ភ្នំពេញ ៖ យោងតាម លោក ឃាង ភារម្យ អ្នក នាំពាក្យ រដ្ឋបាល ខេត្ត ព្រះសីហនុ បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថាកាលពីវេលាម៉ោង១១ និង៥១នាទីយប់ថ្ងៃទី៨ ខែមីនា មានករណីស្ត្រីជនជាតិចិនម្នាក់ បានគេចចេញពីខេត្តព្រះសីហនុក្នុងបំណងមកកាន់រាជធានីភ្នំពេញ ប៉ុន្តែត្រូវសម្ថកិច្ចបញ្ជូនខ្លួនទៅធ្វើចត្តាឡីស័កវិញ ។
បើតាមអ្នកនាំពាក្យរូបនេះបានបញ្ជាក់ថាស្ត្រីជនជាតិចិនរូបនេះ បានជិះរថយន្តតាក់ស៊ី ហើយត្រូវបានសាងបន្តឱ្យជិះ រថយន្តដឹកទំនិញម៉ាក Hyundai ពាក់ស្លាកលេខភ្នំពេញ 3C-3259 ប៉ុន្តែត្រូវបានសមត្ថកិច្ចប្រចាំការត្រួតពិនិត្យគោល ដៅព្រំប្រទល់ស្រុកកំពង់សិលា និងស្រុកភ្នំស្រួច ធ្វើការឃាត់សួរនាំ និងបានបញ្ជូនឱ្យត្រឡប់មកគោលដៅដើមវិញ ដើម្បីធ្វើចត្តាឡីស័ក។ដោយឡែក អ្នកបើកបររថយន្តដឹកទំនិញ និងអ្នកពាក់ព័ន្ធ ក៏ត្រូវបានឃាត់ខ្លួន ដើម្បីរង់ចាំអនុវត្តតាមវិធានការច្បាប់។
លោក បានលើកឡើងទៀតថា ជាវិធាន ការ គឺត្រូវអនុវត្តតាមអនុក្រឹត្យរបស់រាជ រដ្ឋាភិបាលស្តីពីវិធានការចត្តាឡីស័កដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ- ១៩ ដោយក្នុងនោះ ចំពោះស្ត្រីជនជាតិ ចិនម្នាកនេះ នឹងត្រូវបណ្តេញចេញពីប្រទេសកម្ពុជា លែងឱ្យត្រឡប់មកវិញជារៀងរហូត បន្ទាប់ពីបញ្ចប់ការធ្វើចត្តាឡីស័ករួចរាល់។
ចំពោះអ្នកបើកបររថយន្តដឹកទំនិញ និងអ្នកបើកបររថយន្តតាក់ស៊ី នឹងត្រូវពិន័យអន្តរការណ៍ជាប្រាក់ពី ១០លានរៀល ទៅ ៥០លានរៀល ក្នុងគំនិតអ្នកផ្តើម ដឹកនាំ ណែនាំ ញុះញង់ បញ្ចុះបញ្ចូល ឬជួយសម្រួលដោយចេតនា ដល់បុគ្គលដែលត្រូវធ្វើចត្តាឡីស័កឱ្យគេចចេញ ពីការត្រួតពិនិត្យរបស់មន្ត្រីចំត្តាឡីស័ក ឬគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីកន្លែងធ្វើចត្តាឡីស័ក។
សូមជម្រាបថាច្បាប់ស្តីពីវិធានការទប់ ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះ ថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលត្រូវបានរដ្ឋសភាអនុម័ត កាលពីថ្ងៃទី៥ ខែមីនាឆ្នាំ២០២១ បានកំណត់ថា បើបុគ្គលណាអ្នកគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងចត្តាឡីស័ក ត្រូវផ្តន្ទាទោសត្រូវដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀលទៅ១០លានរៀលកាលបើអំពើខាងលើនេះបណ្តាលឱ្យមាន ការចម្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ។
ច្បាប់បានលើកឡើងថាដោយឡែក ចំពោះ បុគ្គលណាអ្នកគេចវេះពីការព្យាបាល ឬគេចចេញពីទីកន្លែងព្យាបាលត្រូវផ្តន្ទាទោសត្រូវដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៥លានរៀល ទៅ២០លានរៀលនិងត្រូវដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំកាលបើអំពើខាងលើនេះ បានបណ្តាលឱ្យមាន ការចម្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ៕ រក្សាសិទ្ធិដោយ៖CEN


