ព្រះសីហនុ៖ ភ្នាក់ងារអង្គភាពសារព័ត៌មានទាំងអស់ ប្រចាំខេត្តព្រះសីហនុ បានអះអាងថា ពួកគេមិនត្រូវបានអនុញ្ញាតអោយចូលយកព័ត៌មាន នៅក្នុងពិធីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជួបសំណេះសំណាលជាមួយកម្មករកម្មការិនីរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨ នៅក្នុងបរិវេណតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំងទេ។
យោងតាមខ្លឹមសារ របស់ លោក ឱ សារឿន ប្រធានមន្ទីរព័ត៌មានខេត្តព្រះសីហនុ គោរពផ្ញើជូន ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានបង្ហាញថា ” សម្រាប់ថ្ងៃស្អែក ខ្ញុំបាទ បានសុំទៅ លោក យ៉ូវ ខេមរា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តព្រះសីហនុ ស្នើសុំប័ណ្ណសម្រាប់ផ្តល់ជូនអ្នកសារព័ត៌មានប្រចាំខេត្តព្រះសីហនុ ដើម្បីចូលយកព័ត៌មាន ក្នុងកម្មវិធី សម្តេច ជួបសំណេះសំណាល ជាមួយកម្មករកម្មការិនី នៅតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ប៉ុន្តែអត់បានទេ”។
ភ្នាក់ងារបណ្តាញព័ត៌មានប្រចាំខេត្តព្រះសីហនុទាំងនោះរួមមាន៖
-ភ្នាក់ងារទូរទស្សន៍ជាតិ ទទក ប្រចាំខេត្ត ៣ រូប
-ភ្នាក់ងារវិទ្យុជាតិ ប្រចាំខេត្ត
-ក្រុមការងារគេហទំព័ររដ្ឋបាលខេត្ត២រូប
-ភ្នាក់ងារទូរទស្សន៍ PNN
-ភ្នាក់ងារទូរទស្សន៍ CNC
-ភ្នាក់ងារទូរទស្សន៍ ហង្សមាស
-ភ្នាក់ងារទូរទស្សន៍ អាស៊ីអាគ្នេហ៍
-ភ្នាក់ងារទូរទស្សន៍ អប្សារា
-ភ្នាក់ងារទូរទស្សន៍ TV5
-ភ្នាក់ងារទូរទស្សន៍ TV3
-ភ្នាក់ងារទូរទស្សន៍ TV9
-ភ្នាក់ងារកាសែត កោះសន្តិភាព
-ភ្នាក់ងារកាសែត កម្ពុជាថ្មី
-ភ្នាក់ងារកាសែត រស្មីកម្ពុជា
-ភ្នាក់ងារកាសែត Fresh News
-ភ្នាក់ងារកាសែត បាយ៉ង់ថែម៍
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ អញ្ជើញមកជួបសំណេះសំណាល ជាមួយបងប្អូនកម្មករកម្មការិនី នៅខេត្តព្រះសីហនុ មានរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី៣-៤ ខែមីនាឆ្នាំ២០១៨៕ ដែន សីមា