ភ្នំពេញ ៖ កាលពីពេលថ្មីៗកន្លងទៅនេះ គឺនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ គេបានប្រទះឃើញស្ត្រីជាប៉ូលីសម្នាក់ បានបង្ហោះពីទិដ្ឋភាពខ្លួនកំពុងបំបៅដោះកូន ក្នុងអំឡុងពេលបំពេញកតព្វកិច្ចការងារ នៅតាមបណ្តោយដងផ្លូវមួយកន្លែង។ ដោយក្នុងនោះ អ្នកស្រីបានបង្ហោះរូបភាព និងភ្ជាប់សំណេរក្នុងនាមជាម្តាយត្រូវលះបង់ភាពអៀនខ្មាសយ៉ាងដូច្នេះថា៖ «ព្រោះតែពាក្យថាម្តាយ មិនថាក្នុងកាលៈទេសៈណាទេ ដើម្បីកូនភ្លេចអស់ភាពអៀនខ្មាស (នេះហើយជីវិតពិត)»។
តែទោះយ៉ាងណា ប្រហែលដោយសារតែរងការស្តីបន្ទោសពីមេកើយ ឬយ៉ាងណា បន្ទាប់មក ប៉ូលីសស្រីខាងលើ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Sokha Konkatao នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ ក៏បានបង្ហោះសារសុំទោស ទៅដល់បងប្អូនសាធារណជនថា៖ «នាងខ្ញុំអនុសេនីយ៍ទោ ស៊ីថុង សុខា អត្តលេខ71655 សូមចេញមុខសុំទោសជាសារធារណៈ ក្នុង FACE BOOK ចំពោះការផុសរូបភាពបំបៅដោះកូននៅកន្លែងធ្វើការ និងស្លៀកឈុតឯកសណ្ឋាន កាលពីថ្ងៃទី02/03/2021 កន្លងមកនេះ ការផុសទៅនេះនាងខ្ញុំពុំមានគោលបំណងធ្វើអោយប៉ះពាល់ដល់កិត្តិយសអង្គភាពនគរបាល ព្រមទាំងប៉ះពាល់ដល់កិត្តិយសស្ត្រីខ្មែរទេ អាស្រ័យដូចនេះសូមអង្គភាពនិងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មេត្តាដោយក្តីអនុគ្រោះ»។
ជាការពិតណាស់ ក្រោយពីបានឃើញបែបនេះ មហាជនភាគច្រើន ពុំបានបង្ហាញការមិនពេញចិត្ត ឬ រិះគន់ណាមួយ ចំពោះទិដ្ឋភាពបំបៅដោះកូននេះទេ និងផ្ទុយមកវិញ គឺមានតែសម្តែងនូវកោតសរសើរ និងលើកទឹកចិត្តដល់រូបគាត់ទៅវិញ។
ក្នុងនោះ អ្នកខ្លះបានលើកឡើងថា៖ «សម្រាប់ខ្ញុំគ្មានទោសអ្វីធ្ងន់រទេបងប្អូន!! បើអ្នកខ្លះច្រៀងខារ៉ាអូខេ ផឹកស៊ីស្រីញីអូនបង ទាំងឯកសណ្ផានទៀតផង!!, នេះហើយទឹកចិត្តម្តាយ ទោះក្នុងស្ថានភាពណាក៏ដោយម្តាយនៅតែបំពេញតួនាទីជានិច្ច ភាពជាម្តាយយ ស៊ូរៗដើម្បីកូន, ខ្ញុំសូមសសើរបងស្រីដោយស្មោះ បងជាមនុស្សដែលខ្លាំងសម្រាប់ខ្ញុំ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




