ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយុទ្ធពលខេមរភូមិន្ទ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ បានចេញបទបញ្ជាស្តីពីការគ្រប់គ្រងកម្លាំងធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាថ្ងៃទី១៤ ដល់១៦ ខែមេសា ឆ្នាំ២០២១។
យោងតាមបញ្ជារបស់អគ្គមេបញ្ជាការ នៃកងយុទ្ធពលខេមរភូមិន្ទ បានឲ្យដឹងថា
១. មេបញ្ជាការ ប្រភេទទ័ព ទ័ពជំនាញ នាយកស្ថាប័ន និងសាលា ចំណុះអគ្គបញ្ជាការដ្ឋាន នៃកងយោធពល ខេមរភូមិន្ទ ទាំងអស់ ត្រូវចាត់តាំងណែនាំដល់កងឯកភាពក្រោមឱវាទ លើកកម្ពស់ស្មារតីត្រៀមប្រយុទ្ធខ្ពស់ ប្រចាំការ ប្រចាំបញ្ហា សំដៅដោះស្រាយឱ្យបានទាន់ពេលវេលា នូវរាល់សភាពការណ៍នានាដែលកើតឡើងជាយថាហេតុ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ដូចខាងក្រោមៈ
- មិនអនុញ្ញាតឱ្យឈប់សម្រាកនៅក្នុងថ្ងៃបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិ ត្រូវត្រៀមកម្លាំង មធ្យោបាយ សម្ភារៈគ្រឿងបំពាក់អន្តរាគមន៍នៅក្នុងអង្គភាព១០០ភាគរយ។ ក្រោយពេលចូលឆ្នាំ ករណីជំងឺកូវីង-១៥ មានការធូរស្រាល កងឯកភាពអាចអនុញ្ញាតឱ្យឈប់សម្រាកសងវិញ តាមគោលការណ៍ប្តូរវេន៥០ភាគរយ។
- កងឯកភាព និងសាលា ក្នុងករណីចាំបាច់ដែលត្រូវអនុញ្ញាតឱ្យយោធិនចេញពីកងឯកភាព និងសាលា ពេលចូលមកវិញត្រូវធ្វើចត្តាឡីស័ក១៨ផ្លែជាកំហិត នៅតាមកងឯកភាពនីមួយៗ ដែលបានរៀបចំរួចដោយអនុវត្តតាមវិធានការការពារជំងឺកូវីដ-១៩។
២-ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ មិនអនុញ្ញាតឱ្យមានការប្រមូលផ្តុំដូចជា ជប់លៀង ល្បែងកម្សាន្ត និងពិធីផ្សេងៗ រឹតបន្តឹងការគ្រប់គ្រងកម្លាំងឱ្យបានល្អ ដើម្បីត្រៀមអន្តរាគមន៍ ទប់ស្កាត់ការរីករាលដាលជំងឺកូដ-១៩ ក្នុងករណីមានបទបញ្ញា។
៣-មេបញ្ជាការបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស បណ្ដាស្ថាប័ន កងឯកភាព ត្រូវសហការជាមួយកងកម្លាំងនគរបាលជាតិ សមត្ថកិច្ចមូលដ្ឋានគ្រប់ជាន់ថ្នាក់ និងគណៈបញ្ជាការ ឯកភាព ត្រូវចាត់វិធានការចាំបាច់នានាសំដៅគ្រប់គ្រងធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ឱ្យបានម៉ឺងម៉ាត់ ព្រមទាំងអនុវត្តនូវវិធានការ ៣ការពារ ៣កុំ ឱ្យមានប្រសិទ្ធភាពខ្ពស់របស់រាជរដ្ឋាភិបាល និងអនុវត្តវិធានការសុខាភិបាល បង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឱ្យបានម៉ត់ចត់ ខ្ជាប់ខ្ជូន នៅតាមទីសាធារណៈនានា ពិសេសនៅតាមវត្តអារាម រមណីយដ្ឋាន និងទីកន្លែងប្រមូលផ្តុំផ្សេងទៀត នៅ ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ នាថ្ងៃទី១៤ ដល់១៦ ខែមេសា ឆ្នាំ២០២១។
៤-រយៈពេលអនុវត្តចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។
៥-នាយកខុទ្ទកាល័យអគ្គបញ្ជាការដ្ឋាន មេបញ្ជាការប្រភេទទ័ពនិងទ័ពជំនាញ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការអង្គរក្ស នាយកស្ថាប័ន និងសាលា ត្រូវចាត់តាំងអនុវត្តបទបញ្ហានេះឱ្យមាន ប្រសិទ្ធភាពខ្ពស់ និងរាយការណ៍ជាប្រចាំមកទីចាត់ការកលយុទ្ធអគ្គបញ្ជាការដ្ឋាន៕ រក្សាសិទ្ធិដោយ : ចេស្តារ

