ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៩ខែមីនាឆ្នាំ២០២១នេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានធ្វើការណែនាំ និងដាក់ចេញនូវវិធានការចាំបាច់ អនុញ្ញាត និងចាត់ចែងឱ្យមន្ត្រីធ្វើការនៅផ្ទះរៀងៗខ្លួន ផ្អាករាល់សកម្មភាពជួបជុំ និងត្រូវរៀបចំតាមប្រព័ន្ធអនឡាញ(Online) បើចាំបាច់
បន្តដាក់ឆ្លងឯកសារ និងបែងចែកឯកសារតាមប្រព័ន្ធឌីជីថល។
នៅចំពោះមុខស្ថានភាពនៃការចម្លងក្នុងសហគមន៍ ក្នុង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ដែលមិនទាន់ធូរស្រាល និងអនុវត្តតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ និងដើម្បីធានាបានជាអតិបរមានូវសុវត្ថិភាពរួមរបស់មន្ត្រីរាជការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានធ្វើការណែនាំ និងដាក់ចេញនូវវិធានការចាំបាច់ និងបន្ទាន់មួយចំនួនដូចខាងក្រោម៖
- កំណត់ជាអប្បបរមានូវចំនួនមន្ត្រីដែលត្រូវមកបំពេញការងារ និងប្រចាំនៅក្រសួង
- អនុញ្ញាត និងចាត់ចែងឱ្យមន្ត្រីធ្វើការនៅផ្ទះរៀងៗខ្លួន
- ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជាប្រចាំ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ» និង «៣កុំ»។
- ផ្អាករាល់សកម្មភាពជួបជុំ និងត្រូវរៀបចំតាមប្រព័ន្ធអនឡាញ(Online) បើចាំបាច់។
- បន្តដាក់ឆ្លងឯកសារ និងបែងចែកឯកសារតាមប្រព័ន្ធឌីជីថល។
- មន្ត្រីទាំងអស់ត្រូវពាក់ម៉ាសការពារឱ្យបានគត់មត់គ្រប់ពេលចេញ-ចូល និងបំពេញភារកិច្ចនៅក្នុងក្រសួង
- គ្រប់ច្រកចេញ-ចូលក្រសួង ត្រូវវាស់កំដៅឱ្យបានត្រឹមត្រូវនិងជាប់ជាប្រចាំ និង
- ក្នុងករណីសង្ស័យ ឬមានសភាពមិនប្រក្រតី ដែលជារោគសញ្ញានៃជំងឺកូវីដ-១៩ ត្រូវរាយការណ៍ ឬប្រញ៉ាប់ទាក់ទងទៅលេខ ១១៥ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