ភ្នំពេញ ៖ ប្រិយមិត្ត និងមហាជនជាអ្នកប្រើប្រាស់ កំពុងផ្ទុះការចាប់អារម្មណ៍ និងក៏ដូចមានការព្រួយបារម្ភជំនួសជាខ្លាំង ក្រោយលេចធ្លាយព័ត៌មានថា កំពូលតារាចម្រៀងស្រី២ដួង គឹអ្នកនាង ឱក សុគន្ធកញ្ញា និង សុគន្ធ នីសា និងព្រមទាំងតារាចម្រៀងដទៃទៀត ជាប់ពាក់ព័ន្ធកូវីដ-១៩ ស្របពេលផ្ទុះព័ត៌មានច្បាស់ការថា ពិធីការិនីល្បីឈ្មោះ កែវ ចាន់និមល និងគ្រួសារ ត្រូវបានធ្វើតេស្តវិជ្ជមានកូវីដ-១៩។
ទាក់ទងនឹងករណីនេះផងដែរ ស្រាប់តែនៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ នេះ លោក កៅ សីហា អ្នកដឹកនាំការសម្តែងនៅហង្សមាស បានចេញមុខបកស្រាយច្បាស់ៗ ដើម្បីស្រាយចម្ងល់មហាជន។ ក្នុងនោះ លោក កៅ សីហា បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «អរគុណមិត្តភក្កិ បងប្អូន ទាំងអស់ដែលកើតការបារម្ភមកលើខ្ញុំបាទ! ខ្ញុំសូមបញ្ជាក់ថា ខ្ញុំអត់បានជួប និមល យូរហើយ ត្បិតធ្វើការនៅស្ថាប័នជាមួយគ្នា តែពួកយើងមិនសូវមានការជួបប្រាស្រ័យទាក់ទងក្រៅពីការងារចាំបាច់នោះឡើយ។ ហើយពាក់ព័ន្ឋនឹងករណី របស់ សុគន្ឋកញ្ញា និសា គឺពួកខ្ញុំបានជួបគ្នា ធ្វើការជាមួយគ្នា កាលពីអំឡុងចុងសប្ដាហ៍ទី4 នៃខែកុម្ភៈ ដូច្នេះមានន័យថា កំឡុងពេលនោះ កញ្ញា ឬនិសា មិនទាន់បានជួប ឬប៉ះពាល់ និមល ដែលទើបនឹងឆ្លងកូវីដនោះឡើយ។ ហើយមុននេះ និសា ក៏បានបកស្រាយហើយថា គាត់ពុំបានជួបនិមល យូរ ដូចខ្ញុំដែរ។
មួយវិញទៀតសោត ខ្ញុំកម្រដើរចូលកន្លែងតម្រុយសង្ស័យដែលមានករណី ចម្លងកូវីដ ឬទៅដើរផឹកស៊ី ជាលក្ខណៈក្រុម ក៏មិនដែរ! គឺចេញពីផ្ទះទៅក្រុមហ៊ុនអូរឬស្សី ឬចេញថតនៅ studio ស្ថានីយ៍ទូរទ្សសន៍នៅព្រែកឯង ( បញ្ជាក់ ៖ studio ពួកខ្ញុំថត គឺចែកដាច់ ពី studio live ផ្ទាល់ concert មួយនៅខាងមុខ មួយនៅខាងក្រោយ ) ចេញផុត ចូលផុត ដើរមួយហត់។ ហើយមុនចេញចូល ឬជួបប្រាស្រ័យទាក់ទងជួបជុំថត គឺមានការវ៉ាស់កំដៅ និងបាញ់អាកុល ហើយនឹងពាក់ម៉ាស់ផងដែរជាក់ស្ដែងមើលរូបថតខ្ញុំផុស កន្លងមកក៏មានដោយរូបខ្ញុំពាក់ម៉ាស់ដែរ ( រូបថតផុសម្សិលមិញជាមួយនិសា តែរូបនឹង ថតតាំងពីចុងខែ2មកម្ល៉េះ) ។
