ព្រះសីហនុ ៖ អភិបាលក្រុងព្រះសីហនុ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ បានចេញលិខិតផ្អាកការដ្ឋានសំណង់សង់អត់ច្បាប់មួយកន្លែង មានទីតាំងនៅតាមឆ្នេរអូរឈើទាល មានទីតាំងនៅជាប់គេហដ្ឋានលំហែកាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លិខិតចុះថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ មានចុះហត្ថលេខា និងបោះត្រា លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានជម្រាបជូន លោក លី ឡាយ ម្ចាស់ការដ្ឋានសំណង់ផ្លូវអូរឈើទាល ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ដែលកំពុងដាក់គ្រឿងចក្រគ្រោងសាងសង់សំណង់ ដោយពុំមានច្បាប់អនុញ្ញាតសាងសង់ ពីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងស្ថាប័នពាក់ព័ន្ធនោះទេ។ ដូច្នេះរដ្ឋបាលក្រុងព្រះសីហនុ សូមបិទការដ្ឋានគម្រោងសាងសង់សំណង់គ្រប់ប្រភេទ របស់លោក ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ នឹងត្រូវអនុវត្តតាមលក្ខខណ្ឌដូចខាងក្រោម៖
១- ត្រូវបញ្ឈប់គម្រោងការសាងសង់សំណង់គ្រប់ប្រភេទជាបន្ទាប់។
២- ត្រូវរុះរើរបងព័ទ្ធការដ្ឋានលើដីចំណីឆ្នេរ និងលើដីចិញ្ចើមផ្លូវសាធារណៈចេញ។
៣- ត្រូវដឹកគ្រឿងចក្រ និងសម្ភារៈផ្សេងៗ ដែលផ្គត់ផ្គង់ដល់ការសាងសង់ចេញពីការដ្ឋាន។
រដ្ឋបាលក្រុងសង្កត់ធ្ងន់ថា ក្នុងករណីលោក លី ឡាយ មិនព្រមអនុវត្តតាមខ្លឹមសារលិខិតខាងលើនេះទេ រដ្ឋបាលក្រុងព្រះសីហនុ នឹងចុះរឹបអូស និងដកហូតគ្រឿងចក្រ និងសម្ភារៈផ្សេងៗ ដែលផ្គត់ផ្គង់ដល់ការសាងសង់សំណង់ យកមករក្សាទុកនៅសាលាក្រុង ដោយមិនទទួលខុសត្រូវ នូវការខូចខាត និងបាត់បង់ព្រទ្យសម្បត្តិរបស់លោកឡើយ។
តាមការសង្កេតឃើញថា ចាប់ពីព្រឹកថ្ងៃសៅរ៍ ទី៣ ខែមីនា ឆ្នាំ២០១៨ ឃើញមានសកម្មភាពរុះរើការដ្ឋានសំណង់ខាងលើយ៉ាងឆាប់រហ័យ ដោយមានវត្ត លោក អ៊ី សុខឡង អភិបាលក្រុងព្រះសីហនុ និងមន្ត្រីស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត បានចូលរួមពិនិត្យមើលការរុះរើសំណង់ទាំងនោះ។
ប្រភពមួយចំនួនបានឲ្យដឹងថា ការឈានដល់រដ្ឋបាលក្រុងព្រះសីហនុ ចេញលិខិតផ្អាកភ្លាមៗ នូវការដ្ឋានសំណង់លំដាប់ផ្កាយប្រាំ ដែលអះអាងថា ទីតាំងសង់សំណង់អាគារលំដាប់ផ្កាយ ដែលមានអ្នកវិនិយោគជនជាតិចិនមកអភិវឌ្ឍនេះ កន្លងមកជាកម្មសិទ្ធិ របស់ លោកឧកញ៉ា គិត ម៉េង មានទីតាំងនៅស្របឆ្នេរអូរឈើទាល ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ការផ្អាកការដ្ឋានសំណង់ខាងលើនេះ គឺបានកើតឡើងក្រោយពេល សម្តេចតេជោ ហ៊ុន សែន កាលពីល្ងាចថ្ងៃទី២ ខែមីនា បានដើរលំហែ នៅតាមឆ្នេរអូរឈើទាល ហើយទំនងជាឃើញសំណង់កំពុងសាងសង់នៅជាប់ឆ្នេរសមុទ្រ ឆ្នេរអូរឈើទាលនេះ កំពុងសាងសង់នៅលើដីចំណីឆ្នេរសមុទ្រ និងប៉ះពាល់ដល់បរិស្ថានឆ្នេរធ្ងន់ធ្ងរ។
ប្រភពដដែល ឲ្យដឹងថា ការចេញលិខិតបិទការដ្ឋានសំណង់ របស់លោក លី ឡាយ ខាងលើទំនងជា សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់បទបញ្ជាក្តៅ ទៅរដ្ឋបាលក្រុងព្រះសីហនុ ឲ្យបិទការដ្ឋានសំណង់សណ្ឋាគារលំដាប់ផ្កាយប្រាំមួយនេះជាបន្ទាន់ហើយមើលទៅ ទើបបានជារដ្ឋបាលក្រុងព្រះសីហនុ ចេញលិខិតបន្ទាន់មួយ បញ្ឈប់សកម្មភាពសាងសង់ការដ្ឋានសំណង់ មានម្ចាស់ឈ្មោះ លី ឡាយ ខាងលើនេះមានភាពប្រញាប់ប្រញាល់បំផុត ដោយសំអាងថា សង់អត់មានច្បាប់អនុញ្ញាតពីក្រសួងស្ថាប័នពាក់ព័ន្ធ។
អ្នកឃ្លាំមើលសង្គម ភ្ញៀវទេសចរជាតិ និងប្រជាពលរដ្ឋ ខេត្តព្រះសីហនុ បានស្វាគមន៍ការបិទការដ្ឋានសំណង់សណ្ឋាគារលំដាប់ផ្កាយប្រាំ ដែលសង់នៅលើដីចំណីឆ្នេរសមុទ្រឆ្នេរអូរឈើទាល និងសង់អត់មានច្បាប់អនុញ្ញាត នាខេត្តព្រះសីហនុពេលនេះ។
បន្ថែមលើនេះ ពួកគេបានសំណូមពរដល់ សម្តេច ហ៊ុន សែន ឲ្យជួយបិទការដ្ឋាន ឬផ្អាកសកម្មភាពសង់សំណង់សណ្ឋាគារធំៗជាច្រើនទៀត ដែលសង់សង់រំលោភដីចំណីឆ្នេរសមុទ្រ និងប៉ះពាល់ដល់បរិស្ថានឆ្នេរសមុទ្រធ្ងន់ធ្ងរ នាំឲ្យបាត់បង់ ឬរួមតូចឆ្នេរសាធារណៈ សម្រាប់ជូនភ្ញៀវទេសចរជាតិអន្តរជាតិ ពិសេសប្រជាពលរដ្ឋខ្មែរចូលទៅលំហែនាថ្ងៃអនាគត។
ផ្តើមពីបញ្ហានេះ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ខេត្តព្រះសីហនុ បានសំណូមពរដល់សម្តេចប្រមុខដឹកនាំ ត្រូវយកទីធ្លាបរិវេណដីការដ្ឋានសំណង់ មានទីតាំងនៅ អតីតទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ខាងលើនេះ ដើម្បីយកទៅអភិវឌ្ឍជាសួនច្បារសាធារណៈ ទុកជូនភ្ញៀវទេសចរជាតិអន្តរជាតិចូលទៅកម្សាន្ត នាថ្ងៃអនាគតវិញទើបប្រសើរ៕ ដែន សីមា