ភ្នំពេញ ៖ រដ្ឋមន្ដ្រីក្រសួងព័ត៌មានបានលើកឡើងថា កន្លងមក សារព័ត៌មានខ្លះ ត្រូវបិទ និងសារព័ត៌មានខ្លះ បានបិទការិយាល័យរបស់ខ្លួនដោយខ្លួនឯងនៅរាជធានីភ្នំពេញ មិនមែនជាការបំបិទសិទ្ធិសេរី ភាពសារព័ត៌មាន នោះទេគឺមកពីសារព័ត៌មានទាំងនោះ មិនគោរពច្បាប់កម្ពុជា មិនគោរពតាមកិច្ចសន្យា ប្រព្រឹត្ដល្មើសច្បាប់ដោយខ្លួនឯង។
ក្នុងសន្និបាតបូកសរុបសមិទ្ធផលវិស័យព័ត៌មាន និងសោតទស្សន៍ឆ្នាំ២០១៧ និងទិសដៅការ ងារសម្រាប់អនុវត្ដន៍ឆ្នាំ២០១៨របស់ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ថា បច្ចុប្បន្ននេះ ការ បើកទូលាយសេរីភាពសារព័ត៌មាន បានធ្វើឱ្យវិស័យនេះ មានការរីកចម្រើនយ៉ាង ឆាប់រហ័ស ហើយប្រសិនបើការប្រើប្រាស់សេរីភាពសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងក្នុង ក្របខ័ណ្ឌច្បាប់ស្ដីពីរបបសារព័ត៌មាន នោះសារព័ត៌មាន ពិតជាបានចូលរួមចំណែកក្នុងការ លើកស្ទួយលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ការកសាងសន្ដិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍប្រទេសជាតិ។ ប៉ុន្ដែប្រសិនបើការប្រើប្រាស់សេរីភាពសារព័ត៌មាន ហួសព្រំដែនដោយបំពានច្បាប់នោះ សារព័ត៌មានពិត ជាបានបំផ្លាញ លទ្ធិប្រជាធិបតេយ្យ ។
ក្រសួងព័ត៌មាននៅតែវាយតម្លៃខ្ពស់ចំពោះបណ្ដាញផ្សព្វផ្សាយ ឯកជន ដែលបានរួមចំណែកយ៉ាងធំធេង ក្នុងការជូនព័ត៌មាន ផ្ដល់ការអប់រំចំណេះដឹង និងការ កម្សាន្ដសប្បាយ ដែលឆ្លុះបញ្ចាំងឱ្យឃើញថា ប្រទេសកម្ពុជា បាននិងកំពុងស្ថិតនៅក្នុងសុខ សន្ដិភាពដ៏ពេញលេញ៕ ដោយ៖បញ្ញាស័ក្តិ