បើទោះយ៉ាងណា ប្រសិនបើខ្ញុំមានអាការៈមិនប្រក្រតី ឬមានចេញសញ្ញា ដែលជាករណីបឋមនៃអាការៈកូវីដ ខ្ញុំនឹងមិននៅស្ងៀមឡើយ។ ហើយខណៈនេះ ខ្ញុំបានផ្ដាច់ខ្លួន សម្ងំនៅផ្ទះ ក្នុងបន្ទប់ មិនចេញទៅណាឡើយ លុះត្រា បានដំណឹងលទ្ឋផលពី បុគ្គលដែលមានការសង្ស័យសិន។
ជាមួយគ្នានេះ ក៏សូមការអធ្យាស្រ័យពីមិត្តរាល់គ្នា បងប្អូនទាំងអស់ ដែលបាន ឆាត ខល ហើយខ្ញុំមិនបានឆ្លើយតបអស់ ឬមិនបានទទួលទូរសព្ទ មេត្តា ខន្តី និងយោគយល់ផង។
អរគុណនូវការបារម្ភរបស់បងប្អូន សូមជូនពរ និមល ក៏ដូចជាបងប្អូនសិល្បករដែលស្ថិតក្នុងការតាមដាន រកមេរោគកូវីដនេះ ឲ្យជៀសឆ្ងាយពីជំងឺចង្រៃមួយនេះ និងទទួលបានការព្យាបាលជាសៈស្បើយឆាប់ៗផងដែរ។ ពីខ្ញុំបាទ កៅ សីហា»។
ចំណែក Sokun Nisa បានសរសេរសារថា ជម្រាបសួពុកម៉ែបងប្អូន អរគុណច្រើនសម្រាប់ការបារម្មណ៍សួសុខទុក្ខមក លើរូបខ្ញុំនិងក្រុមគ្រួសារ កន្លងមកនេះខ្ញុំមិនបានជួបជាមួយនិមលទេ ហើយក៏មិនបានដើរទៅកន្លែងមុខសញ្ញាដែលមានកើតកូវីដ19 ដែរ ប៉ុន្តែជំងឺ នេះវាអាចជាប់ពាក់ព័ន្ធតតគ្នាដូចសម្លរកំពិសចឹង ខ្ញុំនឹងបន្តសង្កេតខ្លួនឯងទៀត ចាំមើលលទ្ធផល អ្នកដែលយើងជួបជាប្រយោល តតគ្នា បើយ៉ាងណាៗខ្ញុំនឹងទាក់ទងដើម្បីតេសអោយប្រាកដ ។ ពេលដែលដឹងពត៌មាន យប់មិញនេះហើយខាងផ្ទះខ្ញុំនេះក៏បាន ហាមខ្លួនឯងនិងអ្នកផ្ទះមិនអោយ ចេញទៅក្រៅឡើយ ចំណែកខាងផ្ទះម្តាយខ្ញុំ មិនមានការពាក់ព័ន្ធអ្វីទេ ព្រោះ ខ្ញុំមិនបានចេញចូលផ្ទះម៉ាក់ ខ្ញុំប្រហែលពីរអាទិត្យហើយ ។ សូមទោសបងប្អូនដែលខ្ញុំមិនបានតបសារផងណា ហើយសូមជូនពរនិមល និងក្រុមគ្រួសារឲ្យឆាប់ជា _ ចំណែកខ្ញុំក៏ជាជនសង្ស័យ តែមិនទាន់អ៊ី ល្ងាចនេះខ្ញុំនឹងចាំដំណឹងពីគេដែរ បើអ្នកដែលខ្ញុំបានជួបដោយប្រយោល មាន ខ្ញុំនឹងធ្វើតេស។ សូមជូនពរបងប្អូនឲ្យសុខសប្បាយ ។ (រឿងហេតុមាន ជាស្រេច បើ វាត្រូវកើត វានឹងកើត គ្មានអ្នកណាអាច ហាមឃាត់បានឡើយ បើគេឲ្យហើយទទួលវាទៅ ) »អរគុណច្រើនបងប្អូនដែលបារម្មណ៍ យ៉ាងណាៗ ខ្ញុំនឹងផ្ដលព័ត៌មានជូនបងប្អូនទៀត …៕ រក្សាសិទ្ធិដោយ៖ លឹម ហុង










