ភ្នំពេញ ៖ សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រតិកម្មទៅនឹងការអំពើហិង្សាយ៉ាងឃោរឃៅព្រៃផ្សៃរបស់ឧកញ៉ា ឌួង ឆាយ ទៅលើអតីតភរិយារបស់ខ្លួន គឺអ្នកស្រី ដេត ម៉ាលីណា។ ការប្រតិកិម្មរបស់សម្តេចតតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីអតីតភរិយារបស់ឧកញ៉ា ដួង ឆាយ បញ្ចេញវីដេអូដែលបង្ហាញពីសកម្មភាពរបស់ឧកញ៉ា ដួង ឆាយ ប្រើអំពើហិង្សាលើខ្លួននាពេលកន្លងមក។
អ្នកស្រី ដេត ម៉ាលីណា បានបញ្ចេញវីដេអូអំពីសកម្មភាពរបស់ឧកញ៉ា ឌួង ឆាយ ប្រើអំពើហិង្សាលើអ្នកស្រីនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។ អមជាមួយនិងការបង្ហោះវីដេអូនេះ អ្នកស្រី ដេត ម៉ាលីណា ក៏បានរៀបរាប់អំពីការឈឺចាប់ទាំងផ្លូវកាយនិងផ្លូវចិត្តក្នុងការរស់នៅជាមួយអតីតប្តីរបស់ខ្លួនជាង ១០ឆ្នាំកន្លងមក។
អ្វីដែលគួរឲ្យសង្វេគនោះ គឺកូនៗបានស្រែកយំពេញផ្ទះនៅពេលដែលឃើញឪពុករបស់ខ្លួនបានប្រើហិង្សាទៅលើម្តាយ។ ប៉ុន្តែបើទោះបីជាសម្លេងកូនស្រែកយំយ៉ាងណាក៏ដ៏ដោយក៏ឧកញ៉ា ដួង ឆាយ មិនបញ្ឈប់សកម្មភាពរបស់ខ្លួននោះទេ។
បន្ទាប់ពីបានឃើញវីដេអូរបស់ឧកញ៉ា ដួង ឆាយ ប្រើអំពើហិង្សាយ៉ាងព្រៃផ្សៃទៅលើអតីតភរិយារបស់ខ្លួននោះ គឺមានមតិរិះគន់ជាច្រើនបានចូលទៅខមមិន ជាពិសេសសម្តេចតេជោ ហ៊ុន សែន បានចូលទៅខមមិនផងដែរ។
សម្តេចតេជោ ហ៊ុន សែន ខមមិននៅក្នុងហ្វេសប៊ុក របស់អ្នកស្រី ដេត មាលីណា យ៉ាងដូច្នេះថា ” ហេតុអី ឌួង ឆាយ ឃោរឃៅដល់កំរិតនេះ “។
ចំណែកអ្នកខមមិនជាច្រើនបានហៅការប្រើអំពើហិង្សារបស់ឧកញ៉ាដួង ឆាយ គឺសាហាវ និងបានឲ្យស្ថាប័នតុលាការចាត់ការតាមនីតិវិធីច្បាប់ ជាពិសេសក្រសួងកិច្ចការនារី។
គណនីហ្វេសប៊ុកឈ្មោះ Ly Ly Sa បានខមមិនថា “ទឹកភ្នែកខ្ញុំស្រក់ពេលមើល video ដ៏ឃោឃៅនេះ សាហាវណាស់”។
គណនីហ្វេសប៊ុកឈ្មោះ Maniya Ngin បានខមមិនថា “ស្លុតណាស់លោកអើយ ព្រះអើយ ឮសម្លេងប្រពន្ធកូន ខ្ញុំស្រក់ទឹកភ្នែក ប្ដីអ្នកមាន មានកិត្តិយស តែគ្មានសេចក្តីសុខ”។
