ភ្នំពេញ ៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីហិង្សាដោយចេតនា (វាយបណ្តាលឲ្យរបួស) នៅចំណុចមុខផ្ទះជួល ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ។
ចំណែកជនរងគ្រោះឈ្មោះម៉ៅ ស៊ីវន ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរ នាយប៉ុស្តិ៍ព្រែកថ្មី ស្នាក់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។ ជនសង្ស័យឈ្មោះឡេង ប៊ុនលី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។
មុនពេលកើតហេតុជនសង្ស័យ និងមិត្តភក្តិនាំគ្នាផឹកស៊ី និងចាក់ធុងបាស់នៅចំណុចកើតហេតុ ដោយរំខានដល់អ្នកជិតខាង បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម នាយប៉ុស្តិ៍ព្រែកថ្មី(ជនរងគ្រោះ)បានដឹកនាំកម្លាំងចុះទៅអប់រំណែនាំ ក៏ទាស់ពាក្យសម្តីគ្នា ស្រាប់តែជនសង្ស័យស្ទុះមកវាយជនរងគ្រោះមួយដៃ ចំសៀតថ្កាខាងឆ្វេងបណ្តាលឲ្យដួលលើផ្លូវបេតុង របួសកែងដៃឆ្វេង និងធាក់ចំពោះ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្តដឹងថា សមត្ថកិច្ចចុះដល់ទីតាំងជួបជុំផឹកស៊ី បង្កសម្លេងរំខានភ្លាមៗ បន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋ ។
មិនត្រឹមតែជួបជុំផឹកស៊ី មិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ប៉ុណ្ណោះទេ ថែមទាំងបង្កសម្លេងរំខានដល់អ្នកជិតខាង ជាពិសេសពេលសមត្ថកិច្ចចុះទៅធ្វើការណែនាំអប់រំ បែរជាបង្កអំពើហិង្សាមកលើសមត្ថកិច្ចទៅវិញ ។
សូមចូលរួមគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ ក៏ដូចជាការចូលរួមគោរពសិទ្ធអ្នកជិតខាង ។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

