ភ្នំពេញ ៖ ក្រុមគ្រូពេទ្យបានចុះទៅទទួលយកសពបុរសម្នាក់ដល់លំនៅឋានផ្ទាល់ខ្លួនរបស់លោក បន្ទាប់ពីបុរសចំណាស់វ័យ៧៨ឆ្នាំម្នាក់នោះបានស្លាប់ និងមានវិជ្ជមានវីរុសកូវីដ១៩។ មុនពេលស្លាប់បុរសចំណាស់រូបនោះ មានអាការៈមិនសូវស្រួលក្នុងខ្លួន និងក្តៅខ្លួនខ្លាំង ធ្វើឱ្យគាត់ទៅមន្ទីរពេទ្យរុស្ស៊ី ដើម្បីពិនិត្យជំងឺ និងធ្វើការយកសំណាកដើម្បីតេស្តរកមេរោគកូវីដ១៩ ហើយវិលត្រឡប់មកផ្ទះវិញ បានចំនួន១ថ្ងៃក៏ស្លាប់ ហើយលទ្ធផលសំណាកក៏ចេញមកដែរ គឺគាត់វិជ្ជមានជំងឺកូវីដ១៩ ហេតុដូច្នេះក្នុងគ្រួសារគាត់បានធ្វើពិធីបុណ្យខ្នាតតូចមួយ ហើយត្រូវបានក្រុមគ្រូពេទ្យទៅយកសពដល់ផ្ទះ និងបាញ់ថ្នាំសម្លាប់មេរោគក និងឲ្យកូនចៅរបស់សពទៅធ្វើចត្តាឡីស័កទាំងអស់គ្នា។
ផ្ទះរបស់សពបុរសរុបនោះ ស្ថិតនៅចំណុចបុរីសូនី ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ កាលពីវេលាយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ។ សពបុរសចំណាស់ដែលវិជ្ជមានជំងឺកូវីដ១៩ ឃើញបងប្អូនសាច់ញាតិមានការរៀបចំធ្វើបុណ្យលក្ខណៈតូចតាចនៅក្នុងផ្ទះ ដោយមានជាការអុជធូបសែន និងរៀបចំក្តារមឈូសរួចរាល់ ដើម្បីតម្គល់សព។
មុនពេលស្លាប់ បុរសចំណាស់រូបនោះ គាត់មានអាការៈមិនសូវស្រួលក្នុងខ្លួន និងក្តៅខ្លួនខ្លាំង ជាហេតុធ្វើឱ្យគាត់ទៅមន្ទីរពេទ្យរុស្ស៊ីដើម្បីពិនិត្យជំងឺ និងធ្វើការយកសំណាកដើម្បីតេស្តិ៍រកមេរោគកូវីដ១៩ផងដែរ ។ ក្រោយការយកសំណាកហើយនោះ ក្រុមគ្រូពេទ្យបានអនុញ្ញាត្តិឱ្យគាត់ត្រឡប់ទៅផ្ទះវិញ និងបានណែនាំឱ្យគាត់ធ្វើចត្តាឡីស័កដោយខ្លួនឯងនៅផ្ទះ រង់ចាំលទ្ធផលសំណាករបស់ក្រុមគ្រូពេទ្យនៅពេលក្រោយ ។ លុះរហូតដល់វេលាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ បុរសចំណាស់ខាងលើក៏បានស្លាប់ទាំងដែលលទ្ធផលសំណាកមិនទាន់ចេញ ។ ខណៈពេលស្លាប់ភ្លាមៗ បងប្អូនសាច់ញាតិក៏បានរៀបចំរោងធ្វើបុណ្យលក្ខណៈទ្រង់ទ្រាយតូច តែត្រូវបានក្រុមអាជ្ញាធរមូលដ្ឋានចុះធ្វើការឃាត់តែម្តង មិនតម្រូវឱ្យមានការប្រមូលផ្តុំឡើយ ។ ក្រោយការហាមឃាត់ សាច់ញាតិបុរសរងគ្រោះ ក៏បានធ្វើបុណ្យនៅខាងក្នុងផ្ទះ ដោយមានសមាជិកតែ៣ ឬ៤នាក់ប៉ុណ្ណោះ ។ លុះដល់វេលាយប់ឡើង លទ្ធផលសំណាកក៏ចេញមកឃើញថា គាត់មានវិជ្ជមានកូវីដ១៩ ក៏ត្រូវក្រុមគ្រូពេទ្យចុះទៅដឹកសពចេញពីផ្ទះរបស់គាត់តែម្តងទៅ ។
ក្រោយការដឹកសពចេញ ក្រុមគ្រូពេទ្យបានប្រើម៉ាស៊ីនបាញ់សម្លាប់មេរោគ ជុំវិញភូមិសាស្ត្រ នៃតំបន់នោះ ដើម្បីសម្លាប់មេរោគ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ





