Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន ៖ កូនៗ​របស់​សម្តេច​ផ្ទាល់​តែងតែ ធ្វើ​សកម្មភាព​មនុស្សធម៌​ជា​បន្ត​បន្ទាប់តាមរយៈ​មូលនិធិ​

​ភ្នំពេញ​៖ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា បច្ចុប្បន្ន​ក្រុមគ្រួសារ​សម្តេច​តេជោ ជា​ពិសេស​កូនៗ​របស់​សម្តេច​ផ្ទាល់​តែងតែ ធ្វើ​សកម្មភាព​មនុស្សធម៌​ជា​បន្តបន្ទាប់​ដែល​ក្នុងនោះ​មានដូចជា មូលនិធិ​បាយ័ន ដែលមាន​សកម្មភាព ជួយ​ដល់​ជីវភាព​កងទ័ព​តាម​ព្រំដែន ការសាងសង់​ផ្ទះ​ជូន​ដល់​ជន​ចាស់ជរា និង​សកម្មភាព​មនុស្សធម៌​មួយចំនួនទៀត​។ ក្រោយមកទៀត​ក៏​មាន​ការបង្កើត​ជា​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​នេះ​ឡើង​ដែល​បានធ្វើ​សកម្មភាព​ជា​បន្តបន្ទាប់​ក្នុង​ការជួយ​ដល់​វិស័យ​សុខាភិបាល​ដើម្បី​ថែទាំ​សុខុមាភាព​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​។​

​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២ ខែ​មីនា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ ក្រុម​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេជោ ហៅ​កាត់​ថា (TYDA ) ដែល​ពិធី​នេះ បាន​ធ្វើឡើង​នៅ​សាល​មហោស្រព​កោះ​ពេជ្រ​។​

​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេជោ ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១២ ដឹកនាំ​ដោយ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​។ សមាគម​នេះ បាន​ចុះ​ធ្វើ​សកម្មភាព មនុស្សធម៌ នៅតាម​សហគមន៍​នានា​ទូទាំង​២៥​រាជធានី​ខេត្ត ដើម្បី​ផ្តល់​សេវា​ពិនិត្យ​ព្យាបាល​ជំងឺ ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ដោយ​ឥតគិតថ្លៃ និង​មិន​ប្រកាន់​ពូជសាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ ក្នុង​គោលបំណង​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​តាមរយៈ ការផ្តល់​សេវា​សុខភាព​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ដល់​ទីកន្លែង​សំដៅ​ជំរុញ​ឲ្យ​សេវា​សុខភាព​សាធារណៈ​កាន់តែ​ចូល​ទៅ​កៀក​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏​បាន​រំលឹក​ពី​ការ​វិវឌ្ឍន៍​នៃ​វិស័យ​សុខាភិបាល ដែល​កន្លងមក​បាន​ឆ្លងកាត់​នូវ​ការលំបាក​ជាច្រើន ទម្រាំ​មាន​ការរីកចម្រើន​ដូច​សព្វថ្ងៃនេះ​។ ពេល​ដែល​ប្រទេស​យើង​ជួប​នូវ​សង្គ្រាម​ក្នុង​អតីតកាល គឺ​យើង​មិន​មាន​បច្ចេកវិទ្យា​សុខាភិបាល ឬ​ថ្នាំសង្កូវ​អ្វី​ល្អៗ​សម្រាប់​ព្យាបាល​ជំងឺ​នោះ​ទេ ក៏​ប៉ុន្តែ​ក្រោយ ពី​ប្រទេសជាតិ​យើង​ទទួលបាន​នូវ​សុខ​សន្តិភាព​ពេញលេញ​មក កម្ពុជា​បាន​រៀបចំ​ប្រព័ន្ធ​សុខាភិបាល​ឲ្យមាន​លក្ខណៈ​កាន់តែ​ល្អប្រសើរ​ជា​បន្តបន្ទាប់​។​

