ខេត្តកំពត ៖ នេះជារឿងដ៏ភ្ញាក់ផ្អើល និងស្ទើរតែមិនគួរឲ្យជឿ ខណៈដល់ថ្ងៃចូលរោងការ ស្រាប់តែកូនក្រមុំឈឺពោះឆ្លងទន្លេ ធ្វើឲ្យក្រុមអ្នកភ្លេង និងភ្នួង នាំគ្នាបើកភ្នែកធំៗ ស្រឡាំងកាំងតែម្តង។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មង្គលការនេះ ត្រូវបានរៀបចំធ្វើឡើងតាមប្រពៃណី កាលពីព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ កន្លងទៅ នៅគេហដ្ឋានខាងស្រី ស្ថិតក្នុងភូមិស្វាយផ្អែម ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។
ប៉ុន្តែ អ្វីដែលនឹកស្មានមិនដល់នោះ គឺនៅវេលម៉ោងជិត៦ព្រឹក ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ដែលត្រូវជាថ្ងៃចូលរោងការ ស្រាប់តែកូនក្រមុំនាម សន សុភ័ណ្ឌ បានឈឺពោះឆ្លងទន្លេសម្រាលបានកូនស្រីម្នាក់ ប្រកបដោយសុវត្ថិភាព នៅឯមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាច ដោយទុកឲ្យកូនកំលោះបន្តពិធី ជាពិសេសឈរទទួលភ្ញៀវតែម្នាក់ឯង រហូតដល់ចប់។
បើទោះបានដឹងហើយថា កូនស្រីរបស់ខ្លួនឈឺពោះឆ្លងទន្លេយ៉ាងណា ប៉ុន្តែ ឪពុកម្តាយជាម្ចាស់ដើមការ ពុំបានជូនដំណឹងនេះទៅអ្នកភ្លេង ឬ ភ្នួង ឲ្យបានជ្រាបជាដំណឹងនោះទេ ដែលធ្វើឲ្យពួកគេខឹងសម្បារ និងបានត្រឹមហួសចិត្ត នាំគ្នាវិលទៅរកទ្រនំវិញរៀងៗខ្លួន។
បើតាមលោកតាអាចារ្យ ជាអ្នកកាន់កម្មវិធីមង្គលការ បាននិយាយថា ថ្ងៃចូលរោង មិនមានវត្តមានកូនកំលោះកូនក្រមុំទេ គឺមានតែសម្លៀកបំពាក់អ្នកទាំងពីរ យកមកដាក់រៀបចំសែនព្រានជូនដូនតាប៉ុណ្ណោះ ដើម្បីគម្រប់កិច្ច។
ដោយឡែក អ្នកដែលបានដឹងរឿង បានស្តីបន្ទោសឲ្យអាណាព្យាបាលខាងស្រីថា បើដឹងថាកូនស្រីខ្លួនមានផ្ទៃពោះគ្រប់ខែទៅហើយ ហេតុអ្វីក៏នៅតែរៀបចំឲ្យទៀត មិនចាំកូនឆ្លងទន្លេរួច ចាំការក៏វាមិនហួសពេលអ្វីដែរ។
តែយ៉ាងណា បើតាមសាច់ញាតិខាងកូនក្រមុំ បាននិយាយបែបនេះថា ដោយសារនាងមានផ្ទៃពោះមិនដឹងខ្លួន ហើយពោះតូចគ្មាននរណាចាប់អារម្មណ៍នោះ ក៏គិតថាមិនអី ប៉ុន្តែ ដល់ថ្ងៃការ ក៏ស្រាប់តែនាងឈឺពោះដ៏មិនស្មាន ហើយនៅពេលយកទៅមន្ទីពេទ្យ នាងក៏បានឈឺពោះឆ្លងទន្លេតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




