Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា ៖ ទិវាមួយម៉ោងសម្រាប់ភពផែនដី ឆ្នាំ២០២១

ភ្នំពេញ ៖ ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា Australian Embassy, Cambodia នៅថ្ងៃទី២៨ខែមីនាឆ្នាំ២០២១នេះ បានសរសេរសារផេកហ្វេសប៊ុកផ្លូវការថា កាលពីយប់មិញ(២៧មីនា) ស្ថានទូត បានចូលរួមជាមួយមនុស្សរាប់លាននាក់ ដើម្បីអបអរទិវាមួយម៉ោងសម្រាប់ភពផែនដី EarthHour ដោយធ្វើការបិទភ្លើងទាំងអស់ ចាប់ពីម៉ោង៨ និង៣០នាទីយប់ ដល់ម៉ោង៩ និង៣០នាទីយប់។ នៅទូទាំងពិភពលោក ប្រជាជនរីករាយពេញមួយម៉ោង នៅក្នុងភាពងងឹត ឬក្រោមពន្លឺភ្លើងទៀន ដើម្បីលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់ នៃការប្រើប្រាស់ថាមពល ទៅលើបរិស្ថាន។

ទិវាមួយម៉ោងសម្រាប់ភពផែនដី ជាយុទ្ធនាការបរិស្ថានប្រចាំឆ្នាំ របស់មូលនិធិសត្វព្រៃពិភពលោក World Wildlife Fundដែលបានចាប់ផ្តើមឡើង នៅទីក្រុងស៊ីដនី ក្នុងឆ្នាំ២០០៧ ដោយពេលនោះ គេហដ្ឋាននិងអគារពាណិជ្ជកម្ម ចំនួន ២,២ លាន បានធ្វើការបិទភ្លើងទាំងអស់។ សព្វថ្ងៃនេះ មនុស្សរាប់រយលាននាក់ បានចូលរួមក្នុងទិវាមួយម៉ោងសម្រាប់ភពផែនដីនេះ ជារៀងរាល់ឆ្នាំ។

នៅប្រទេសកម្ពុជា តាមរយៈកម្មវិធីវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ (#3i) អូស្រ្តាលីកំពុងគាំទ្ររដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍផែនការយុទ្ធសាស្ត្រថាមពលកកើតឡើងវិញ។ យើងក៏កំពុងជួយមន្ទីរពិសោធន៍ថាមពល ដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ីថាមពលស្អាត សម្រាប់ឧស្សាហកម្ម អ្នកវិនិយោគ និងសហគ្រិននៅកម្ពុជា។

កុំរង់ចាំដល់ទិវាមួយម៉ោងសម្រាប់ភពផែនដីនៅឆ្នាំក្រោយ ទើបបិទភ្លើងទៀត! រីករាយទទួលទានអាហារពេលល្ងាច ឬនិយាយលេងជាមួយមិត្តភក្តិ នៅក្រោមពន្លឺភ្លើងទៀន នៅគ្រប់ពេល ដើម្បីជួយទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។ ការសន្សំសំចៃអគ្គិសនី គឺជាវិធីសាមញ្ញ និងងាយស្រួល ដែលយើងទាំងអស់គ្នាអាចធ្វើ ដើម្បីឱ្យមានការផ្លាស់ប្តូរ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×