ភ្នំពេញ ៖ តបតាមការក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុង សេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ប្រសិទ្ធនាម មន្ទីរពេទ្យស្រ្តីមួយទៅជា «មន្ទីរពេទ្យ ហ្លួងម៉ែ »
បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាប្រើប្រាស់ថវិការជាតិដើម្បីទិញយកមន្ទីរពេទ្យនេះព្យាបាលជំងឺកូវីដ១៩ ដែលមានឈ្មោះថា “មន្ទីរពេទ្យស្ត្រី នគរទេព” និងដើម្បីបម្រើជាឧត្ដមប្រយោជន៍ជាតិ ព្យាបាលដល់ប្រជានុរាស្ត្រ ជាកូនចៅ ចៅទួត តទៅ។
ការផ្សព្វផ្សាយព័ត៌មានរបស់ផេកហ្វេសប៊ុកព្រះបរមរាជវាំង បានឲ្យដឹងថា អគារមន្ទីរពេទ្យដ៏ធំស្កឹមស្កៃ ដែលមានឈ្មោះថា មន្ទីរពេទ្យស្រ្តីនគរទេព នឹងត្រូវប្រែក្លាយឈ្មោះទៅជា «មន្ទីរពេទ្យ ហ្លួងម៉ែ » បន្ទាប់ពី សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានតបតាមសេចក្តីក្រាបបង្គំទូលថ្វាយ នៃសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រសិទ្ធនាមមន្ទីរពេទ្យស្រ្តីនគរទេព ទៅជាមន្ទីរពេទ្យ ហ្លួងម៉ែ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បញ្ចប់ការចរចារក្នុងការទិញយកមន្ទីរពេទ្យនេះនាពេលខាងមុខ ហើយប្រែក្លាយទៅជាកន្លែងសម្រាប់ពិនិត្យព្យាបាលអ្នកជំងឺកូវីត១៩ ។
អង្គសម្តេចព្រះមហាក្សត្រី ព្រះវររជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែងតែមានព្រះរាជតម្រិៈដង្ហែតាមជានិច្ចចំពោះព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តម នៃព្រះករុណា ព្រះវររាជបិតាសុខាភិបាលជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចាប់តាំងពីសម័យសង្គមរាស្រ្តនិយមដ៏រុងរឿងនៃយើង ដែលព្រះអង្គតែងតែមានព្រះរាជហឫទ័យទុកដាក់ខ្ពស់ចំពោះវិស័យសុខាភិបាល ជាពិសេសបញ្ហាសុខភាពរបស់បងប្អូនប្រជានុរាស្រ្តជាកូនចៅ តាមរយៈការប្រោសព្រះរាជទានព្រះរាជអំណោយ ជាព្រះរាជសមិទ្ធផលនានា ជាច្រើនដែលបម្រើឲ្យវិស័យសុខាភិបាល ទូទាំងព្រះរាជាណាចក្រកម្ពុជា និងប្រោសព្រះរាជទានព្រះរាជទ្រព្យ ជូនដល់តាមបណ្តាមន្ទីរពេទ្យនានា ដើម្បីគាំទ្រដំណើរការពិនិត្យព្យាបាល ជូនដល់ប្រជានុរាស្រ្តជាកូនចៅ ព្រមទាំងព្រះរាជសកម្មភាពជាច្រើន ឥតគណនាផ្សេងទៀត ។
មន្ទីរពេទ្យនេះ មានទីតាំងស្ថិតនៅ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ និងចាប់ផ្តើមទទួលព្យាបាល
អ្នកជំងឺកូវីដ១៩ នៅថ្ងៃទី២៧ មីនានេះ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