​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ថ្លែងអំណរគុណ​ដល់​បណ្តា​សប្បុរសជន​ទាំងឡាយ ដែល​កន្លងមក​បាន​ចូលរួម​ចំណាយ​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន និង​បណ្តា​មន្ទីរពេទ្យ​នានា​ដែល​បាន​ចូលរួម​ផ្តល់​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ដើម្បី​ចុះ​ជួយ​ព្យ​បាល​ជំងឺ​ជូន​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​។ ចាប់តាំងពី​ការបង្កើត​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​នេះ​មក គឺ​បាន​ទទួល​ព្យាបាល​ជំងឺ​ជូន ប្រជាពលរដ្ឋ​ក្រីក្រ​ប្រមាណ​ជាង ២៤ ម៉ឺន​នាក់​ផងដែរ ជាពិសេស​ផ្តោតលើ​ជំងឺមហារីក​។ កន្លងមកនេះ ក៏​មាន​ការបញ្ជូន​អ្នកជំងឺ​ទៅ​ព្យាបាល​នៅ​ប្រទេស​កូរ៉េ​ទៀតផង​។ តាមរយៈ​សកម្មភាព​ទាំងនេះ ក៏បាន​ផ្តល់​ឱកាស​ដល់​និស្សិត​ពេទ្យ​ក្នុង​ការចុះ​ធ្វើ​កម្មសិក្សា និង​ដកស្រង់​បទពិសោធន៍​ផ្សេងៗ ក្នុងពេល​ដែល​ចុះ​ទៅ​ព្យាបាល​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​។ សម្តេច​តេជោ មាន​មោទនភាព និង​គាំទ្រ​សកម្មភាព​នេះ​ជា​បន្ត​ទៀត​។​

​ដើម្បី​អោយ​ការងារ TYDA កាន់តែ​មាន​ប្រសិទ្ឋភាព សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​ផ្តល់​នូវ​អនុសាសន៍​មួយ​ចំនួន​: ១)​.បន្ត​ការខិតខំ​លើ​ការងារ​នេះ​បន្ត​ទៀត ជាពិសេស​បង្កើន​ឧបករណ៍​បរិក្ខារ​ពេទ្យ​សម្រាប់​បម្រើ​សកម្ម ភាព​ទាំងនេះ ហើយ​ត្រូវ​ធ្វើ​យ៉ាងណា​ឲ្យ​សកម្មភាព​នេះ​បាន​ទៅ​ដល់​កម្មករ​តាម​រោងចក្រ​ផងដែរ​។ ២)​ត្រូវ​ពង្រឹង​សមត្ថភាព​ពេទ្យ និង​វិជ្ជាជីវៈ​ពេទ្យ​ឲ្យបាន​ត្រឹមត្រូវ និង​ល្អប្រសើរ​ក្នុង​ការបម្រើ​សេវា​សុខុមាលភាព​ជូន​ប្រជាពលរដ្ឋ​។ ត្រូវ​ចូលរួម​ពង្រឹក​សីលធម៌​គ្រូពេទ្យ​គ្រប់​ទីកន្លែង​ដើម្បី​ធ្វើឲ្យ​វិស័យ​នេះ កាន់តែ​មាន​ប្រសិទ្ធភាព​។ ៣)​សូម​កុំ​ទុក​អ្នកជំងឺ​ដែល​មក​ព្យាបាល​នៅ​កន្លែង​យើង​ហើយ​ដោយ​មិន​បាន​ព្យាបាល​។ ត្រូវតែ​បញ្ជូន​អ្នកជំងឺ​ទៅ​ពេទ្យ​ណា​ដែល​អាច​ជួយ​ស្រោចស្រង់​គាត់​បាន និង​យកចិត្តទុកដាក់​ឲ្យបាន​ដិតដល់​។ ៤)​ត្រូវ​ព្យាបាល​អ្នកជំងឺ​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​នោះទេ មិន​ថា​អ្នកជំងឺ​នោះ​មក​ពី​បក្ស ណា​នោះ​ទេ គឺ​ត្រូវតែ​ខិតខំ​យកចិត្តទុកដាក់​ព្យាបាល​ឲ្យបាន​ជា​សះស្បើយ​។ ៥)​បន្ត​សហការ​ជាមួយ​ដៃគូរ​ប្រទេស​នានា​ដែល​គេ​ចង់​ជួយ ពីព្រោះ​ជួនកាល​ប្រទេស​ជា​ដៃគូរ​មាន បច្ចេកទេស​ល្អៗ​ដើម្បី​ជួយ​លើ​វិស័យ​នេះ​អោយ​កាន់តែ​ល្អប្រសើរ ដូច​ច្នេះ​ត្រូវ​មាន​ការសហការ​គ្នា​ជាមួយ​ដៃគូរ​បរទេស​ជា​បន្ត​ទៀត​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

×