គណនីហ្វេសប៊ុកឈ្មោះ សុជាតា មុទិតា បានខមមិនថា “មើលហើយស្លុតចិត្តណាស់ ។ មនុស្សធ្លាប់សន្ដានឃោរឃៅ នៅតែឃោរឃៅអ៊ីចឹងគ្មានថ្ងៃអាចប្រែបានទេ។ ស្មានតែជាទេវបុត្រ តាមពិតជាបិសាចសោះលោកអើយ”។
គណនីហ្វេសប៊ុកឈ្មោះ Sarina Lucky Luy បានខមមិនថា “មនុស្សស្រីបើមានរឿងត្រឹមល្មមៗ គឺស៊ូទ្រំណាស់ដោយសារមិនចង់មានពាក្យប្ដី១ប្ដី២ តែបើទ្រំលែងបានហើយមានតែលែង បើគ្នាលែងហើយ បានន័យថា រឿងនោះធំដុំណាស់រហូតដល់គ្នាទទួលយកលែងបានទើបគ្នាត្រូវតែស៊ូអោយកូនអត់មានឪរបៀបនេះប្រសើរជាង។ ប្អូនស្រីរឹងមាំក្លាហ៊ានណាស់ ស៊ូបន្ដររឹងមាំដើម្បីកូនៗបន្ដរទៅទៀតណា”។
គណនីហ្វេសប៊ុកឈ្មោះ Sammy Oum បានខមមិនថា “លោតទៅវៃប្រពន្ធនៅនឹងមុខកូន អត់ញញើតដៃ ។ វៃប្រព្ធននៅមុខឪពុកម្តាយគេបង្កើតអត់ក្លាចចិត្តឪពុកម្តាយក្មេក មានកាំភ្លឺមានអីទៀត មិនដឹងប្រពន្ធកូន អុំប្រុសស្រីក្លាចយ៉ាងណាទេ ។ខ្ងុំមើលឡើងញ័រដៃ ញ័រទ្រូងហើយ ទំរាំនាក់នៅក្នុងហេតុការណ៍ផ្ទាល់ មិនដឹងភយ័យ៉ាងណា។ ខុសត្រូវយ៉ាណានិយាយគ្នាទៅ កុំប្រើហឹងស្សា”។
គណនីហ្វេសប៊ុកឈ្មោះ Meas Socheata បានខមមិនថា “មនុស្សស្រីមិនងាយបញ្ចេញទេតែបើដល់កឆ្អែតពេកគឺលែងខ្មាស់គេហើយ”។
គណនីហ្វេសប៊ុកឈ្មោះ Rong Dalin បានខមមិនថា “មើលវីដេអូនេះហើយ ទើបដឹងថាមនុស្សស្គាល់មុខតែមុនស្គាល់ចិត្ត អាចជាបុគ្គលដែលឲមហាជនគោរពស្រលាញ់ពីទឹកចិត្តសប្បុរស តែនៅពីក្រោយការពិត ហ៊ានលើកដៃវៃប្រពន្ធខ្លួនឯង បំផ្លាញរបស់របរក្នុងផ្ទះ ។ ណ្ហើយ អាណិតបងស្រី”។
គណនីហ្វេសប៊ុកឈ្មោះ គីម ឡាង គីម ឡាង បាត់ដំបង បានខមមិនថា “អាណិតគាត់ខ្លាំង យុត្តិធម៌គួរតែមានសំរាប់គាត់ ជាស្ត្រីទន់ខ្យោយ ចង់បានកូនមកឱបជាប់កាយវិញដោយមិនខ្វល់ពីសុវត្ថិភាពខ្លួនឯងបងជាមនុស្សស្រីដ៏អស្ចារ្យម្នាក់ ជូនពរបងឲសំរេចបំណងបានជួបកូនៗបងវិញ”។
គណនីហ្វេសប៊ុកឈ្មោះ Somaly Keo បានខមមិនថា “សាហាវណាស់ គួតែអ្នកច្បាប់ ឬស្ថាប័នតុលាការ ចាត់ការតាមនីតិវិធីច្បាប់ហើ់យ ជាពិសេសក្រសួងកិច្ចការនារី សមាគមនស្ត្រី ចាត់ការបណ្តឹងទៅតាមវីដេអូក្លីបទាំងនេះ”។
