្បែរ​ទីតាំង​សណ្ឋាគារ​នេះ កុំឱ្យ​មានការ​ភ័យខ្លាច និង​សូមឱ្យ​បន្ត​រក្សា​ភាពនឹងនរ​ក្នុង​ចិត្ត និង​ជឿទុកចិត្ត​លើ​វិធានការ​ឆ្លើយតប​របស់​រាជរដ្ឋាភិបាល​។ ជាក់ស្តែង វីរុស​កូ​វីដ​-១៩ ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​តាម​ដំណក់​ទឹកតូចៗ ដែល​ចេញពី​ផ្លូវដង្ហើម​របស់​អ្នក​ផ្ទុក​វីរុស ហើយ​រហូតមក​ដល់ពេល​បច្ចុប្បន្ន មិនមាន​ភស្តុតាង​វិទ្យាសាស្ត្រ​បញ្ជាក់ថា វីរុស​នេះ​ឆ្លងតាម​ខ្យល់អាកាស​នៅក្នុង​ទី​លំហ​ឡើយ និង​បាន​សុំឱ្យ​ប្រជាពលរដ្ឋ ចូលរួម​អនុវត្ត​វិធានការ​ការពារ​ខ្លួន​តាម​ការណែនាំ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា “៣​កុំ និង ៣​ការពារ​” ដើម្បី​ការពារ​ខ្លួនឯង​ពី​ការឆ្លង​ជំងឺ និង​ចៀសវាង​ហានិភ័យ​ចម្លងជំងឺ​នេះ​ដល់​អ្នកដទៃ​៕ រក្សា​សិទ្ធិ​ដោយ​: ចេស្តា​

×