បាត់ដំបង ៖ រថយន្តធុនធំមួយគ្រឿងបានបើករេចង្កូតទៅឆ្វេងបុកនឹងរថយន្តធុនធំមួយគ្រឿងទៀត ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលបុរសម្នាក់ដែលជាអ្នកបើកបររថយន្ត ត្រូវកៀបជាប់ជើងម្ខាងក្នុងក្បាលរថយន្ត កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចដើមស្រល់ ក្នុងភូមិអូគ្រៀត ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
សមត្ថកិច្ចនគរបាលមូលដ្ឋាន បានបញ្ជាក់ថា ករណីនេះគ្រោះថ្នាក់ចរាចរបង្កឡើងដោយរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ភ្លៅ៤ ពណ៌ទឹកប៊ិចចាស់ ពាក់ស្លាកលេខ ភ្នំពេញ ៣A-៧៤០៨ ដោយអ្នកបើកបរមិនស្គាល់អត្តសញ្ញាណ និងបានរត់គេចខ្លួនបាត់។ លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ រថយន្តបង្កបានរេចង្កូតទៅឆ្វេងបុកនឹងរថយន្តមួយគ្រឿងទៀត ម៉ាក ហ៊ីយ៉ាន់ដាយ ភ្លៅ៣ ព៌ណស ឆ្នូតខៀវ ពាក់ស្លាកលេខ កំពង់ធំ ៣A-១៥០៨ បើកកបរឈ្មោះ មុយ អក្ខរា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិព្រៃបី ឃុំកោះធំ ស្រុកកោះធំ ខេត្តកណ្ដាល បណ្តាលឲ្យរួញក្បាលរថយន្ត និងកៀបជាប់ជើងអ្នកបើកបរ របួសបាក់ជើងខាងស្ដាំ។
សមត្ថកិច្ចបានធ្វើការសន្និដ្ឋានជំហានដំបូងថា គ្រោះថ្នាក់ចរាចរនេះ បណ្តាលមកពីតៃកុងរថយន្តបង្កបើកទាំងងងុយដេក។
ជនរងគ្រោះត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី។ ដោយឡែករថយន្តទាំងពីរ ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមោងឫស្សីជាបណ្តោះអាសន្ន ៕ ដោយ៖បញ្ញាស័ក្តិ