នៅព្រឹកថ្ងៃសុក្រ ទី២ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជួបសំណេះសំណាលជាមួយ ក្រុមគ្រូពេទ្យ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហៅកាត់ថា(TYDA ) ដែលពិធីនេះ ធ្វើឡើងនៅសាលមហោស្រពកោះពេជ្រ។
សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ ដឹកនាំដោយ លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី។ សមាគមនេះ បានចុះធ្វើសកម្មភាពមនុស្សធម៌ នៅតាមសហគមន៍នានាទូទាំង២៥រាជធានី ខេត្ត ដើម្បីផ្តល់សេវាពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្រីក្រដោយឥតគិតថ្លៃ និងមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ក្នុងគោលបំណងរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋក្រីក្រ ដល់ទីកន្លែងសំដៅជំរុញឲ្យសេវាសុខភាព សាធារណៈកាន់តែចូលទៅកៀកប្រជាពលរដ្ឋនៅមូលដ្ឋាន។
សមាគមដែលមានអាយុទើប ៥ឆ្នាំនេះ បានរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសុខាភិបាល តាមរយៈការផ្តល់ឱកាសឲ្យនិស្សិត និងយុវជនស្ម័គ្រចិត្តដទៃទៀត ចូលរួមបម្រើការងារ ដើម្បីដកបទពិសោធន៍ការងារមនុស្សធម៌ នៅតាមបណ្តាគោលដៅបេសកកម្មផ្សេងៗផងដែរ។
បេសកកម្មមនុស្សធម៌ ក្នុងការជួយលើកកម្ពស់សុខុមាលភាព របស់ប្រជាពលរដ្ឋខ្មែរនេះ បាននិងកំពុងធ្វើសកម្មភាពយ៉ាងសកម្ម នៅទូទាំងប្រទេស ដោយបែងចែកជា ០៤គោលដៅសំខាន់ៗរួមមាន៖ ១៖ បេសកកម្មចល័តតាមរាជធានី-ខេត្តទាំង២៥។ ២៖ បេសកកម្មនៅតាមបណ្តាអង្គការ ឬ មណ្ឌលកុមារកំព្រា ដោយចុះពិនិត្យ និងព្យាបាលនៅអង្គការមួយចំនួនដូចជា CCF មជ្ឈមណ្ឌលកុមារកំព្រាគៀនឃ្លាំង ភូមិកុមារកំព្រាអរុណរះ គ្រួសារថ្មី និងអង្គការម្លប់តាប៉ាងជាដើម។ ៣៖ បេសកកម្មនៅតាមតំបន់រោងចក្រនានា ដោយធ្វើការពិនិត្យព្យាបាលជូនកម្មករ កម្មការិនី។ សកម្មភាពនេះឆ្លើយតបទៅនឹងគោលដៅជាអាទិភាពរបស់រាជរដ្ឋាភិបាល ដែលមានគោលបំណងពង្រីកវិសាលភាពរបបថែទាំសុខភាពសម្រាប់កម្មករនិយោជិតផងដែរ។ ៤៖ បេសកកម្មតាមសហគមន៍ ដោយធ្វើការចល័តតាមសាលារៀន សហគមន៍ក្រីក្រ និងតាមខ្នងផ្ទះផងដែរ។
ដើម្បីពង្រឹងបេសកកម្មមនុស្សធម៌នេះ សមាគម ក៏បានបញ្ជូនសមាជិកទៅបណ្តុះបណ្តាលបន្តនៅបណ្តាប្រទេសមួយចំនួនដូចជា កូរ៉េ ៥រូប ថៃ ៣រូប បារាំង ១រូប និងតៃវ៉ាន់ ២រូប។ ក្រៅពីបានខិតខំដោយកម្លាំងខ្លួនឯង សមាគមមានដៃគូសហប្រតិបត្តិការ ជាមួយស្ថាប័នជាតិមួយចំនួនទៀត ដូចជាសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល មន្ទីរពេទ្យព្រះកុសុមៈ មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យជោរៃភ្នំពេញ៕ ដោយ៖បញ្ញាស័ក្តិ