កណ្តាល៖ មានករណីជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពលួចកាច់សោកម៉ូតូចំនួន២គ្រឿង ហើយត្រូវបានសមត្ថកិច្ចដេញចាប់បានជនសង្ស័យម្នាក់ជាមួយនឹងវត្ថុតាងជាក់ស្តែងផងដែរ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១២ នៅចំណុចភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
នគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា ជនរងគ្រោះ២នាក់ គឺ១-ឈ្មោះ ឆោម ពណ្ណឬទ្ធិ ភេទប្រុសអាយុ១៨ឆ្នាំមានទីលំនៅ ភូមិស្លែង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជាម្ចាស់ម៉ូតូម៉ាក Honda dream 125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1W-3309 ស៊េរីឆ្នាំ2017 ជនសង្ស័យដោះផ្លាកលេខចេញដូរដាក់ផ្លាកលេខ កំពង់ចាម1Q-6511 ។ ២-ឈ្មោះ ភេម សុវិតា ភេទប្រុសអាយុ ២១ឆ្នាំ មានទីលំនៅភូមិឫស្សីសង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាម្ចាស់ម៉ូតូម៉ាក Honda dream125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GP-8736 ស៊េរីឆ្នាំ2017 ។ ចំណែកជនសង្ស័យមួយក្រុម ត្រូវបានឃាត់ខ្លួនបានមួយនាក់ឈ្មោះ ឈន សុវណ្ណារិទ្ធ ភេទប្រុសអាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្តីលើ ឃុំដីលើ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានដកហូតវត្ថុតាង ១-ម៉ូតូម៉ាកHonda dream 125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1W-3309 ស៊េរីឆ្នាំ2017 ជនសង្ស័យដោះផ្លាកលេខចេញដូរដាក់ផ្លាកកំពង់ចាម 1Q-6511ជារបស់ជនរងគ្រោះទី១ ។ ២-ម៉ូតូម៉ាកHonda dream125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GP-8736 ស៊េរីឆ្នាំ2017 ជារបស់ជនរងគ្រោះទី២។ ៣-ម៉ូតូម៉ាកHonda dream125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1DM-2381 សេរីឆ្នាំ2015 ជារបស់ក្រុមជនសង្ស័យ។ ៤-ដង្កាប់មុខកន្ត្រៃ១ កាំបិតបុ័ងតោ១ កាបូបស្ពាយពណ៌ខ្មៅ១ ស្លាកលេខកណ្តាល 1W-3309 ចំនួន១ កូនសោម៉ូតូ១ និងសម្ភារៈ ប្រព្រឹត្តបទល្មើសមួយចំនួន ។
នៅថ្ងៃកើតហេតុ ជនរងគ្រោះបានមកហូបបាយ នៅគ្រែទឹក ក្នុងរមណីយដ្ឋានវត្តកៀនស្វាយក្រៅ ខណៈកំពុងតែហូបនោះ
មានជនមិនស្គាល់អត្តសញ្ញាណ បានមកលួចកាច់សោកម៉ូតូរបស់ជនរងគ្រោះយកទៅចំនួន២គ្រឿង ខណៈនោះម្ចាស់ម៉ូតូឃើញក៏នាំគ្នាជិះម៉ូតូដេញតាម ក្រុមជនសង្ស័យ ជនសង្ស័យបានជិះម៉ូតូរបស់ជនរងគ្រោះទី២ ទៅបុករថយន្ត១គ្រឿងនៅសង្កាត់ព្រែកឯង រួចជនសង្ស័យបានរត់ចោលម៉ូតូរបស់ជនរងគ្រោះ ដែលមានផ្លាកលេខភ្នំពេញ1GP-8736 ហើយត្រូវនគរបាលប៉ុស្តិ៍សង្កាត់ព្រែកឯង យកមករក្សាទុក ដើម្បីរង់ចាំម្ចាស់យកឯកសារមកពិនិត្យផ្ទៀងផ្ទាត់ ។ ចំណែកម៉ូតូ១គ្រឿងទៀត មានភ្ជាប់ប្រព័ន្ធសុវត្ថិភាព GPS ជនសង្ស័យបានជិះទិសដៅទៅក្រុងតាខ្មៅ ហើយម្ចាស់ម៉ូតូ បានជិះតាម និងបានប្តឹងកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ជួយឃាត់បាននៅចំណុចវត្តគោកអំពិល ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ករណីនេះកម្លាំង ជំនាញសហការជាមួយកម្លាំង នគរបាលខណ្ឌច្បារអំពៅ និងខណ្ឌដង្កោ រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តចាត់ការតាមនីតិវិធី ៕ ដោយ៖បញ្ញាស័ក្តិ