ភ្នំពេញ ៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក នាយប់ថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២១នេះ បាននាំយកអំណោយ ជាថវិកានិងគ្រឿងឧបភោគបរិភោគរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី គឹម ឃីស៊ុន ដែលបានទទួលមរណភាពដោយជំងឺកូវីដ-១៩ កាលពីប៉ុន្មានម៉ោងមុននេះ នៅបឹងសាឡាង ខណ្ឌទួលគោក។
មន្ត្រីរដ្ឋបាលខណ្ឌទួលគោកបានអោយដឹងថា លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក នៅយប់ថ្ងៃទី១៩ មីនានេះបានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខគ្រួសារសព លោកអនុសេនីយ៍ត្រី គឹម ឃីស៊ុន ស្ថិតនៅផ្ទះលេខ១៥ ផ្លូវ២៥៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានទទួលមរណភាពដោយជំងឺកូវីដ-១៩ និងបាននាំយកអំណោយរបស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលរួមមាន ថវិកាចំនួន ៥.០០០.០០០ រៀល អង្ករ ១៥០គីឡូក្រាម មី ៣កេស ទឹកត្រី ៣យួរ ទឹកស៊ីអ៊ីវ ៣យួរ ទឹកសុទ្ធ ៣កេស និងគ្រឿងឧបភោគបរិភោគ និងបានណែនាំអោយបន្តគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ។
ពាក់ព័ន្ធនិងករណីស្លាប់របស់លោក អនុសេនីយ៍ត្រី គឹម ឃីស៊ុននេះ បើតាមការបញ្ជាក់ពីលោកស្រី វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានឲ្យដឹងថា មានបុរសជនជាតិខ្មែរ ឈ្មោះ គឹម ឃីសាន់ (Koem khisun) អាយុ៤៦ឆ្នាំ ពិតជាបានស្លាប់ដោយជំងឺកូវីដ-១៩ ដោយមិនមានជំងឺគួបផ្សំនោះទេ។
បុរសរូបនេះ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃ១០ខែមីនាឆ្នា២០២១។គាត់មានអាការរលាកសួតសងខាងធ្ងន់ធ្ងរ និងស្ថិតក្នុងការប្រើម៉ាស៊ីនជំនួយដង្ហើម VNI នៅថ្ងៃទី១២ ខែមីនា ហើយបានស្លាប់នៅម៉ោង ៣និង៣០ នាទីល្ងាចថ្ងៃទី ១៩ ខែមីនានេះ ដោយខ្សោយសួតខ្លាំង ដដែលបណ្តាលមកពីជំងឺកូវីដ-១៩វាយលុក។
នេះគឺជាករណីស្លាប់ទី៣ ហើយបន្ទាប់ពីករណីទី២ ជាម្តាយរបស់តារាចំរៀងវីដាណែតដែលបានស្លាប់នៅម៉ោង ១១និង៤៥ នាទីព្រឹកនេះនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ហៅមន្ទីរពេទ្យរុស្ស៊ី។
ក្រសួងសុខាភិបាល បានឲ្យដឹងថា យោងតាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ -សូវៀត បានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ ៤៦ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៥:៣០នាទីរសៀល។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ បុរសខាងលើនេះ ដោយមានរោគសញ្ញាក្តៅខ្លួន និងហត់ បានចូលសម្រាកពេទ្យនៅមន្ទីរពេទ្យមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បន្ទាប់មក បានរកឃើញថាមានវិជ្ជមានវីរុសកូវីដ-១៩ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។ ការ ពិនិត្យសុខភាព និងការថតសួត បានបង្ហាញថា គាត់មានរលាកសួតទាំងសងខាងធ្ងន់ធ្ងរ ហើយក្រុមគ្រូពេទ្យក្រៅពីផ្តល់ការ ព្យាបាលតាមបច្ចេកទេស ក៏បានប្រើប្រាស់ម៉ាស៊ីនជំនួយការដកដង្ហើមបន្ថែម នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ព្រមទាំងបានដាក់ ទុយោក្នុងបំពង់ខ្យល់ ដើម្បីជំនួយការផ្តល់អុកស៊ីហ្សែន នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ តែជាអកុសល មិនអាចជួយសង្គ្រោះ បាន ហើយគាត់ក៏បានធ្វើមរណៈកាលនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៥និង៣០នាទីរសៀលនេះទៅ។ ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសវ័យ ៤៦ឆ្នាំខាងលើនេះ គឺបានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩ វៃលុកលឿន ធ្វើឱ្យរលាកសួតទាំងសងខាងធ្ងន់ធ្ងរ។
ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ






