ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តstarexមួយគ្រឿង ក្នុងល្បឿនលឿនមិនប្រយ័ត្ន បានរេចង្កូតជ្រុលទៅបុកខឿន ឡើងលើសួនផ្លូវទៅមុខលែងរួច។ សំណាងល្អមិនបង្កឲ្យមានមនុស្សរងរបួស។
ហេតុការណ៍នេះដែរ កើតឡើងកាលពីរវេលាម៉ោង ៨ និង ២០ នាទីយប់ថ្ងៃ សៅរិ៍ ទី២៧ ខែ មីនា ឆ្នាំ២០២១ ស្តិតនៅតាមបណ្តោយផ្លូវ២០៤ ចំណុចមុខបន្ទាយ៩៩ ក្នុងសង្កាត់ កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តstarexមួយគ្រឿង ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខភ្នំពេញ2-AS 4685 ធ្វើដំណើរតាមបណ្តោយផ្លូវ២០០៤ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតជ្រុលទៅបុកខឿន រួចឡើងទៅលើសួនផ្លូវទៅមុខលែងរួច ។ ហើយភ្លាមៗនោះដែរ ម្ចាស់រថយន្តបង្កបានខលហៅរថយន្តសាមយ៉ុងមួយគ្រឿងទៀត មកជួយអូសចេញ តែត្រូវបានសមត្ថកិច្ចមកដល់ឃាត់ទាំងម្ចាស់រថយន្ត ឲ្យនៅដោះស្រាយព្រោះប៉ះពាល់ជាមួយនិងទ្រព្យសម្បត្តិរដ្ឋ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនិងជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ ចុះមកដល់រួចបានទាក់ទងទៅខាងជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងនិងយករថយន្តស្ទូច មកស្ទូចរថយន្តបង្កខាងលើទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ៖ សា មេត


