ប្រិយមិត្ត បានជ្រាបរួចមកហើយ កាលពីម្សិលមិញនេះ (ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១) រឿងរ៉ាវរវាងលោកឧកញ៉ា ឌួង ឆាយ និងអតីភរិយា បានធ្វើឲ្យផ្ទុះកក្រើកពេញបណ្តាញសង្គមតែម្តង ក្រោយអ្នកនាង ដេត ម៉ាលីណា បានទម្លាយវីដេអូពីកាមេរ៉ាសុវត្ថិភាព បង្ហាញពីទិដ្ឋភាពអំពើហិង្សាដែលអតីតស្វាមី ឌួង ឆាយ ធ្វើមកលើរូបនាងយ៉ាងសាហាវ ដែលធ្វើឲ្យមហាជនជាច្រើនផ្ទុះការរិះគន់ និងស្អប់ខ្ពើមជាខ្លាំង ដែលសូម្បីតែថ្នាក់ដឹកនាំនៃយើងសម្តេចតេជោ ហ៊ុន សែន ក៏សម្តេចលាន់មាត់ថា ចុះអីក៏ឃោរឃៅម្ល៉េះ….។
តែទោះយ៉ាងណា លោកឧកញ៉ា ឌួង ឆាយ ដែលទទួលស្គាល់ថាខ្លួនពិតជាបានធ្វើខុសធ្ងន់ធ្ងរ បានចេញមុខ Live វីដេអូបកស្រាយហេតុផលភ្លាមៗ ដោយក្នុងនោះលោកបានសង្កត់ថា ការដែលលោកឈានទៅប្រព្រឹត្តហិង្សានេះ គឺដោយសារអត់ទ្រាំលែងបានទៅនឹងទង្វើររបស់អតីតភរិយា ដែលតែងតែបង្ខិតបង្ខំខ្លួនឲ្យក្រៀវអវៈយវៈភេទម្តងហើយម្តងទៀត ព្រោះខ្លាចមានស្រីក្រៅ និងឈានដល់ការមានកូន ហើយគំរាមថាបើមិនក្រៀវទេ នឹងលែងលះគ្នា។
ទាក់ទងនឹងរឿងនេះ លោកក៏បានលើកជាសំណួរថា តើនៅលើលោកនេះ មានភរិយាប៉ុន្មាននាក់ ដែលបង្ខំប្តីខ្លួនឲ្យទៅក្រៀវនោះ? ហេតុនេះ ចំពោះការបង្ខិតបង្ខំនេះ គឺលោកបានបដិសេធទៅក្រៀវដាច់ខាត ហើយសុខចិត្តលែងលះគ្នា ដោយលោកចេញតែខ្លួនទទេ ប្រគល់ទ្រព្យសម្បត្តិ ប្រគល់សិទ្ធិអំណាចមេបាឲ្យទៅភរិយាទាំងអស់។ លោកក៏បានបដិសេធថា លោកមិនមានស្រីស្នេហ៍លួចលាក់នោះឡើយ តែលោកទទួលស្គាល់ថា មនុស្សប្រុសណាដែលមិនចេះខិលខូច ដែលសូម្បីតែព្រះសង្ឃក៏ចេះឆាន់ «ពោត» ដែរ។
ជាមួយគ្នានោះផងដែរ លោកឧកញ៉ា ក៏បានបញ្ជាក់ទាំងការឈឺចាប់ថា លោកជា អ្នកបង្រៀនសព្វគ្រប់បែបយ៉ាងដល់ភរិយា តាំងពីការធ្វើ ជំនួញ ការឡាយវីដេអូ និងទុនរកស៊ីទាំងអស់ ចុងក្រោយ អតីតភរិយា របស់លោក ចាប់ផ្ដើមពង្រឹងសេដ្ឋកិច្ចដោយខ្លួនឯង លែងឃើញតម្លៃ របស់លោក មើលងាយលោក មើលងាយគ្រួសារគ្រប់បែបយ៉ាង ។ ហើយចំពោះវីដេអូត្រូវបានទម្លាយចេញនេះផងដែរ លោកក៏បានដឹងរួចហើយដែរថា មុននិងក្រោយថ្ងៃណាមួយ គឺនឹងបែកធ្លាយ ជាក់ស្តែងដូចពេលនេះ ព្រោះថានេះជាការរៀបចំទុកជាមុនឲ្យកើតហិង្សាឡើង ជា ការរៀបអន្ទាក់ ដោយសារអតីតភរិយា របស់លោកមានជនទី ៣ ចូលមកជ្រៀតជ្រែក ។
តែយ៉ាងណាមិញ បើក្រឡេកមកចាប់អារម្មណ៍ចំពោះការឡាយទាំងទឹកភ្នែករបស់ឧកញ៉ា ឌួង ឆាយ ឃើញថាបានទាក់ទាញអ្នកតាមដានយ៉ាងច្រើន ចូលទស្សនាសឹងតែមិនគួរឲ្យជឿ ដោយមានអ្នកមើលផ្ទាល់ឡើងរហូតដល់ជិត ២០ ម៉ឺននាក់ឯណោះ។
ក្រោយពីបែបនេះ នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ស្រាប់តែលោកជំទាវ ហ៊ុន ស៊ីណាត បាន Screenshot ទិដ្ឋភាពការឡាយ២ផ្សេងគ្នារវាងឯកឧត្តម គឹម សន្តិភាព និងឧកញ៉ា ឌួង ឆាយ មកប្រៀបធៀប ដោយអមនឹងសំណេរទាំងហួសចិត្តថា៖ «មើលចុះមិត្តរួម Facebook បើអារឿងប្ដីប្រពន្ធគេឈ្លោះគ្នាវិញមនុស្សលោកមើលឡើងកប់ស៊េរី តែបើមកមើលច្បាប់ផាកពិន័យវិញ អត់មើលដល់ពេលអនុវត្តច្បាប់ចាប់ផាក ខ្ញុំអត់ដឹងអីហង នេះជាការប្រៀបធៀបបូកដកលេងៗរបស់យាយចាស់ខ្ញុំទេ។»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង











