ភ្នំពេញ ៖ កាលពីយប់មិញនេះ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ជឿជាក់ថា បងប្អូនប្រិយមិត្តជាអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន ពិតជាមានការតក់ស្លុតជាខ្លាំង និងស្ទើរតែមិនគួរឲ្យជឿសោះឡើយ ខណៈអ្នកនាង ដេត ម៉ាលីណា បានសម្រេចចិត្តទម្លាយចេញវីដេអូកាមេរ៉ាសុវត្ថិភាព បង្ហាញឲ្យឃើញពីទិដ្ឋភាពអតីតស្វាមីលោកឧកញ៉ា ឌួង ឆាយ បានប្រើអំពើហិង្សាមកលើខ្លួនជាច្រើនដង ជាមួយនឹងភាពឆេវឆាយខ្លាំងៗ ដែលក្នុងនោះសូម្បីមានទាំងការយកកាំភ្លើងគំរាមបាញ់សម្លាប់ទៀតផង។
ភ្ជាប់ជាមួយវីដេអូកាមេរ៉ានៃសម្មភាពហិង្សាជាភស្តុតាង អ្នកនាង ដេត ម៉ាលីណា ថែមទាំងបានសរសេររៀបរាប់យ៉ាងវែងអន្លាយ ទាក់ទងនឹងមូលហេតុដែលនាំឲ្យអ្នកនាងឈានដល់ផ្លូវបែកបាក់ជាមួយអតីតស្វាមី ឌួង ឆាយ គ្មានស្តាយស្រណោះ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ «ជាដំបូងនាងខ្ញុំដេត មាលីណា សូមខន្តីអភ័យទោសដល់ពុក ម៉ែ បងប្អូន ពូមីងទាំងអស់ ជាមុនដែលនាងខ្ញុំ សម្រេចចិត្តមកបកស្រាយ រកយុត្តិធម៌នៅក្នុងកាលះទេសះ ដែលមិនសមស្របនៅពេលនេះ ដែលយើងទាំងអស់គ្នា កំពុងតែចូលរួមប្រយុទ្ធប្រឆាំង ការពារ ការរាតត្បាតជំងឺ COVID-19 ប៉ុន្តែ នាងខ្ញុំពិតជាគ្មានផ្លូវជ្រើសរើសឡើយ ហើយក៏ពិតជាមិនអាចស៊ូទ្រាំតទៅទៀតបានដែរ !
រយះពេល១៣ ឆ្នាំកន្លងមក នេះគឺវាឆ្អែតគ្រប់គ្រាន់សម្រាប់រូបនាងខ្ញុំណាស់ពេកទៅហើយ ទាំងការប្រមាថ មាក់ងាយ ជេរស្តីរួមទាំងអំពើហិង្សានៅក្នុងគ្រួសារ រហូតមានដល់យកកាំភ្លើងមកគំរាមសំលាប់ទៀតផង…….។ល។ ការឈឺចាប់ទាំងផ្លូវកាយនិងផ្លូវចិត្ត ខ្ញុំបានទទួលរួចអស់ហើយ នៅឡើយតែភាពយុត្តិធម៌តែប៉ុណ្ណោះ នាងខ្ញុំពិតជាមិនតូចចិត្តនោះទេ ដែលមានមតិ តិះទៀន រិះគន់ ស្តីបន្ទោស មើលស្រាលដល់រូបនាងខ្ញុំកន្លងមក ក៏ព្រោះតែដោយសារតាមរយៈការលាបពណ៌ បំភ្លៃការពិត ប្រឌិតទាំងគ្មានការខ្មាសអៀន បំពានយ៉ាងអយុត្តិធម៌របស់អតីតស្វាមីរបស់នាងខ្ញុំមកលើរូបខ្ញុំ ទោះជាយើងទាំងពីរបានព្រមព្រៀងធ្វើការលែងលះសមស្របទៅតាមផ្លូវច្បាប់រួចរាល់អស់ហើយក៌ដោយ តែគ្រប់យ៉ាង អ្វីៗដែលជាការពិតវាត្រូវតែបានលាតត្រដាង ព្រោះការអត់ធ្មត់ គឺវាមានដែនកំណត់ ។
