ភ្នំពេញ ៖ នៅថ្ងៃទី៣ខែមីនាឆ្នាំ២០១៨នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្ដីសម្រេចចំនួនបីដាច់ដោយឡែកពីគ្នា ពាក់ព័ន្ធក្នុងការបោះឆ្នោតជ្រើសតាំងជាសមាជិកព្រឹទ្ធសភា នីតិកាលទី៤ កាលពីថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅនេះ ដែលក្នុងនោះកៅអីសមាជិកព្រឹទ្ធសភាទាំង៥៨រូបបានទៅលើគណបក្សប្រជាជនកម្ពុជា ចំណែកគណបក្សចំនួន៣ផ្សេងទៀតមិនមានសំឡេងជាប់ឆ្នោត។
សូមបញ្ជាក់ថា ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ស៊ិក ប៊ុនហុក នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨នេះ បានចេញសេចក្តីសម្រេចស្តីពីការ ប្រកាសបេក្ខជនជាប់ឆ្នោត ជាសមាជិកព្រឹទ្ធសភា ក្នុងការបោះឆ្នោតជ្រើសតាំងជាសមាជិកព្រឹទ្ធសភា នីតិកាលទី៤ កាលពីថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅនេះ ។
នៅក្នុងសេចក្តីសម្រេចរបស់ខ្លួន ដោយភ្ជាប់ជាមួយតារាងបញ្ជីឈ្មោះសមាជិកព្រឹទ្ធសភា ដែលត្រូវបានជាប់ឆ្នោតទាំង៨មណ្ឌលភូមិភាគនោះ ប្រធាន គ.ជ.ប បានបញ្ជាក់យ៉ាងដូច្នេះថា ប្រកាសទទួលស្គាល់ជាផ្លូវការបេក្ខជនជាប់ឆ្នោត តាមមណ្ឌលភូមិភាគទាំង៨ ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។
សេចក្ដីសម្រេច លេខ ០៧៩ ស្ដីពីការប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១.គ.ជ.ប ចេញប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងកំណត់បែងចែកអាសនៈ, គណបក្សប្រជាជនកម្ពុជាទទួលបាន៥៨អសនៈ។
សេចក្ដីសម្រេច លេខ ០៨០ ស្ដីពីការកំណត់បែងចែកអាសនៈសម្រាប់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោតតាមមណ្ឌលភូមិភាគ ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។ នៅក្នុងសេចក្តីប្រកាសលទ្ធផលបានបង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបានអសនៈសរុបទាំង៥៨។ ក្នុងនោះភូមិភាគ១៖ ទទួល ៦អសនៈ, ភូមិភាគទី២៖ ទទួល ៨អសនៈ, ភូមិភាគទី៣៖ ទទួល ៥អសនៈ, ភូមិភាគទី៤៖ ទទួល ១០អសនៈ, ភូមិភាគទី៥៖ ទទួល ៧អសនៈ, ភូមិភាគទី៦៖ ទទួល ៧អសនៈ, ភូមិភាគទី៧៖ ទទួល ៩អសនៈ និងភូមិភាគទី៨៖ ទទួល ៦អសនៈ៕ ដោយ៖បញ្ញាស័ក្តិ