ភ្នំពេញ៖ ចំពោះស្ថានភាពនយោបាយវិញ នៅថ្ងៃទី៥មីនានេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថាមានអតីតមេដឹកនាំបក្សប្រឆាំងមួយចំនួនដែលត្រូវបានកាត់សិទ្ធិធ្វើនយោបាយ បានសរសេរលិខិតមកសម្តេច ដើម្បីសុំការអនុគ្រោះក្នុងការទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ។
នៅព្រឹកថ្ងៃចន្ទ ទី៥ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធសមិទ្ធផលនានានៅក្នុងវត្តឈូកវ៉ា ស្ថិតនៅ ភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញដែលទើបនឹងសាងសង់រួចថ្មីៗនេះ។
ជារការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា អ្នកត្រូវបានកាត់សិទ្ធិធ្វើនយោបាយមិនទាន់មានច្បាប់ណាដើម្បីលើកលែងនោះទេ គឺផ្ទុយពីអ្នកជាប់ទោសដែលមានច្បាប់អនុញ្ញាតឲ្យនាយករដ្ឋមន្ត្រីសុំលើកលែងទោស ក្រោយសាលក្រមចូលជាស្ថាពររួចហើយ។ ជាមួយគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្ថែមថាការដុតរូប សម្តេច របស់ខ្មែរនៅអូស្ត្រាលី គឺជាមូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើនទៀត ដែលសម្តេច មិនអាចជួបចរចាជាមួយអតីតមេដឹកនាំបក្សប្រឆាំងបាន។
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចបើកបេះដូងសម្រាប់ចរចាជានិច្ច ប៉ុន្តែមិនចរចាជាមួយអ្នកមានទោសក្បត់ជាតិនោះជាដាច់ខាត។ សម្តេចតេជោ បានបញ្ជាក់ថា គ្មានការចរចាជាមួយអតីតមេបក្សប្រឆាំង ដែលកំពុងជាប់ទោសទណ្ឌនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ការទៅអូស្ត្រាលីរបស់សម្តេច នៅអូស្ត្រាលីមិនមែនទៅចូលរួមចរចាជាមួយពួកក្បត់ជាតិនោះទេ គឺទៅដើម្បីចូលរួមប្រជុំកំពូលអាស៊ាន-អូស្ត្រាលី។ បេះដូងសម្តេចជាងកន្លះជីវិតប្រើសម្រាប់តែចរចាមិនមែនប្រើសម្រាប់ច្បាំងនោះទេ រហូតបានក្លាយជាអ្នកឯកទេសក្នុងការចរចា។ ប៉ុន្តែសម្តេចមិនចរចាជាមួយក្រុមក្បត់ជាតិ ដែលជាអតីតមេដឹកនាំបក្សប្រឆាំងនោះទេ។ អ្នកត្រូវបានកាត់សិទ្ធិធ្វើនយោបាយមិនទាន់មានច្បាប់ណា ដើម្បីលើកលែងនោះទេ ផ្ទុយពីអ្នកជាប់ទោសដែលមានច្បាប់អនុញ្ញាតឲ្យ នាយករដ្ឋមន្ត្រីសុំលើកលែងទោសក្រោយសាលក្រមចូលជាស្ថាពរ។
សម្តេចតេជោ ហ៊ុន សែន ប្រកាសខ្លាំងៗថា មិនចរចាជាមួយអ្នកទោសក្បត់ជាតិជាដាច់ខាត។ អតីតមេដឹកនាំបក្សប្រឆាំងមួយចំនួន ដែលត្រូវបានកាត់សិទ្ធិធ្វើនយោបាយ បានសរសេរលិខិតមកសម្តេចសុំការអនុគ្រោះ ដើម្បីទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ។ សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅកាន់បរទេសដែលចង់អន្តរាគមន៍ជួយមេដឹកនាំអតីតមេបក្សប្រឆាំង ឲ្យមើលពីមូលហេតុនាំឲ្យមានរឿងនេះ ពោលក្រុមអតីតបក្សប្រឆាំងបានប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ដោយអំពាវនាវឲ្យកងទ័ពប្រឆាំងរាជរដ្ឋាភិបាល និងឲ្យប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសធ្វើបាតុកម្មនៅគ្រប់ទីកន្លែង។ សម្តេចគ្មានតម្លៃគ្រប់គ្រាន់ក្នុងការចរចាជាមួយអតីតមេដឹកនាំបក្សប្រឆាំងនោះឡើយ។ លោក សម រង្ស៊ី និងអតីតមេដឹកនាំប្រឆាំងបានធ្វើឲ្យសម្តេចឆ្អែតឆ្អន់គ្រប់គ្រាន់ហើយ។ប្រសិនបើសម្តេចបានឃើញវីដេអូដែលក្រុមអតីតបក្សប្រឆាំងនិយាយពីផែនការផ្តាច់ព្រ័ត្រ នៃការផ្តួលរំលំរាជរដ្ឋាភិបាលកាលពីឆ្នាំ២០១៣នោះ សម្តេចនឹងកម្ទេចអតីតក្រុមបក្សប្រឆាំងនេះចោលតែម្តង ហើយអតីតមេដឹកនាំបក្សប្រឆាំងដែលកំពុងជាប់ពន្ធនាគារ ក៏គ្មានការសុំលើកលែងទោសនោះដែរ។ សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅអតីតមេដឹកនាំបក្សប្រឆាំងកុំសង្ឃឹមថា មានកិច្ចព្រមព្រៀងទីក្រុងប៉ារីសលើកទី២នោះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដុតរូបសម្តេចរបស់ខ្មែរនៅអូស្ត្រាលី គឺជាមូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើនទៀត ដែលសម្តេចមិនអាចជួបចរចាជាមួយអតីតមេដឹកនាំបក្សប្រឆាំងហើយ គ្មានប្រទេសណាមួយមកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជា ដែលជារដ្ឋឯករាជ្យ និងមានអធិបតេយ្យមួយនោះឡើយ៕ ដោយ ៖ បញ្ញាស័ក្តិ