ខេត្តស្វាយរៀង ៖ ដើម្បីចូលរួមអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ នារសៀលថ្ងៃសុក្រ ០១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវទី០២ ខែមីនា ឆ្នាំ២០១៨នេះ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានដឹកនាំក្រុមការងារដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាសមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្រុមប្រតិបត្តិសាខា លោកនាយកសាខា និងមន្ត្រីពាក់ព័ន្ធមួយចំនួន បាននាំយកអំណោយមនុស្សធម៌របស់សាខាចុះសួរសុខទុក្ខស្ត្រីទើបសម្រាលកូន ចំនួន ៣៤គ្រួសារ ដែលកំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ ពិសេសស្ត្រី និងកុមារ ដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។ ជាមួយនេះ លោកប្រធានក៏បានពាំនាំនូវអនុសាសន៍សម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនដល់បងប្អូនស្ត្រីទាំងអស់ ទាំងបងប្អូនស្ត្រីដែលទើបសម្រាលកូន និងបងប្អូនស្ត្រីដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ នូវខ្លឹមសារសំខាន់ៗមួយចំនួនដូចខាងក្រោម ៖
១.សូមឲ្យស្ត្រីមានគភ៌ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យឲ្យបានទៀងទាត់ ។
២.សូមឲ្យស្ត្រីទាំអស់ទៅសម្រាលនៅមន្ទីរពេទ្យជាមួយគ្រូពេទ្យជំនាញ ។
៣.ត្រូវពិនិត្យសុខភាពក្រោយសម្រាលទាំងមាតា និងទារក និងទទួលថ្នាំបង្ការដល់ទារក ។
៤.ត្រូវតែបំបៅទឹកដោះម្តាយតែមួយមុខ រហូតដល់រយៈពេល ៦ខែ ។
៥.សូមយកទារកទៅមន្ទីរពេទ្យជាបន្ទាន់ នៅពេលមានសញ្ញាណគ្រោះថ្នាក់អ្វីមួយកើតឡើង ។
ក្នុងឱកាសនោះដែរលោក ម៉ែន វិបុលក៏ បានផ្តល់ជូននូវអំណោយដល់បងប្អូនស្ត្រីទើបសម្រាលកូនទាំង ៣៤នាក់ ក្នុងម្នាក់ៗទទួលបាន ៖ ឃីត ១កញ្ចប់ ( ភួយ ១ សារុង ១ ក្រមា ១ មុង ១ ) ទឹកដោះគោខាប់ ៥កំប៉ុង ស្ករស ២គ.ក្រ និងសម្រាប់ទារក ៣៤នាក់ ក្នុងម្នាក់ទទួលបាន មួក ១ អាវ ១ ស្រោមដៃ ស្រោមជើង ១កំប្លេ កន្សែងធំ ១ កន្សែងតូច ១ មុងសម្រាប់ទារក ១ សាប៊ូ ១ដប សាប៊ូម្សៅ ១ដប៕ វ៉ៃកូ