ភ្នំពេញ ៖ សម្រាប់ប្រទេសកម្ពុជា បើទោះបីជាកំពុងប្រឈមនឹងជំងឺកូវីដ១៩ ក៏ដោយ ក៏ការនាំចេញផលិតផលកសិកម្ម ទៅទីផ្សារក្រៅប្រទេស នៅតែមានភាពវិជ្ជមាន ដោយផលិតផលក្នុងវិស័យនេះ បានក្លាយជាវិស័យឧត្តមភាពមួយសម្រាប់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ដោយសារបាននាំចញទៅកាន់ទីផ្សារប្រទេសចិន។
បើទោះបីជាជំងឺកូវីដ១៩ កំពុងរាតត្បាតចូលសហគមយ៉ាងណាក្តី ប៉ុន្តែកសិផលកម្ពុជា នៅតែបន្តការនាំចេញ។ គ្រាន់តែរយៈពេល២ខែ ដើមឆ្នាំ២០២១នេះ ការនាំចេញអង្ករពីកម្ពុជា ទៅកាន់ទីផ្សារអន្តជាតិសរុប ៧៦ ២២២តោន ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងអនុវត្តផែនការ និងគោលនយោបាយធ្វើពិពិធកម្មនៅក្នុងវិស័យកសិកម្មឱ្យកាន់តែមានឧត្តមភាពសម្រាប់បង្កើនការនាំចេញ។
លោកបណ្ឌិត ឈាង វណ្ណារិទ្ធ នាយកវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានឱ្យដឹងថា កម្ពុជាមានវិស័យមួយដែលមានឧត្តមភាពខ្ពស់ អាចឈរជាសរសរទ្រូងសេដ្ឋកិច្ចជាតិ គឺវិស័យកសិកម្ម ប៉ុន្តែអ្វីដែលនៅខ្វះខាតគឺចំណេះដឹងផ្នែកបច្ចេកវិទ្យា និងចំណេះដឹងលើការធ្វើកសិកម្ម ជាពិសេសបច្ចេកទេសកែច្នៃនៅមានកម្រិតនៅ ឡើយ ដែលចាំបាច់ត្រូវតែមានការជំរុញ និងបង្កើនលទ្ធភាពផ្នែកខ្វះខាតទាំងនេះ ឱ្យមានភាពល្អប្រសើរឡើង។
លោកឈាង វណ្ណារិទ្ធ បានឱ្យដឹងថា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន គឺយើងមានទីផ្សារធំទូលាយ ប៉ុន្តែអ្វីដែលសំខាន់គឺការពង្រឹងលទ្ធភាព និងគុណភាពក្នុងការផលិតសម្រាប់នាំចេញ ដែលធ្វើយ៉ាងឱ្យមានស្ដង់ដារតាមការកំណត់របស់គេ ដូច្នេះប្រសិនបើយើងគ្មានបច្ចេកទេស គ្មានចំណេះដឹងក្នុងការផលិត ដូច្នេះទោះជាយើងមានទីផ្សារធំទូលាយយ៉ាងណា ក៏ការទទួលបានប្រយោជន៍ពីការនាំចេញនៅតែមានចំនួនតិចតួចដដែល។
គួរបញ្ជាក់ថា នៅប្រទេសកម្ពុជា មានវិស័យអាទិភាព ធំៗចំនួន៣ ដែលជួយទ្រទង់កំណើនសេដ្ឋកិច្ចជាតិ។ វិស័យទាំង៣នោះ រួមមានវិស័យកសិកម្ម ទេសចរណ៍ និងអចលនទ្រព្យ និងសំណង់ ប៉ុន្តែនៅពេលបច្ចុប្បន្នក្នុងចំណោមវិស័យទាំង៣នេះ មានវិស័យចំនួន២ កំពុងទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរជាងគេ នោះគឺវិស័យ ទេសចរណ៍ និងវិស័យអចលនទ្រព្យ ដែលត្រូវការពេលវេលាយូរបន្តិចក្នុងការស្ដារឱ្យវិលត្រឡប់មករកភាពល្អប្រសើរឡើងវិញ៕
រក្សាសិទ្ធិដោយ៖CEN