នៅមានខមមិនជាច្រើនផ្សេងទៀតដែលអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបានចូលខមមិននៅក្នុងហ្វេសប៊ុករបស់អ្នកស្រី ដេត មាលីណា។ បើមើលនៅក្នុងហ្វេសប៊ុកអ្នកស្រី ដេត មាលីណា ដែលបានបង្ហោះវីដេអូនេះ គឺមានខមមិនរិះគន់ជិតពីរម៉ឺនខមមិន។
ងាកមកអ្នកស្រី ដេត មាលីណា វិញម្តង គឺអ្នកស្រីបានសរសេររៀបរាប់នៅក្នុងហ្វេកប៊ុករបស់អ្នកស្រីយ៉ាងដូច្នេះថា “ជាដំបូងនាងខ្ញុំដេត មាលីណា សូមខន្តីអភ័យទោសដល់ពុក ម៉ែ បងប្អូន ពូមីងទាំងអស់ ជាមុនដែលនាងខ្ញុំ សម្រេចចិត្តមកបកស្រាយ រកយុត្តិធម៌នៅក្នុងកាលះទេសះ ដែលមិនសមស្របនៅពេលនេះ ដែលយើងទាំងអស់គ្នា កំពុងតែចូលរួមប្រយុទ្ធប្រឆាំង ការពារ ការរាតត្បាតជំងឺ COVID-19 បន្តែនាងខ្ញុំពិតជាគ្មានផ្លូវជ្រើសរើសឡើយ ហើយក៏ពិតជាមិនអាចស៊ូទ្រាំតទៅទៀតបានដែរ ! រយះពេល13 ឆ្នាំកន្លងមក នេះគឺវាឆ្អែតគ្រប់គ្រាន់សំរាប់រូបនាងខ្ញុំណាស់ពេកទៅហើយ ទាំងការប្រមាថ មាក់ងាយ ជេស្តីរួមទាំងអំពើហឹង្សារនៅក្នុងគ្រួសារ រហូតមានដល់យកកាំភ្លើងមកគំរាមសំលាប់ទៀតផង …… … .. . ។ល។
ការឈឺចាប់ទាំងផ្លូវកាយនិងផ្លូវចិត្ត ខ្ញុំបានទទួលរួចអស់ហើយ នៅឡើយតែភាពយុត្តិធម៌តែប៉ុណ្ណោះ នាងខ្ញុំពិតជាមិនតូចចិត្តនោះទេ ដែលមានមតិ តិះទៀន រិះគន់ ស្តីបន្ទោស មើលស្រាលដល់រូបនាងខ្ញុំកន្លងមក ក៏ព្រោះតែដោយសារតាមរយះការលាបពណ៌ បំភ្លៃ ការពិតប្រឌិតទាំងគ្មានការខ្មាស់អៀន បំពានយ៉ាងអយុត្តិធម៌របស់អតីតស្វាមីរបស់នាងខ្ញុំមកលើរូបខ្ញុំ ទោះជាយើងទាំងពីរបានព្រមព្រៀង ធ្វើការលែងលះ សមស្របទៅតាមផ្លូវច្បាប់រួចរាល់អស់ហើយក៌ដោយ តែគ្រប់យ៉ាងអ្វី ៗ ដែលជាការពិតវាត្រូវតែបានលាតត្រដាង ព្រោះការអត់ធ្មត់គឺវាមានដែនកំណត់ ។ ការដែលនាងខ្ញុំសម្រេចចិត្ត ទំលាយការពិតមកក្នុងពេលនេះក៏ព្រោះតែរូបគាត់មិនបានគោរពតាម ការព្រមព្រៀងតាមច្បាប់នៃលក្ខ័ណក្នុងការលែងលះរបស់យើងទាំងពីរហើយថែមទាំងព្យាយាមបំបែកម្តាយកូននាងខ្ញុំទៀត មិនមែនជាលើកទីមួយទេដែលអតីតស្វាមីរបស់ខ្ញុំគាត់ព្យាយាមយកកូនចេញពីខ្ញុំ បន្ទាប់ពីយើងលែងលះ ប៉ុន្តែដោយសារការយល់ពីមនោសញ្ជេតនា របស់គាត់ដែលជាឪពុករបស់កូនៗ ដែរនោះទើបនាងខ្ញុំមិនដែលហាមឃាត់រឺតបតរទៅគាត់ឡើយទើបបណ្តាលអាចអោយមានរឿងរហូតមកដូចថ្ងៃនេះបាន