Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​រាជធានី​ប្រជុំ​បន្ទាន់​ជាមួយ​តំណាង​ក្រសួងសុខាភិបាល និង​ក្រសួងមហាផ្ទៃ ដើម្បី​មាន​វិធានការ​តឹងរ៉ឹង​ជាថ្មីទៀត ជុំវិញ​ការបង្ការ​និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩

​ភ្នំពេញ ៖ ជនបរទេស​ដែល​រស់នៅក្នុង​រាជធានី​ភ្នំពេញ​និង​ម្ចាស់​ទីតាំង​អាជីវ​កម្មដ្ឋាន​នានា និង​ប្រឈមមុខ​នឹងមាន​ទោសទណ្ឌ នៅពេល​ដែរ​ពួកគេ មិន​អនុវត្ត​ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដោយ​មិន​សហការ​ជាមួយ​អាជ្ញាធរ​និង​ក្រសួង​ពាក់ព័ន្ធ​ពាក់ព័ន្ធ ជុំវិញ​វិធាន​ការការពារ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ក្រោយពី​ច្បាប់​នេះ​ត្រូវបាន​ព្រឹទ្ធសភា​អនុម័ត​រួចរាល់​។​

​នេះ​បើតាម​ការបញ្ជាក់​ពី​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុង​កិច្ចប្រជុំ​បន្ទាន់​មួយ ជាមួយ​តំណាង​ក្រសួងសុខាភិបាល​និង​ក្រសួងមហាផ្ទៃ​នា​ព្រឹក​ថ្ងៃទី​០៩​ខែមីនា​ឆ្នាំ​២០២១​នេះ នៅ​រាជធានី​ភ្នំពេញ ដើម្បី​មាន​វិធានការ​តឹងរ៉ឹង​ជាថ្មីទៀត​ជុំវិញ​ការបង្ការ​និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​។​

លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា​៖ កន្លងមកនេះ​យើង​មិនមាន​បទពិសោធន៍​ទេ​ទៅលើ​វិធាន​នៃ ការបង្ការ​ទប់ស្កាត់​នូវ​ជំងឺ​-១៩ ដោយសារ​ជំងឺ​នេះ​ជា​ជំងឺ​ថ្មី ហើយ​យើង​ក៏​ជា​អ្នកអនុវត្ត​ការងារ​នេះ​ថ្មី​ដែរ ។ ប៉ុន្តែ​ទោះបី​យ៉ាងណាក្តី ដោយសារតែ​យើង​សហការ​រួមគ្នា​ជាមួយនឹង​កម្លាំង​ពាក់ព័ន្ធ​ទាំងអស់​បានល្អ យើង​ទទួលបាន​ជោគជ័យ​មួយចំនួនធំ​។ តែ​ការងារ​នេះ​យើង​ត្រូវតែ​បន្ត​ការសហការ​គ្នា​ថែមទៀត ដើម្បី​ជំរុញ​ឲ្យ​ការបង្ការ​ទប់ស្កាត់​ជំងឺ covid -19 ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នេះ​ទទួលបាន​ជោគជ័យ ។​លោក​អភិបាល​បន្តថា​៖ ចំពោះ​ការងារ​ចំពោះមុខ គឺ​ការពង្រឹង​វិធានការ​ទប់ស្កាត់​ឲ្យ​បាន​រឹងមាំ​បំផុត នោះ​គឺ​ជនបរទេស ម្ចាស់​ទីតាំង​អាជីវកម្ម​នានា បើ​មិន​សហការ និង​មិន​អនុវត្ត​ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ទេ អ្នក​ទាំងនោះ ប្រឈម​នឹងមាន​ទោសទណ្ឌ នៅពេល​ដែរ​ច្បាប់​ថ្មី​នេះ​ត្រូវបាន​ព្រឹទ្ធសភា​ធ្វើការ​អនុម័ត​រួចរាល់​។​

ក្នុង​កិច្ចប្រជុំ​នោះដែរ​លោក​កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ ក៏បាន​លើកឡើង​ផងដែរ​ថា​៖ ចំពោះ​ម្ចាស់​អាជីវ​កម្មដ្ឋាន​នានា ដែល​មិន​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​នឹង​ប្រឈម​នឹង​ការបិទ​អាជីវកម្ម​រហូត​តែម្តង ។ ចំពោះ​ការអន្តរាគមន៍​នានា​ពាក់ព័ន្ធ​នឹង​ការទប់ស្កាត់​នូវ​ជំងឺ​កូ​វីដ​-១៩ គឺ​មិន​អនុញ្ញាត​ឲ្យ​មាន​ជាដាច់ខាត​។

លោក​អភិបាលរង​ក៏បាន​បញ្ជាក់​ផងដែរ​ថា​៖ តាម​អនុសាសន៍​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន គឺ​សម្ដេច​បាន​ជំរុញ​ឲ្យ​ព្រឹទ្ធសភា​អនុម័ត​ច្បាប់ ពាក់ព័ន្ធ​នឹង​កូ​វីដ​-១៩​នេះ​ឲ្យ​បាន​លឿន ដើម្បី​យើង​យក​ច្បាប់​នេះ​មក​អនុវត្ត​អោយមាន​ប្រសិទ្ធភាព​និង​មិនមាន​ចន្លោះប្រហោង​។ នៅពេល​យើង​មិនទាន់មាន​ច្បាប់​នេះ​យើង​ពិតជា​ពិបាក​នឹង​អនុវត្ត​ការងារ តែ​បើសិនជា​ច្បាប់​នេះ​ត្រូវ​បានអនុម័ត​ពី​ព្រឹទ្ធសភា​ហើយ​នោះ ក្រុមការងារ​ដែល​អនុ​វត្ត​លើ​ការបង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​នេះ នឹងមាន​ភាពងាយស្រួល ដោយ​យើង​អនុវត្ត​ទៅតាម​ច្បាប់​ដែល​បានអនុម័ត​រួច​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×