Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានទូតចំនួន ១៨ និងបុគ្គលិកចំនួន ៧៤១នាក់ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដរួចរាល់

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ផ្ដល់ការចាក់វ៉ាក់សាំងជូនបុគ្គលិក ស្ថានទូត និងអង្គការអន្តរជាតិមួយចំនួន មានដូចជា៖ ស្ថានទូតចំនួន ១៨ នៅរាជធានីភ្នំពេញ ដែលមានបុគ្គលិកសរុបចំនួន ៧៤១នាក់ បានចាក់រួចរាល់នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យកុមារជាតិ។ នេះបើយោងតាមសេចក្តីជូនព័ត៌មានរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងក្របខណ្ឌទូទាំងប្រទេស នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១។

ប្រភពដដែលបានបន្តថា អង្គការអន្តរជាតិចំនួន ៤៤អង្គការ ដែលស្ថិតនៅក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ មានបុគ្គលិកសរុបចំនួន ១.៦៧១ នាក់ បាននឹងកំពុងដំណើរការចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យកាល់ម៉ែត ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។

អង្គការអន្តរជាតិពហុភាគី និងទ្វេភាគីមួយចំនួនទៀត មានបុគ្គលិកចំនួន ៤៤៣នាក់ ដែលនឹងជូនដំណឹងដល់អង្គការទាំងនោះ ដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ហើយដែលនឹងត្រូវរៀបចំចាក់ជូនចាប់ពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ តទៅនៅមន្ទីរពេទ្យព្រះអង្គឌួង។

ក្រសួងសុខាភិបាលសូមធ្វើការក្រើនរំលឹកដល់សាធារណជនទាំងអស់បន្តអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្លួន ជាពិសេសត្រូវបន្តអនុវត្តវិធានការ ការពារ និង ៣កុំ ដែលជាអនុសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសូមអញ្ជើញក្រុមមនុស្សដែលត្រូវបានកំណត់វេនចាក់វ៉ាក់សាំង ទៅចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្ត នៅពេលដល់វេនរបស់ខ្លួន កុំខានឱ្យសោះ។ បើមិនទាន់ដល់វេនខ្លួនទេនោះ សូមមេត្តាខន្តីអភ័យទោស រងចាំវេនមកដល់ សឹមអញ្ជើញទៅចាក់នៅទីតាំងដែលនឹងកំណត់ផ្សាយជូនជាបន្តបន្ទាប់។ ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានបញ្ហាសុខភាព ឬមានជំងឺ ឬសង្ស័យថាមានការឆ្លងជំងឺ សូមប្រញាប់ទៅស្វែងរក ការពិនិត្យ និងពិគ្រោះជំងឺនៅតាមន្ទីរពេទ្យរដ្ឋ ឬទំនាក់ទំនងតាមលេខទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាលលេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងតាមលេខទូរស័ព្ទ៖ ០១២ ៨២៥ ៤២៤ឬ ០១២ ៤៨៨ ៩៨១ឬ០១២ ៨៣៦ ៨៦៨។

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ នូវកម្មវិធីចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ និងតាមគោលការណ៍ស្ម័គ្រចិត្ត ជូនអ្នកការទូតបរទេស និងក្រុមគ្រួសារ និងបុគ្គលិកបរទេសនៃអង្គការអន្តរជាតិ និងក្រុមគ្រួសារ ដែលកំពុងបំពេញភារកិច្ច និងស្នាក់នៅក្នុងប្រទេសកម្ពុជា។

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបន្តថា ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងចាក់វ៉ាកសាំងជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋកម្ពុជា ដោយស្ម័គ្រចិត្ត និងឥតគិតថ្លៃផងដែរ៕ រក្សាសិទ្ធិដោយ : ចេស្តារ

×