ហើយនេះវាក៏គឺជាកំហុសរបស់ខ្ញុំមួយចំនែកដែរ ដែលតែងតែទុកឱកាសអោយគាត់ កែប្រែខ្លួនបំពេញតួនាទីជាឪពុក ដើម្បីបានផ្តល់ភាពកក់ក្តៅដល់កូនៗ ទោះជាយើងលែងលះរួចរាល់ហើយក៏ដោយ ប៉ុន្តែអ្នកនៅតែជាអ្នក អ្នកពិតជាមិនអាចកែរបានឡើយ ខ្ញុំសុំចុះចាញ់អ្នកហើយ តែខ្ញុំក៏មិនអាចអោយស្រមោលរបស់អ្នកមកតាមលងបន្លាច បំបែកជីវិតម្តាយកូនរបស់ខ្ញុំតទៅទៀតបានដែរ នាងខ្ញុំនិងស៊ូដល់ទីបំផុតដើម្បីកូនៗរបស់នាងខ្ញុំ ។
កូនៗគឺជាកម្លាំងចិត្ត កូនៗគឺជាជីវិត កូនៗគឺជាការទទួលខុសត្រូវរបស់ឪពុកម្តាយគ្រប់ៗរូប ដូច្នេះហើយខ្ញុំសូមអង្វរចិត្តអ្នកកុំផ្តល់សំពាធផ្លូវចិត្ត ផ្លូវអារម្មណ៏ដល់កូនៗ របស់យើងទាំងអស់អី ពួកគាត់នៅតូចៗខ្លាំងណាស់ ហើយវាក៏មិនមែនជាជម្រើសល្អនោះឡើយ សូមអ្នករំងាប់អារម្មណ៏ឆេវឆាវរបស់អ្នកមួយពេល គ្រប់គ្រងអារម្មណ៏ឆេវឆៅរបស់អ្នកអោយបានល្អ ហើយមកគោរពតាម ការព្រមព្រៀងលែងលះតាមផ្លូវច្បាប់ដោយសន្តិវិធី នោះហើយជាជម្រើសដ៏ល្អបំផុតរបស់ឪពុកម្តាយដែលត្រូវផ្តល់អោយកូនៗ ! ខ្ញុំដឹងថាអ្នកធ្វើនេះក៏ព្រោះតែអ្នកចង់យកឈ្នះខ្ញុំ អ្នកដឹងថាខ្ញុំរស់អត់កូនៗមិនបាន អ្នកដឹងថាខ្ញុំស្រលាញ់កូនៗខ្លាំងណាស់ សូមអ្នកកុំអោយអារម្មណ៏ឆេវឆាវរបស់អ្នកមួយគ្រាមកគ្រប់គ្រងលើរូបអ្នកបាន ហើយក៏មិនចាំបាច់ចង់ឈ្នះរូបខ្ញុំនោះដែរ ព្រោះអ្នកបានឈ្នះខ្ញុំរួចស្រេចបាត់ទៅហើយតាំងពី ១៣ឆ្នាំមុនម្លេះ !
សូមល្មមដោះលែងជីវិតរបស់ខ្ញុំឲ្យមានជីវិតរស់នៅដែលជាខ្ញុំផងចុះ ព្រោះខ្ញុំត្រូវប្រកបមុខរបររកស៊ីចិញ្ចឹមជីវិត ទទួលខុសត្រូវលើកូនៗ ព្រមទាំងគ្រួសាររបស់ខ្ញុំទៀត ។ សូមកុំព្យាយាមយកកូនៗ មកធ្វើជាគំនាបដល់រូបនាងខ្ញុំអី អ្វីដែលអ្នកគួរតែធ្វើនៅពេកនេះនោះគឺ អ្នកសួរខ្លួនឯងថា : តើអ្នកបានបំពេញតួនាទីជាឪពុកអោយដល់ពួកគាត់គ្រប់គ្រាន់ហើយឫនៅ ? តើត្រូវធ្វើ និង បំពេញតួនាទីជាឪពុកល្អបែបណាដល់ពួកគាត់ ? អ្វីដែលអ្នកមិនធ្លាប់ធ្វើដាក់ខ្ញុំនោះ ? ដែលទោះជាខ្ញុំកំពង់តែពរពោះកូនៗទាំង៣នោះក៏ដោយ មានតែអ្នកម្នាក់ទេដែលដឹង អ្នកអាចកុហកបោកប្រាស់ បំភ្លៃការពិតដល់មនុស្សជុំវិញខ្លួនអ្នកបាន អ្នកអាចធ្វើបាន ហើយអ្នកក៏បានធ្វើរួចហើយដែរ ហើយអ្នកនៅតែបន្តរធ្វើទៀត ក៏ប៉ុន្តែអ្នកមិនអាចកុហកខ្លួនឯង រឺ ខ្ញុំបានឡើយ ការពិតនៅតែជាការពិត មានតែពេលវេលាទេដែលអាចបញ្ជាក់រាល់អ្វីៗ គ្រប់យ៉ាងបានទាំងអស់ ។ ពេលវេលាខ្លះយើងមិនចាំបាច់ទាមទារ រឺ បកស្រាយច្រើននោះទេថារូបយើងល្អ អាក្រក់ ខុស រឺ ត្រូវ ព្រោះទង្វើអាចបញ្ជាក់ពីបុគ្គលិកលក្ខណះរបស់យើងគ្រប់ៗរូបបានយ៉ាងច្បាស់លាស់ហើយគ្រប់គ្រាន់ទៀតផង ! ដូច្នេះហើយនាងខ្ញុំសុំពេលវេលាបកស្រាយតាមរយះកាមេរ៉ា វីដេអូសុវត្តិភាពមួយនេះ ហើយសង្ឃឹមថាពុកម៉ែ បង ប្អូន ពូមីងទាំងអស់នឹងយល់ពីទឹកចិត្តស្ត្រី ដែលជាម្តាយដូចជារូបនាងខ្ញុំម្នាក់នេះ ដោយអនុគ្រោះនិង យុត្តិធម៌ ហើយបន្ទាប់ពីការចេញបង្ហាញភស្តុតាងតាមរយះកាមេរ៉ាវីដេអូ១នេះហើយនាងខ្ញុំជឿជាក់យ៉ាងមុតមាំទៅលើប្រព័ន្ធច្បាប់តុលាកានៅក្នុងប្រទេសកម្ពុជារបស់ខ្ញុំនិងផ្តល់ភាពយុត្តិធម៌ដល់ម្តាយកូនរបស់នាងខ្ញុំឲ្យបានឆាប់ជួបជុំកូនៗមករួមរស់ជាមួយគ្នាតាមកិច្ចសន្យាព្រមព្រៀងលែងលះតាមប្រព័ន្ធផ្លូវច្បាប់ដែលនាងខ្ញុំមានសិទ្ធអំណាចជាមេបាបីបាច់ថែរក្សារកូនៗទាំង៣ប្រកបដោយសុវត្តិភាព ព្រោះអ្នកបានបំបែកខ្ញុំជាមួយនិងកូនៗតាំងពីថ្ងៃច័ន្ទ ទី៨ ខែមិនា មកម្ល៉េះ គឺជាថ្ងៃសិទ្ធិនារីតែម្តង រហូតដល់ពេលនេះនាងខ្ញុំមិនដឹងពេលណាបានជួបមុខកូនទេ។
ជាចុងបញ្ចប់នាងខ្ញុំ ដេត ម៉ាលីណា សូមគោរពជូនពរដល់ពុកម៉ែ ពូមីង បងប្អូនទាំងអស់ឲ្យមានសុខភាពល្អ មានស្នាមញញឹម នឹងក្តីសង្ឃឹមគ្រប់ៗក្រុមគ្រួសារ នឹងសូមចូលរួមចំណែកការពារ ប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ទាំងអស់គ្នា ជាពិសេសសូមជូនពរឲ្យដល់ស្ត្រីទូទាំងសកលលោកទទួលបាន សេរីភាពទាំងផ្លូវកាយនឹងផ្លូវចិត្ត។ ដោយក្តីគោរព ស្រលាញ់ពីរូបនាងខ្ញុំ ដេត ម៉ាលីណា ភ្នំពេញ ថ្ងៃទី ១៥ ខែមិនា ឆ្នាំ ២០២១”។
ចំណែកឧកញ៉ា ដួង ឆាយ នៅមិនទាន់មានការឆ្លើយតបនៅឡើយទេ ទាក់ទងវីដែអូដែលអតីតភរិយារបស់ខ្លួនបានបង្ហោះនេះ៕ រក្សាសិទ្ធិដោយៈ ចេស្តារ




