ខេត្តស្វាយរៀង៖ កុមារាអាយុ៣ឆ្នាំម្នាក់រត់រអិលជើងធ្លាក់ចូលស្រះទឹកខាងក្រោយផ្ទះលង់ស្លាប់យ៉ាងអាណោចអធ័ម ខណៈដែលម្តាយកំពុងធ្វើការងារផ្ទះមិនបានមើល។ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១៨និង៣០នាទី ល្ងាចថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ នៅផ្ទះរបស់ខ្លួនស្ថិតភូមិទួលអង្គប់ ឃុំ សំបួរ ស្រុក ស្វាយទាប ខេត្តស្វាយរៀង។ បើតាមក្មេងដែលរត់លេងជាមួយក្មេងរងគ្រោះបានឲ្យដឹងថា៖ នៅមុនពេលកើតហេតុកុមារារងគ្រោះបានរត់លេងជាមួយក្មេង២-៣នាក់ទៀត នាំគ្នារត់លេងខាងក្រោយផ្ទះស្រាប់បាត់ក្មេងរងគ្រោះក៏បានរត់មកប្រាប់មីង (ដែលជាម្តាយក្មេងរងគ្រោះ)នាំគ្នាដើររកស្រាប់តែឃើញកូនធ្លាក់ចូលស្រះចុះស្រង់យកមកធ្វើចលនាដើម្បីសង្គ្រោះ ប៉ុន្តែគួរអោយសោកស្តាយហួសពេលទៅហើយ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ៖ កុមារារងគ្រោះដែលលង់ទឹកស្លាប់នោះមានឈ្មោះ ហ៊ី លីហុង ភេទប្រុស អាយុ៣ឆ្នាំ មានទីលំនៅ កន្លែងកើតហេតុ ឪពុកមានឈ្មោះ ហ៊ី ចាន់ថា អាយុ៣៦ឆ្នាំ មុខរបរជាងកាត់កញ្ចក់និងជាងដំប៉ោត ប្រពន្ធមានឈ្មោះ ព្រំ ស៊ីនួន អាយុ ២៩ឆ្នាំ មុខរបរមេផ្ទះមានទីលំនៅភូមិឃុំកើតហេតុខាងលើ។ ក្រោយពីទទួលបានព័ត៌មានសមត្ថកិច្ចចុះមកពិនិត្យធ្វើកសលវិច្ច័យលើសាកសពពុំស្លាកស្នាមអ្វីទេ ហើយបានប្រគល់សសពឲ្យទៅក្រុមគ្រួសារ ដើម្បីយកធ្វើបុណ្យតាមប្រពៃណី៕ វ៉ៃកូ