តាកែវ៖ ក្រោយពីទទួលបានព័ត៌មានអំពីករណីសង្ស័យអំពើឃាតកម្ម នៅស្រុកត្រាំកក់ លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត បានបញ្ជាកម្លាំងជំនាញការិយាល័យបច្ចេកទេស នៃស្នងការដ្ឋាន ចុះសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ដើម្បីពិនិត្យស្រាវជ្រាវ ស៊ើបអង្កេតជាបន្ទាន់ ។
ករណីខាងលើកើតឡើងនៅ ថ្ងៃអាទិត្យ ទី៤ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង២៣ នៅចំណុចបន្ទប់ ស្ថិតនៅភូមិ អង្គតាសោម ឃុំ អង្គតាសោម ស្រុកត្រាំកក់ ដែលផ្តើមចេញករណីហិង្សាក្នុងគ្រួសារ បង្កឡើងដោយជនសង្ស័យឈ្មោះ នួន សុផល ភេទ ប្រុស អាយុ ៣១ឆ្នាំ ជាប្តី មានស្រុកកំណើត នៅភូមិ ព្រៃស្រោង ឃុំ អង្គតាសោម បានផឹកស្រាស្រវឹង ធ្វើសកម្មភាពវាយដោយដៃទៅលើ ជនរងគ្រោះជាប្រពន្ធ (ពុំបានរៀបការ) ឈ្មោះ បួរ សួន ភេទ ស្រី អាយុ ៣២ឆ្នាំ ស្រុកកំណើត នៅខេត្តបន្ទាយ មានជ័យ បណ្តាលឱ្យស្លាប់ភ្លាមៗ ។
ក្រោយធ្វើសកម្មភាពរួចជនសង្ស័យបានយកសពរបស់ជនរងគ្រោះ(ប្រពន្ធ)ទៅមណ្ឌលសុខភាពឃុំអង្គតាសោម ដោយបានកុហកថាប្រពន្ធឈឺ ប៉ុន្តែពេលដល់គ្រូពេទ្យពិនិត្យឃើញថាឈ្មោះ បួរ សួន បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ បន្ទាប់ពីបានចុះពិនិត្យកោសល្យវិច័យលើសាកសពបានឱ្យដឹងថា សាកសពមានស្នាមរបួសជាំខ្មៅពាសពេញផ្ទៃមុខ ប្រអប់ភ្នែកទាំងសង់ខាង រលាត់ចង្កា ជាំនិងពកក្បាលពីខាងក្រោយពីរកន្លែង ជាំលើដើមទ្រូង ដើមដៃ កែងដៃទាំងសង់ខាង រលាត់ស្បែកត្រគាក រលាត់ភ្នែកគោជើង បែកបបូរមាត់លើ ក្រោម ទើបសមត្ថកិច្ចសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយតែជនសង្ស័យជាប្តីវាយដោយចាប់បោកក្បាលនឹងការូ និងគ្រែថ្ម ប្រាកដមែន និងបានឃាត់ខ្លួនជនសង្ស័យតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យ ជាប្តីត្រូវបានកម្លាំងជំនាញ ធ្វើការឃាត់ខ្លួន ដើម្បីសាកសួរ និងកសាង សុំណុំរឿង តាមនិតិវិធី រីឯសាកសពបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖បញ្ញាស័ក្តិ