ស្វាយរៀង ៖ លោកនាយឧ្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសក្រសួងការពារជាតិ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយស្រុកស្វាយជ្រំ បានធ្វើការអំពាវនាវឲ្យបងប្អូនទាំងអស់គ្នា ត្រូវចូលរួមថែរក្សាសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ មិនត្រូវជឿតាមការញុះញុងរបស់គណបក្សប្រឆាំង ឬពួកអគតិមួយចំនួន ដែលចូល ចិត្តបំភ្លៃការពិត។
ខណៈដែលប្រទេសជាតិកំពុងមានការអភិវឌ្ឍន៍លើគ្រប់វិស័យក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ លោក ចៅ ភិរុណ បានថ្លែងដូច្នេះខណៈដែលលោកបានអញ្ជើញចូលរួមជាអធិបតីភាពនៅក្នុងពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សានុសិស្ស យាយជី តាជី នៅព្រឹកថ្ងៃទី៤ ខែមិនា ឆ្នាំ២០១៨នេះ និងពិធីសម្ភោធសមិទ្ធផលនានាក្នុងវត្តចារ ស្ថិតនៅភូមិស្វាយមីង ឃុំអង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលចំណាយថវិកាសរុបចំនួន 327.967$។
លោក ចៅ ភិរុណក៏បាននាំមកនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងពីរ តែងតែមានមនោសញ្ចេតនា ស្រលាញ់រាប់អាន និងរួមសុខទុក្ខជាមួយបងប្អូនជន រួមជាតិទាំងអស់ និងជួយដោះស្រាយទុក្ខលំបាកសព្វបែបយ៉ាង គ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា។
លោក ចៅ ភិរុណ បានមានប្រសាសន៍លើកឡើងបន្តទៀតថា៖ក្រោមការដឹកនាំរបស់សម្តេចតេជោ កសាងប្រទេសពីបាតដៃទទេ ដោយខិតខំស្តារកសាងឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវថ្នល់ ស្ពាន ទំនប់ ប្រឡាយ សាលារៀន មន្ទីរពេទ្យ និង ព្រះវិហារ ។ល។ រហូតទទួលបាននូវការអភិវឌ្ឍគ្រប់វិស័យ ដូចដែលយើងទាំងអស់គ្នា បានឃើញមាននាសព្វថ្ងៃនេះ។
លោកក៏បានជំរុញអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តខិតខំថែមទៀត ក្នុងការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ សង្គមរបៀបរៀបរយសាធារណៈ អនុវត្ដន៍ឲ្យបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាលស្តីពីភូមិ-ឃុំ មានសុវត្ថិភាព បន្ដជំរុញកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដ ខិតខំដោះស្រាយ ឲ្យបានល្អនូវបាតុភាពផ្សេងៗ ក្នុងមូលដ្ឋានព្រមទាំងធ្វើយ៉ាងណាឲ្យសមិទ្ធិផលនានា ដែលយើងបានកសាងទាំងអស់នេះ បានដំណើរការល្អ ថែរក្សាគង់វង្ស និងបន្តធ្វើឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ។
លោក ចៅ ភិរុណ ក៏បានអំពាវនាវឲ្យបងប្អូនទាំងអស់គ្នា ត្រូវចូលរួមថែរក្សាសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ មិនត្រូវជឿតាមការញុះញង់របស់គណបក្សប្រឆាំងឬពួកអគតិមួយចំនួន ដែលចូលចិត្តបំភ្លៃការពិត និងតែងតែរារាំងដល់ការអភិវឌ្ឍរបស់ប្រទេស ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងចូលរួមថែរក្សាសមិទ្ធផលនៅទីនេះ ឲ្យបានល្អប្រសើរសម្រាប់ទុកជាទីកន្លែងសិក្សា និងស្រាវជ្រាវ ដល់អ្នកជំនាន់ក្រោយៗទៀត។
នាឱកាសនោះផងដែរ លោក នាយឧត្តមសេនីយ៍ ចៅ ភិរុណ ព្រមទាំងក្រុមការងារបានចូលបុណ្យដល់វត្តចារចំនួន ១១.៥០០.០០០៛ ប្រជាពលរដ្ឋចំនួន៥០០នាក់ ម្នាក់ៗទទួលសារុង១ សិស្សានុសិស្ស ទទួលបានសៀវភៅប៊ិច និងថវិកា៤០០០៛ ក្នុងម្នាក់ៗផងដែរ៕ វ៉ៃកូ