ខេត្តឧត្ដមានជ័យ ៖ បន្ទាប់ពីមានការផ្សាយព័ត៌មានទាក់ទងនឹងការផ្ទេរសិទ្ធិដឹកនាំនោះ លោកនាយឧត្ដមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ពីមូលហេតុពិត នៃការដែលលោក ផ្ទេរសិទ្ធិដឹកនាំជូនលោកឧត្ដមសេនីយ៍ឯកហ៊ុន ម៉ាណែត ដឹកនាំបញ្ជាជំនួស។
លោកនាយឧត្ដមសេនីយ៍ គន់ គីម បានបញ្ជាក់ថា “ដោយខ្ញុំត្រូវចុះជួបសួរសុខទុក្ខ និងបំពាក់មេដាយការពារជាតិជូនបងប្អូនអតីតយុទ្ធជនកម្ពុជានៅទូទាំងប្រទេស ឲ្យបានរួចរាល់មុនទិវាអតីតយុទ្ធកម្ពុជា នៅខែមិថុនា ហេតុនេះខ្ញុំបានផ្ទេរសិទ្ធិដឹកនាំបញ្ជាសេនាធិការចម្រុះជូន ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដឹកនាំបញ្ជាជំនួស។
ជាក់ស្តែងថ្ងៃទី៤ មីនានេះ ខ្ញុំបានមកជួបផ្ទាល់ និងបានបំពាក់មេដាយការពារជាតិជូនបងប្អូនសមាជិកសមាគមអតីតយុទ្ធជន ក្រុងសំរោង ខេត្តឧត្តរមានជ័យចំនួន៧៣៤នាក់ ដូច្នេះមានបញ្ហាអ្វីក្រៅពីនេះ ឬកុំយល់ច្រឡំ និងតាមការផ្សព្វផ្សាយខ្លះខុសការពិតនោះ”។
ក្នុងលិខិតផ្ទេរសិទ្ធិដែលមានការទទួលបានការឯកភាពពីលោកនាយឧត្តមសេនីយ៍ផ្កាយមាស៤ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ លោកឧត្តមសេនីយ៍គន់ គីម បានបញ្ជាក់ថា “ដោយមានធុរផ្ទាល់ខ្លួនចាំបាច់ ខ្ញុំបាទ សូមផ្ទេរសិទ្ធិដឹកនាំបញ្ជាការងារសេនាធិការចម្រុះ ជូលឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះ ទទួលដឹកនាំបញ្ជាការងារសេនាធិការចម្រុះ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។ តាមខ្លឹមសារដូចបានជម្រាបជូនខាងលើ សូមឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ មេត្តាពិនិត្យ សម្រេច ដោយអនុគ្រោះ”។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ លោកនាយឧត្តមសេនីយ៍ផ្កាយមាស៤ គន់ គីម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជានាយសេនាធិការចម្រុះនៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទដោយអះអាងថា មានធុរផ្ទាល់ខ្លួនចាំបាច់បានសម្រេចផ្ទេរសិទ្ធិដឹកនាំបញ្ជាការងារសេនាធិការចម្រុះជូនលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការរងកងទ័ពជើងគោក និងជានាយរងសេនាធិការចម្រុះអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ខណៈការផ្ទេរសិទ្ធិនេះក៏ទទួលបានការឯកភាពពីលោកនាយឧត្តមសេនីយ៍ផ្កាយមាស៤ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទផងដែរ ៕ ដោយ៖បញ្ញាស័ក្តិ