ភ្នំពេញ ៖ បច្ចុប្បន្ននេះវិស័យសូត្រនៅកម្ពុជាកំពុងជួបប្រទះមួយចំនួន។ ដោយសារមានតម្រូវការខ្ពស់ យើងត្រូវការនាំចូលនូវសរសៃសូត្រជាច្រើន ពីប្រទេសជិតខាង។ កង្វះខាតដង្កូវនាងល្អ បច្ចេកវិទ្យា និងមជ្ឈមណ្ឌលស្រាវជ្រាវប្រកបដោយវិជ្ជាជីវៈ គឺជាបញ្ហាចម្បងធំៗដែលយើងកំពុងជួបប្រទះ។
បើតាមលោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ ដូច្នេះកិច្ចព្រមព្រៀងហិរញ្ញប្បទាន លើការបង្កើត “គម្រោងសាងសង់មជ្ឈមណ្ឌលសូត្រ ក្នុងសកលវិទ្យាល័យភូមិន្ទភ្នំពេញ” ត្រូវបានចុះហត្ថលេខា ក្រោមជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន កាលពីរសៀលថ្ងៃទី២ខែមីនាឆ្នាំ២០១៨ នៅស្ថានទូតជប៉ុន។ លោកបញ្ជាក់ថា ប្រជាជនកម្ពុជាត្រូវបានគេទទួលស្គាល់ថា ជាអ្នកផលិតសូត្រនៅក្នុងតំបន់អាស៊ីអាគ្នេយ៍តាំងពីយូរយារណាស់មកហើយ។
លោកបណ្ឌិត បានលើកឡើងថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានចក្ខុវស័យ ប្រែក្លាយខ្លួនទៅជាសាកលវិទ្យាល័យឈានមុខនៅកម្ពុជាលើការបង្រៀន ស្រាវជ្រាវ និងសេវាសហគមន៍។ គណៈគ្រប់គ្រងសាកលវិទ្យាល័យ យល់ឃើញពីតួនាទីដ៏សំខាន់របស់ខ្លួនក្នុងការលើកស្ទួយកោសេយ្យវប្បកម្មតាមរយៈការបង្កើតមជ្ឈមណ្ឌលសូត្រ។ សាស្ត្រាចារ្យនិងនិស្សិតមកពីដេប៉ាតេម៉ង់ ចំនួនបួនរួមមាន ៖ ដេប៉ាតេម៉ង់ជីវវិទ្យា វិស្វកម្មជីវសាស្ត្រ អភិវឌ្ឍសហគមន៍ និងគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ បានប្តេជ្ញាចិត្តធ្វើការរួមគ្នាដោះស្រាយបញ្ហាដើម្បីលើកស្ទួយវិស័យសូត្រនៅក្នុងប្រទេសយើង។
លោកសាកលវិទ្យាធិការ មានប្រសាសន៍បន្ថែមថា រាជរដ្ឋាភិបាលជប៉ុនគឺជាដៃគូរអភិវឌ្ឍន៍ដ៏សំខាន់របស់កម្ពុជា។ គម្រោងអភិវឌ្ឍន៍ជាច្រើនត្រូវបានរាជរដ្ឋាភិបាល និងប្រជាជននៃប្រទេសជប៉ុន ផ្តល់ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច សង្គម និងអប់រំនៅកម្ពុជា ឲ្យមានការរីកចម្រើន ឆ្លើយតបទៅនឹងរបៀបវារៈរបស់រាជរដ្ឋាភិបាល និងតម្រូវការរបស់កម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយសមត្ថភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា។ ជំនួនហិរញ្ញប្បទានមួយទៀតត្រូវបានប្រគល់ជូនដោយរាជរដ្ឋាភិបាលនិងប្រជាជននៃប្រទេសជប៉ុនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាគឺគម្រោងសាងសង់មជ្ឈមណ្ឌលសូត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ គម្រោងនេះមានរយៈពេលមួយឆ្នាំដែលត្រូវបានចាប់ផ្តើមពីខែមីនា ឆ្នាំ២០១៨ និងគ្រោងចំណាយថវិកាប្រមាណ៩០.៨៣៤ដុល្លារអាមេរិក។
លោកបណ្ឌិត សង្ឃឹមថា នេះគ្រាន់តែជាការចាប់ផ្តើមធ្វើការរួមគ្នារវាងជប៉ុននិងសាកលវិទ្យាល័យភូមិន្ទភ្នំពេញលើការស្រាវជ្រាវសូត្រ។ ក្នុងពេលអនាគត យើងនឹងពិនិត្យរួមគ្នារកលទ្ធភាពធ្វើការជាមួយគ្នាជាបន្ត លើកិច្ចការស្រាវជ្រាវសូត្រនេះ។ សូមបញ្ជាក់ថា សូត្រមិនត្រឹមតែជាសេដ្ឋកិច្ច តែជាវប្បធម៌របស់ប្រជាជនខ្មែរផងដែរ។ មជ្ឈមណ្ឌលសូត្រនេះនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការសិក្សាស្រាវជ្រាវក្នុងគោលបំណងផលិតឲ្យបានដង្កូវនាងដែលមានគុណភាព និងសុខភាពល្អ ដើម្បីចែកចាយជូនប្រជាកសិករយើង។
លោក ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា(HORINOUCHI Hidehisa) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានឱ្យដឹងថា
គម្រោងសាងសង់មជ្ឈមណ្ឌលសូត្រ ដែលនឹងផលិតនូវពងដង្កូវនាងដែលគ្មានជំងឺ។ លោកឯកអគ្គរាជទូត សង្ឃឹមថា មជ្ឈមណ្ឌលសូត្រនេះ នឹងផ្តល់នូវសូត្រដែលមានគុណភាពខ្ពស់ បង្កើនប្រាក់ បង្កើនប្រាក់ចំណូលដល់កសិករ និងធ្វើឲ្យវិស័យឧស្សាហកម្មសិប្បកម្មសូត្រ បែបប្រពៃណីមានការរីកចម្រើន និងរស់ឡើងវិញនៅក្នុងប្រទេសកម្ពុជា៕ ដោយ៖កូឡាប