តាមរយៈរូបភាពជាច្រើនសន្លឹក ដែលត្រូវបានចែករំលែកនៅលើបណ្តាញសង្គម កាលពីពេលថ្មីៗនេះ បង្ហាញឲ្យឃើញពីទិដ្ឋភាពក្រុមអ្នកនេសាទ ចេញទូកដូចហែរកឋិនឡើងពេញប្រៀបតាមបឹង ប្រឡាយ ដងអូរ គឺពិតជាគួរឲ្យស្រណោះដល់ត្រីធម្មជាតិជាខ្លាំង ព្រោះថាអ្វីដែលយើងគ្រប់គ្នាព្រួយបារម្ភខ្លាំងបំផុតនោះ គឺត្រីធម្មជាតិច្បាស់ជាហិនហោចជាក់ជាមិនខាន ដោយសារតែទង្វើរនៃការឆក់យ៉ាងអណាធិបតេយ្យបែបនេះ។
យោងតាមប្រភពរូបភាពចែករំលែក បានបញ្ជាក់ប្រាប់ឲ្យដឹងថា ក្នុងដំណើរទៅលេងបឹង កាលពីរសៀលថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ នាយខ្វែកបានប្រទះឃើញទូកបទល្មើសឆក់ត្រីមិនក្រោមពី១០០ទូកទេ បាននាំគ្នាទៅធ្វើសកម្មភាពឆក់ត្រីនៅតាមបឹង ប្រឡាយ ស្ថិតនៅក្នុងភូមិ កណ្ដាលក្រោម ភូមិព្រែកប៉ុល ភូមិព្រែកតាកែវ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ និងភូមិឃុំមួយចំនួនទៀត នៅក្នុងស្រុកស្អាង។
បើតាមអ្នកស្រុកប្រាប់ថា ក្រុមល្មើសឆក់ត្រីភាគច្រើន គឺមានប្រមាណ ៤០ ទៅ ៥០ ទូក ជាអ្នករស់នៅក្នុងភូមិចុងខ្សាច់ និងភូមិព្រែកប៉ុល និង៦០ទៅ៧០ទូកទៀត មកពីភូមិតាយោ ភូមិប្រាសាទ ជ្រោយឬស្សី និងភូមិមួយចំនួនទៀតក្នុងស្រុកស្អាង។
អ្នកស្រុកក៏បានឲ្យដឹងផងដែរថា ពីមុនជនល្មើសឆក់ត្រីមិនសូវសំបូរបែបនេះទេ ហើយឧបករណ៏ឆក់ក៏មិនទំនើបដូចនេះដែរ គឺគេប្រើតែអាគុយធុនល្មម១គ្រឿងស្ពាយជាប់ខ្នង និងប្រើប្រដាប់ឆក់ដូចចង្កឹះមួយគូ ដើរឆក់ពេលឃើញអ្នកភូមិ ឬអ្នកដំណើរឆ្លងកាត់ ពួកគេទម្លាក់ឧបករណ៏ឆក់ចោល ឬរត់ពួនហើយ ប៉ុន្តែ ឥឡូវនេះ គឺពួកគេនាំគ្នាចេញដើរឆក់ត្រីទាំងហ្វូងៗ គ្មានខ្លាចញញើតមន្ត្រីជលផលសូម្បីបន្តិចឡើយ ដោយប្រើសុទ្ធតែទូកម៉ាស៊ីន អាគុយធុនធំៗ មួយទូក២ និងប្រើកន្ត្រងឆក់យកត្រីទាំងតូចទាំងធំគ្មានគេចរួចនោះទេ។
ជាមួយនឹងទង្វើរនៃសកម្មភាពបទល្មើសឆក់ត្រីយ៉ាងអនាធិបតេយ្យ ដោយគ្មានមន្ត្រីអាជ្ញាធរសមត្ថកិច្ចណាចុះទៅបង្ក្រាបឡើយ ជាពិសេសជំនាញជលផលតែម្ដង អ្នកភូមិក៏បានសំណូមពរទៅដល់មន្ត្រីពាក់ព័ន្ធ ជួយដាស់តឿនដល់មន្ត្រីជលផល មានវិធានការផង ព្រោះថា បើមិនដូច្នេះទេ អនាគតតាមបឹង តាមប្រឡាយ ច្បាស់ជាលែងមានត្រីធម្មជាតិទៀតហើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង













