កណ្តាលៈ កម្លាំងនគរបាលខេត្តកណ្តាលប្រមាណជិតមួយពាន់នាក់ ត្រូវបានប្រមូលផ្តុំនៅសួនច្បារមាត់ទន្លេក្រុងតាខ្មៅ នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ ដើម្បីធ្វើការបែងចែកតាមគោលដៅ ត្រៀមរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្នុងឱកាសបុណ្យទន្លេនាពេលខាងមុខនេះ ។
លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានថ្លែងថា កងកម្លាំងនគរបាលនៅទូទាំងខេត្តកណ្តាល បានធ្វើការបែងចែកកម្លាំងនៅតាមគោលដៅជាច្រើនកន្លែង ដើម្បីត្រៀម រក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្នុងឱកាសបុណ្យទន្លេនាពេលខាងមុខនេះ ។ ក្រៅពីកម្លាំងនគរបាលខេត្ត ក៏មានវត្តមានកម្លាំងនគរបាល នៃនាយកដ្ឋាន ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ កម្លាំងអង្គរក្ស កម្លាំងកងរាជអាវុធហត្ថ កម្លាំងកងយោធពលខេមរភូមិន្ទ និងកងកម្លាំងសណ្តាប់ធ្នាក់ជាច្រើនទៀតចូលរួមការពារបុណ្យទន្លេ។
លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ថា បុណ្យទន្លេខេត្ដកណ្ដាល ទើបទទួលបានរៀបចំឡើងជាលើកទី១ ដោយមានការអនុញ្ញាតពីសម្ដេចអគ្គមហារសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ។ បុណ្យទន្លេនិងប្រព្រឹត្ដិទៅនៅថ្ងៃទី៩ ទី១០ ទី១១ ខែមីនា ឆ្នាំ២០១៨ នៅដងទន្លេបាសាក់ ត្រង់ចំណុចខាងមុខសួនច្បារមាត់ទន្លេក្រុងតាខ្មៅ ។
លោកស្នងការ បានបន្ដថា តាមការរៀបចំរបស់គណៈកម្មការបុណ្យទន្លេ រួមមាន លេងល្បែងប្រជាប្រិយ ប្រកួតកីឡា ,ហែលទឹក ប្រណាំងកង់ និងល្បែងលេងកម្សាន្ដជាច្រើនទៀត ។ ដោយឡែកក៏មានស្ដង់ប្រមាណជាង៥៥០ស្ដង់ ដាក់តាំងលក់ផលិតផលក្នុងស្រុក និងផលិតផលក្រៅស្រុកជាច្រើន ។ តាមការប៉ាន់ស្មាន ក្នុងមួយថ្ងៃមានបងប្អូនប្រជាពលរដ្ឋខ្មែរ និងទេសចរណ៍អន្ដរជាតិ ចូលរួមលេងកម្សាន្ដមិនក្រោម៣០ម៉ឺននាក់នោះទេ ដូច្នេះសមត្ថកិច្ចនគរបាលខេត្ដកណ្ដាលមានតួនាទីរក្សា ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនថ្នាក់ដឹកនាំជាន់ខ្ពស់ ពិសេសបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកលេងកំសាន្ដ ។
លោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ដ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្រៅខេត្ដ អញ្ជើញចូលរួមលេងកម្សាន្ដសប្បាយក្នុងកម្មវិធីបុណ្យទន្លេខាងមុខនេះ ឲ្យបានច្រើនកុះករ និងបង្កើនការប្រុងប្រយ័ត្ន និងថែរក្សាទ្រព្យសម្បត្ដិរបស់ខ្លួនឲ្យបានល្អប្រសើរ អំពីចោរលួចឆក់ជាដើម៕ ដោយ ៖ បញ្ញាស័ក្តិ