ការដែលនាងខ្ញុំសម្រេចចិត្តទម្លាយការពិតមកក្នុងពេលនេះ ក៏ព្រោះតែរូបគាត់មិនបានគោរពតាមការព្រមព្រៀងតាមច្បាប់នៃលក្ខខណ្ឌក្នុងការលែងលះរបស់យើងទាំងពីរ ហើយថែមទាំងព្យាយាមបំបែកម្តាយកូននាងខ្ញុំទៀត មិនមែនជាលើកទីមួយទេដែលអតីតស្វាមីរបស់ខ្ញុំគាត់ព្យាយាមយកកូនចេញពីខ្ញុំ បន្ទាប់ពីយើងលែងលះ ប៉ុន្តែដោយសារការយល់ពីមនោសញ្ជេតនារបស់គាត់ដែលជាឪពុករបស់កូនៗដែរ នោះទើបនាងខ្ញុំមិនដែលហាមឃាត់ រឺតបតរទៅគាត់ឡើយ ទើបបណ្តាលអាចអោយមានរឿងរហូតមកដូចថ្ងៃនេះបាន ហើយនេះវាក៏គឺជាកំហុសរបស់ខ្ញុំមួយចំណែកដែរ ដែលតែងតែទុកឱកាសឲ្យគាត់កែប្រែខ្លួនបំពេញតួនាទីជាឪពុក ដើម្បីបានផ្តល់ភាពកក់ក្តៅដល់កូនៗ ទោះជាយើងលែងលះរួចរាល់ហើយក៏ដោយ ប៉ុន្តែអ្នកនៅតែជាអ្នក អ្នកពិតជាមិនអាចកែបានឡើយ ខ្ញុំសុំចុះចាញ់អ្នកហើយ តែខ្ញុំក៏មិនអាចឲ្យស្រមោលរបស់អ្នកមកតាមលងបន្លាច បំបែកជីវិតម្តាយកូនរបស់ខ្ញុំតទៅទៀតបានដែរ នាងខ្ញុំនិងស៊ូដល់ទីបំផុតដើម្បីកូនៗរបស់នាងខ្ញុំ។
កូនៗគឺជាកម្លាំងចិត្ត កូនៗគឺជាជីវិត កូនៗគឺជាការទទួលខុសត្រូវរបស់ឪពុកម្តាយគ្រប់ៗរូប ដូច្នេះហើយខ្ញុំសូមអង្វរចិត្តអ្នកកុំផ្តល់សម្ពាធផ្លូវចិត្ត ផ្លូវអារម្មណ៍ដល់កូនៗ របស់យើងទាំងអស់អី ពួកគាត់នៅតូចៗខ្លាំងណាស់ ហើយវាក៏មិនមែនជាជម្រើសល្អនោះឡើយ សូមអ្នករម្ងាប់អារម្មណ៍ឆេវឆាវរបស់អ្នកមួយពេលគ្រប់គ្រងអារម្មណ៍ឆេវឆៅរបស់អ្នកឲ្យបានល្អ ហើយមកគោរពតាមការព្រមព្រៀងលែងលះតាមផ្លូវច្បាប់ដោយសន្តិវិធី នោះហើយជាជម្រើសដ៏ល្អបំផុតរបស់ឪពុកម្តាយដែលត្រូវផ្តល់អោយកូនៗ !
ខ្ញុំដឹងថា អ្នកធ្វើនេះក៏ព្រោះតែអ្នកចង់យកឈ្នះខ្ញុំ អ្នកដឹងថាខ្ញុំរស់អត់កូនៗមិនបាន អ្នកដឹងថាខ្ញុំស្រឡាញ់កូនៗខ្លាំងណាស់ សូមអ្នកកុំឲ្យអារម្មណ៍ឆេវឆាវរបស់អ្នកមួយគ្រាមកគ្រប់គ្រងលើរូបអ្នកបាន ហើយក៏មិនចាំបាច់ចង់ឈ្នះរូបខ្ញុំនោះដែរ ព្រោះអ្នកបានឈ្នះខ្ញុំរួចស្រេចបាត់ទៅហើយតាំងពី១៣ឆ្នាំមុនម្លេះ ! សូមល្មមដោះលែងជីវិតរបស់ខ្ញុំឲ្យមានជីវិតរស់នៅដែលជាខ្ញុំផងចុះ ព្រោះខ្ញុំត្រូវប្រកបមុខរបររកស៊ីចិញ្ចឹមជីវិត ទទួលខុសត្រូវលើកូនៗ ព្រមទាំងគ្រួសាររបស់ខ្ញុំទៀត។ សូមកុំព្យាយាមយកកូនៗមកធ្វើជាគំនាបដល់រូបនាងខ្ញុំអី អ្វីដែលអ្នកគួរតែធ្វើនៅពេកនេះនោះគឺ អ្នកសួរខ្លួនឯងថា៖ – តើអ្នកបានបំពេញតួនាទីជាឪពុកឲ្យដល់ពួកគាត់គ្រប់គ្រាន់ហើយឫនៅ ? – តើត្រូវធ្វើ និងបំពេញតួនាទីជាឪពុកល្អបែបណាដល់ពួកគាត់ ?
អ្វីដែលអ្នកមិនធ្លាប់ធ្វើដាក់ខ្ញុំនោះ? ដែលទោះជាខ្ញុំកំពុងតែពពោះកូនៗទាំង៣នោះក៏ដោយ មានតែអ្នកម្នាក់ទេដែលដឹង អ្នកអាចកុហក់បោកប្រាស់ បំភ្លៃការពិតដល់មនុស្សជុំវិញខ្លួនអ្នកបាន អ្នកអាចធ្វើបាន ហើយអ្នកក៏បានធ្វើរួចហើយដែរ ហើយអ្នកនៅតែបន្តធ្វើទៀត ក៏ប៉ុន្តែអ្នកមិនអាចកុហកខ្លួនឯង ឬខ្ញុំបានឡើយ ការពិតនៅតែជាការពិត មានតែពេលវេលាទេដែលអាចបញ្ជាក់រាល់អ្វីៗ គ្រប់យ៉ាងបានទាំងអស់ ។
ពេលវេលាខ្លះយើងមិនចាំបាច់ទាមទារ ឬបកស្រាយច្រើននោះទេថារូបយើងល្អ អាក្រក់ ខុស ឬ ត្រូវ ព្រោះទង្វើអាចបញ្ជាក់ពីបុគ្គលិកលក្ខណៈរបស់យើងគ្រប់ៗរូបបានយ៉ាងច្បាស់លាស់ ហើយគ្រប់គ្រាន់ទៀតផង ! ដូច្នេះហើយនាងខ្ញុំសុំពេលវេលាបកស្រាយតាមរយះកាមេរ៉ាវីដេអូសុវត្ថិភាពមួយនេះ ហើយសង្ឃឹមថាពុកម៉ែ បងប្អូន ពូមីងទាំងអស់នឹងយល់ពីទឹកចិត្តស្ត្រី ដែលជាម្តាយដូចជារូបនាងខ្ញុំម្នាក់នេះ ដោយអនុគ្រោះនិងយុត្តិធម៌ ហើយបន្ទាប់ពីការចេញបង្ហាញភស្តុតាងតាមរយៈកាមេរ៉ាវីដេអូ១នេះហើយ នាងខ្ញុំជឿជាក់យ៉ាងមុតមាំទៅលើប្រព័ន្ធច្បាប់តុលាកានៅក្នុងប្រទេសកម្ពុជារបស់ខ្ញុំ និងផ្តល់ភាពយុត្តិធម៌ដល់ម្តាយកូនរបស់នាងខ្ញុំឲ្យបានឆាប់ជួបជុំកូនៗ មករួមរស់ជាមួយគ្នាតាមកិច្ចសន្យាព្រមព្រៀងលែងលះតាមប្រព័ន្ធផ្លូវច្បាប់ ដែលនាងខ្ញុំមានសិទ្ធអំណាចជាមេបាបីបាច់ថែរក្សារកូនៗទាំង៣ប្រកបដោយសុវត្តិភាព ព្រោះអ្នកបានបំបែកខ្ញុំជាមួយនិងកូនៗតាំងពីថ្ងៃចន្ទ ទី៨ ខែមិនា មកម្ល៉េះ គឺជាថ្ងៃសិទ្ធិនារីតែម្តង រហូតដល់ពេលនេះនាងខ្ញុំមិនដឹងពេលណាបានជួបមុខកូនទេ។
ជាចុងបញ្ចប់ នាងខ្ញុំ ដេត ម៉ាលីណា សូមគោរពជូនពរដល់ពុកម៉ែ ពូមីង បងប្អូនទាំងអស់អោយមានសុខភាពល្អ មានស្នាមញញឹម និងក្តីសង្ឃឹមគ្រប់ៗក្រុមគ្រួសារ និងសូមចូលរួមចំណែកការពារប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ទាំងអស់គ្នា ជាពិសេសសូមជូនពរអោយដល់ស្ត្រីទូទាំងសកលលោក ទទួលបានសេរីភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ដោយក្តីគោរព ស្រឡាញ់ពីរូបនាងខ្ញុំ ដេត ម៉ាលីណា ភ្នំពេញ ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២១»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





