មណ្ឌលគិរី៖ ការទន្ទ្រានដីព្រៃ របស់រដ្ឋនាពេលបច្ចុប្បន្ន ត្រូវបានមន្ត្រីជំនាញអះអាងថា កំពុងកើតឡើងស្ទើរគ្រប់កន្លែង បញ្ហានេះកំពុងជាបញ្ហាដ៏ក្តៅគគុក ដែលអាជ្ញាធរពាក់ព័ន្ធកំពុងដុតដៃដុតជើងធ្វើការទល់ស្កាត់។ ជាស្ដែងកាលពីល្ងាចថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨ ត្រង់ចំណុចឃុំ ស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី សមត្ថកិច្ចឃាត់ខ្លួនមនុស្សចំនួន ៦នាក់ ដែលកំពុងធ្វើសកម្មភាពកាប់រាន្តដីព្រៃ របស់រដ្ឋខុសច្បាប់ ។
លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ឲ្យដឹងថា ជនសង្ស័យទាំង ៦នាក់នេះ មន្ត្រីជំនាញកំពុងធ្វើការសាកសួរនៅស្នាក់ការកណ្តាលស្រុកកែវសីមា នឹងបញ្ជូនខ្លួនទៅតុលាការ ក្រោយពេលការសាកសួរចប់សព្វគ្រប់។ លោកបន្តថា បច្ចុប្បន្នមានក្រុមមេខ្យល់ជាច្រើនក្រុម កំពុងធ្វើសកម្មភាពបំផុសពលរដ្ឋចំណាកស្រុកអោយចូលមកកាប់រាន្តដីព្រៃរបស់រដ្ឋ ហើយមន្ត្រីជំនាញលក៏កំពុងតាមស្រាវជ្រាវរកជនជាមេខ្យល់ទាំងនោះផងដែរ តាមចម្លើយសារភាព របស់ជនសង្ស័យឲ្យដឹងថា ពួកគាត់ទាំងនោះមកពីខេត្ត ត្បូងឃ្មុំ និងខេត្តព្រៃវែង ទាំងមុនទាំងមកតាមក្រោយ មានគ្នាប្រមាណជាង ១០០នាក់ ដែលមេខ្យល់បានអោយគាត់មកកាប់រាន្តដីព្រៃកន្លែងនេះ ដោយក្នុងម្នាក់ៗ ទទួលបានក្បាលដីប្រវែង ៥០មែត្រ បណ្ដោយ ៥០០ម៉ែត្រ និងតម្រូវអោយក្រុមខ្លួនបង់លុយ មេខ្យល់ទាំងនោះចំនួន ១លានរៀល ជាថ្នូរបានដី ។
ប្រធានមន្ទីរបរិស្ថានអោយដឹងទៀតថា បច្ចុប្បន្នសមត្ថកិច្ចនិងមន្ត្រីជំនាញ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានដាក់កម្លាំងចូលទៅទីតាំងខាងលើថែមទៀតដើម្បីត្រៀមទប់ស្កាត់មិនអោយមានការកាប់រាន្តដីព្រៃបន្តទៀត ពីព្រោះបើតាមសំដីជនសង្ស័យទាំង ៦នាក់នេះនិយាយថា មានអ្នកមកកាប់ព្រៃជាច្រើននាក់ទៀតនៅថ្ងៃនេះ៕ ដោយ៖ សមុទ្រឈើ