ភ្នំពេញ ៖ ជនប្រដាប់អាវុធម្នាក់ដែលមានតួនាទីជាមន្ត្រីយោធាភូមិភាគ៥ ដែលបាញ់ជនរងគ្រោះប្រុសស្រី២នាក់ ដល់មុខផ្ទះក្នុងខណ្ឌសែនសុខ បានចូលខ្លួនមកទទួលកំហុសនៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣ខែមីនាឆ្នាំ២០១៨នេះ។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនសង្ស័យបានចូលមកសារភាព ហើយកម្លាំងជំនាញកំពុងសាកសួរ និងកសាងសុំណុំរឿង បញ្ជូនទៅតុលាការ។
ជនសង្ស័យឈ្មោះ ប៊ុន តេង ហៅហ្គោ អាយុ៣២ឆ្នាំ ជាមន្ត្រីយោធាភូមិភាគ៥ មានឋានន្តរស័ក្តិអនុសេនីយ៍ត្រី និងជាអ្នករកស៊ីនាំខោអាវពីប្រទេសថៃ មកបោះដុំនៅតាមផ្សារនានាក្នុងរាជធានីភ្នំពេញ។
សូមជំរាបថា ហេតុការណ៍បាញ់ប្រហារនេះ កាលពីវេលាម៉ោង១២៖៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ត្រង់ចំណុចមុខផ្ទះជួលនៅ តាមបណ្តោយផ្លូវ១៩៧៤ ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ជនរងគ្រោះ ទី១៖ ឈ្មោះ គង់ រ៉ាវិន អាយុ៣០ឆ្នាំ មុខរបរលក់ដូរស្នាក់នៅផ្ទះលេខ៣៣កា ផ្លូវលំ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ បានរងរបួសចំនួន៣គ្រាប់ និងទី២៖ ឈ្មោះ សឺង វិន ហៅស្រីលក្ខណ៍ អាយុ២៥ឆ្នាំ មុខរបរលក់ខោអាវ ៕ ដោយ៖បញ្ញាស័ក្តិ