Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធររាជធានី ចាប់ផ្តើមផាកពិន័យអន្តរការណ៍លើបុគ្គល ឬ នីតិបុគ្គល ដែលមិនពាក់ម៉ាស និងរក្សាតម្លាតសុវត្ថិភាពក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

ភ្នំពេញ ៖ រាល់បុគ្គល ឬ នីតិបុគ្គល ដែលមិនអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាតម្លាតសុវត្ថិភាព ត្រូវផាកពិន័យអន្តរការណ៍ទៅតាមប្រភេទបទល្មើស និងកម្រិតទឹកប្រាក់ពិន័យ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និង ជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្ដីណែនាំដល់កងកម្លាំង និងអាជ្ញាធរគ្រប់ខណ្ឌសហការឱ្យបានជិតស្និទ្ធជាមួយមន្ត្រីសុខាភិបាល ដើម្បីអនុវត្តការផាកពិន័យអន្តរការណ៍លើបុគ្គល ឬ នីតិបុគ្គល ដែលមិនអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស. និង កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

បើយោងតាមសេចក្តីណែនាំស្តីពីការរអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី២៧មីនា២០២១ដែលក្នុងសេវក្តីណែនាំនេះ មានន័យថា ៖ រាជធានីភ្នំពេញ ត្រូវបានក្រសួងសុខាភិបាលចេញសេចក្តីជូនដំណឹងលេខ ០៨៨ សខល ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ កំណត់យកថា ជាទីតាំងភូមិសាស្ត្រក្នុងចំណោម ៥ រាជធានី -ខេត្ត មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង ព្រឹត្តិការណ៍សហគមន៏ ២០-កុម្ភៈ” ដែលចាំបាច់តម្រូវឱ្យមានការអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សា តម្លាតសុវត្ថិភាព ដូចមានចែងនៅក្នុងប្រកាសលេខ ៨១ ស.នក.ប្រក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ របស់ក្រសួង សុខាភិបាល ស្តីពីកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺ កូវីដ -១៩ ក្នុងសហគមន៍។

សេចក្តីណែនាំ បានឱ្យដឹងទៀតថា ផ្អែកតាមបទដ្ឋានគតិយុត្តជាធរមាន និងអនុលោមតាមលិខិតលេខ ៨៣៣ សជណ ចុនថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖

១. ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ និងមន្ត្រីពាក់ព័ន្ធដែលមាននីតិសម្បទា ត្រូវផ្តល់ការគាំទ្រ និងចូលរួមសហការឱ្យបានជិតស្និទ្ធជាមួយមន្ត្រីសុខាភិបាលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងសុខាភិបាល ដើម្បីអនុវត្តការផាកពិន័យអន្តរការណ៏លើបុគ្គល ឬ នីតិបុគ្គល ដែលមិនអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាតម្លាតសុវត្ថិភាព ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

២.បុគ្គលទាំងឡាយណាដែលកំពុងស្នាក់នៅ ប្រកបអាជីវកម្ម និងធ្វើដំណើរឆ្លងកាត់ភូមិសាស្រ្តរាជធានីភ្នំពេញត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពដូចមានសេចក្តីសព្វគ្រប់ ចែងក្នុងមាត្រា៣ មាត្រា៤ មាត្រា៥ និងមាត្រា៦ ក្នុងជំពូកទី២ នៃប្រកាសលេខ ៨១ស.នក.ប្រក ចុថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ របស់ក្រសួងសុខាភិបាល ស្តីពីកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍។

៣. ចំពោះទីកន្លែងដែលតម្រូវឱ្យមានការពាក់ម៉ាស និងទីកន្លែងដែលតម្រូវឱ្យមានការរក្សាគម្លាតសុវត្ថិភាពត្រូវអនុវត្តឱ្យបានត្រឹមត្រូវ ស្របតាមប្រការ៧ ប្រការ៨ និងប្រការ៩ ក្នុងជំពូកទី៣ នៃប្រកាសលេខ៨១ ស.នក.ប្រក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ របស់ក្រសួងសុខាភិបាល ស្តីពីកាតព្វកិច្ចពាក់ម៉ាសនិងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ដែលទីកន្លែងទាំងនោះ៖ មានដូចជា សហគ្រាស គ្រឹះស្ថានឯកជន ភោជនីយដ្ឋាន-អាហារដ្ឋាន ផ្ទះសំណាក់សណ្ឋាគារ គ្លីនិក មន្ទីរសម្រាកព្យាបាល ឱសថស្ថាន ផ្សារ ហាងលក់ទំនិញ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុរោងចក្រ-សិប្បកម្ម ទីកន្លែងធ្វើការ និងទីកន្លែងអាជីវកម្ម ជាដើម។

៤. រាល់ បុគ្គល ឬ នីតិបុគ្គល ដែលមិនអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពត្រូវផាកពិន័យអន្តរការណ៍ទៅតាមប្រភេទបទល្មើស និងកម្រិតទឹកប្រាក់ពិន័យ ដូចមានចែងនៅក្នុងប្រការ២ នៃប្រកាសអន្តរក្រសួងលេខ ១៧៨ សហវ.ប្រក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្រសួងសុខាភិបាល ស្តីពីការពិន័យជាប្រាក់ចំពោះបុគ្គល ឬ នីតិបុគ្គលដែលប្រព្រឹត្តអំពើល្មើសនឹងវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

៥. ក្នុងពេលចុនសហការបំពេញការងារ មន្ត្រីមានសមត្ថកិច្ច នៃរដ្ឋបាលរាជធានីភ្នំពេញ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងវិធានការសុខាភិបាលជាប់ជាប្រចាំ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។

ទទួលបានសេចក្តីណែនាំនេ៖ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អភិបាល នៃគណៈអភិបាលខណ្ឌទាំង១៤ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ប្រធានមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ ក្រុមការងារគ្រប់គ្រងទីតាំងចត្តាឡីស័ក និងម្ចាស់ទីតាំងចត្តាឡីស័កឯកជន ព្រមទាំងក្រុមបុគ្គលដែលកំពុងធ្វើចត្តាឡីស័កទាំងអស់ ត្រូវអនុវត្តតាមខ្លឹមសារនៃសេចក្តីណែនាំនេន ឱ្យទទួលបានលទ្ធផលល្អ និងការទទួលខុសត្រូវខ្ពស់៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×