ភ្នំពេញ ៖ អនុក្រឹត្យដែលសម្រេចដោយរាជរដ្ឋាភិបាល បានបង្ហាញពីការកែប្រែអាករពិសេសដោយបន្ធូរបន្ថយ លើទំនិញជារថយន្តជាច្រើនបន្ទាត់ មកនៅទាបជាងមុន ដោយទំនិញខ្លះបាន បញ្ចុះអាករពិសេសពី ៣០ភាគរយនៅត្រឹម ២០ភាគរយ ពី ៦០ ភាគរយមកនៅ ៥០ភាគរយ និងខ្លះពី ៧០ភាគរយនៅត្រឹម ៥៥ភាគរយជាដើម។ ដោយសារតែរាជរដ្ឋាភិបាល បានធ្វើការកែប្រែនូវពន្ធអាករ ពិសេសលើរថយន្តមួយចំនួនដូចនេះ គេរំពឹង ថា តម្លៃរថយន្តថ្មីៗ នៅកម្ពុជា ក្នុងឆ្នាំ២០២១នេះ នឹងមានការធ្លាក់ថ្លៃ។
រយៈពេលប៉ុន្មានឆ្នាំមកនេះ កំណើនយានយន្តនៅកម្ពុជា កាន់តែមានច្រើនៗឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ដែលធ្វើឱ្យកើតមានការស្ទះចរាចរណ៍ស្ទើររាល់ថ្ងៃ ។ កត្តាទាំងនេះ មកពីជីវភាពពលរដ្ឋមានការរីកចម្រើន។
អគ្គនាយកក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលនាំចូលរថយន្តថ្មីនៅកម្ពុជា លោក ងន សាំង បានឱ្យដឹងថា ក្នុងនាមជាអ្នកនាំចូលរថយន្តថ្មីមកទីផ្សារកម្ពុជា លោកពិតជាចង់ឃើញពលរដ្ឋ កម្ពុជាមានលទ្ធភាពប្រើប្រាស់រថយន្តថ្មី ឱ្យបានកាន់តែច្រើន ដើម្បីសុវត្ថិភាពអ្នកប្រើប្រាស់ ព្រោះថា ការប្រើប្រាស់រថយន្តមួយទឹក ដែលមិនមានប្រវត្តិច្បាស់លាស់ វាពិតជាបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ ហើយនិងត្រូវចំណាយច្រើនទៅលើសេវាជួសជុលផងដែរ ។
លោកបន្ថែមថា ការបញ្ចុះពន្ធរបស់រាជរដ្ឋាភិបាល លើប្រភេទរថយន្តនាំចូលមួយចំនួន បើទោះ បីជាមិនទាំងអស់ក្ដី វាក៏អាចធ្វើឱ្យតម្លៃរថយន្តថ្មីមួយចំនួន ដែលរដ្ឋាភិបាលបញ្ចុះពន្ធនោះ មានការធ្លាក់ថ្លៃផងដែរ ។ កត្តានេះ នឹងធ្វើឱ្យកំណើនអ្នកប្រើប្រាស់រថយន្តថ្មីនៅលើទីផ្សារច្រើនជាងមុន។
ការប្រើរថយន្តមួយទឹកនៅកម្ពុជា មានជិត ៩០ភាគរយ ខណៈពេលបច្ចុប្បន្ននេះ អ្នកប្រើប្រាស់រថយន្តថ្មីមាន ជាង ២០ ភាគរយហើយ ហើយគេរំពឹងថា កំណើនអ្នកប្រើប្រាស់រថយន្តថ្មីនឹងកើនឡើងបន្ថែមទៀត នៅក្នុងឆ្នាំ ២០២១នេះ ដោយសារការបញ្ចុះពន្ធរបស់រដ្ឋាភិបាល។
គួរបញ្ជាក់ថា កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានដំឡើងពន្ធលើការនាំចូលរថយន្តសម្រាប់អ្នកនាំចូលមកប្រើប្រាស់ផ្ទាល់ ដែលមានការសាទរពីក្រុមហ៊ុននាំផ្ដាច់មុខ ហើយកាលពីដើមខែ កុម្ភៈ ២០២១ នេះ រាជរដ្ឋាភិបាល ក៏បានប្រកាសបន្ធូរបន្ថយលើការនាំចូលរថយន្តថ្មីៗ ជាច្រើនមុខបន្ទាត់ពន្ធ ហើយក៏មានការសាទរពីអ្នកនាំចូលរថយន្តថ្មី នៅកម្ពុជាផងដែរ៕ រក្សាសិទ្ធិដោយ៖CEN



