ភ្នំពេញ ៖ ប្រធានមន្ទីរកសិកម្មខេត្តកណ្តាល បានទទួលស្គាល់ថា ស្រុកចំនួន៨ក្នុងខេត្តកណ្តាល អាចផលិតបន្លែបានតែជាង១៤០តោនក្នុងមួយថ្ងៃ ដើម្បីបំពេញតម្រូវការលើទីផ្សារ ហើយបន្លែទាំងនោះទៀតសោតភាគច្រើនប្រើប្រាស់សារធាតុគីមី និងថ្នាំសម្លាប់សត្វល្អិត ធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។
លោក ប៊ុនទួន ស៊ីម៉ូណា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាល បានថ្លែងបែបនេះក្នុងពិធីចុះហត្ថលេខាទទួលជំនួយលើគម្រោងសាងសង់មជ្ឈមណ្ឌលប្រមូលផ្តុំត្រួតពិនិត្យ និងចែកចាយបន្លែ ខេត្តកណ្តាល នូវថវិកាចំនួន ១១៤.៨២១ដុល្លារ កាលពីរសៀលថ្ងៃទី២ខែមីនាឆ្នាំ២០១៨នៅស្ថានទូតជប៉ុន។ លោក ប៊ុនទួន ស៊ីម៉ូណា បានថ្លែងថា “សក្តានុពលផលិតកម្មបន្លែក្នុងស្រុកចំនួន៨ក្នុងខេត្តកណ្តាលអាចផលិតបន្លែបានរហូតដល់២០៦តោនក្នុងមួយថ្ងៃ។ ប៉ុន្តែនៅពេលបច្ចុប្បន្នយើងអាចផលិតបានប្រមាណ១៤៥តោនក្នុងមួយថ្ងៃប៉ុណ្ណោះ។ អ្នកផលិតបន្លែនៅក្នុងខេត្តកណ្តាលភាគច្រើនប្រើប្រាស់សារធាតុគីមី និងថ្នាំសម្លាប់សត្វល្អិត ហើយបន្លែខ្លះមានផ្ទុកសារធាតុគីមីលើសកម្រិតកំណត់ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព មនុស្ស សត្វ និងបរិស្ថានធម្មជាតិ។ ដោយជាលទ្ធផល វាបានធ្វើឲ្យផលិតផលបន្លែមានតម្លៃទាប រីឯការចំណាយថ្លៃដើមលើផលិតកម្មមានកម្រិតខ្ពស់ ដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់កសិករ”។
លោកបន្តថា គម្រោងសាងសង់មជ្ឈមណ្ឌលប្រមូលផ្តុំត្រួតពិនិត្យ និងចែកចាយបន្លែ ខេត្តកណ្តាល ទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាលជប៉ុន ដោយវាពិតជាជំរុញដល់ផលិតកម្មបន្លែសុវត្ថិភាព។ មជ្ឈមណ្ឌលនេះនឹងចែកចាយបន្លែទៅតាមទីផ្សារទំនើបនានាក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តទូទាំងប្រទេស ដោយធានានូវគុណភាពនិងសុវត្ថិភាពដល់អ្នកប្រើប្រាស់។ ជាលទ្ធផលចុងក្រោយប្រាក់ចំណូលរបស់ប្រជាកសិករនឹងកើនឡើង ធ្វើឲ្យជីវភាពធូរធារ និងជួយលើកកម្ពស់សុខភាពអ្នកប្រើប្រាស់ និងធ្វើឲ្យបរិស្ថានមានភាពប្រសើរឡើង។
ដោយមានទីតាំងអំណោយផលដល់ផលិតកម្មបន្លែ មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តកណ្តាលមានទស្សនវិស័យធ្វើឲ្យតំបន់នេះក្លាយជា “មាសបៃតង” ដោយធ្វើឲ្យផលិតផលបន្លែមានគុណភាព មានសុវត្ថិភាព និងក្លាយជាបន្លែសរីរាង្គ ដោយកាត់បន្ថយថ្លៃដើមផលិត ទទួលបានតម្លៃខ្ពស់ និងធានាដល់សុខភាពអ្នកបរិភោគ។
សូមបញ្ជាក់ថា កន្លងមកក្រោយជំនួយពីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម( IFAD) តាមរយៈគម្រោងអភិវឌ្ឍកសិកម្ម និងជំរុញកំណើនសេដ្ឋកិច្ច (PADEE)បានបង្កើតបណ្តុំអាជីវកម្មបន្លែមួយកន្លែងដែលមានកសិករជាសមាជិកក្នុងបណ្តុំចំនួន៤៦នាក់ ស្ថិតនៅក្នុងឃុំចំនួនបី ក្នុងស្រុកស្អាង។
ដើម្បីឲ្យលទ្ធផលនៃកិច្ចសហប្រតិបត្តិការទទួលបានការទទួលស្គាល់ និងមានទំនុកចិត្ត ចាំបាច់ឲ្យផលិតផលទាំងនេះមានការគ្រប់គ្រង ត្រួតពិនិត្យ និងមានការបញ្ជាក់គុណភាពច្បាស់លាស់ ដូច្នេះមជ្ឈមណ្ឌលនេះដែលនឹងចាប់ផ្តើមសាងសង់នាពេលឆាប់ៗខាងមុខនេះ ពិតជាផ្តល់នូវអត្ថប្រយោជន៍ដ៏ធំធេងដល់ជីវភាពកសិករ និងអ្នកប្រើប្រាស់។ “ខ្ញុំសូមធ្វើការធានាថា នឹងធ្វើការថែទាំនិងគ្រប់គ្រងដោយប្រសិទ្ធភាពខ្ពស់និងមាននិរន្តរភាព” នេះលោកប្រធានមន្ទីរកសិកម្មខេត្តកណ្តាលបញ្ជាក់យ៉ាងដូច្នេះ។
ក្នុងឱកាសនោះដែរ លោក ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា(HORINOUCHI Hidehisa) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានមានប្រសាសន៍ថា ទីនេះនឹងក្លាយជាមជ្ឈមណ្ឌលដំបូងគេនៅកម្ពុជាដែលមានមន្ទីរពិសោធន៍ដើម្បីពិនិត្យមើលការជាប់សេសសល់នៃថ្នាំសម្លាប់សត្វល្អិតដែលមាននៅលើបន្លែ។ លោកទូត សង្ឃឹមថាមជ្ឈមណ្ឌលនេះនឹងជួយឲ្យប្រជាជនកម្ពុជាក្នុងតំបន់ទទួលបានបន្លែប្រកបដោយសុវត្ថិភាពនិងទំនុកចិត្ត ហើយនឹងរួមចំណែកក្នុងការបង្កើតនូវស្លាកយីហោបន្លែរបស់ខេត្តកណ្តាល៕ ដោយ៖កូឡាប