ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានធ្វើការច្រានចោលទាំងស្រុងនូវការផ្សាយប្រឌិត របស់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួន ដែលបានធ្វើការបំពុលព័ត៌មានថា “មិនយល់ទេ ក្រោយពីចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៊ីណូហ្វាម របស់ចិនហើយ នៅតែស្លាប់ជាបន្តបន្ទាប់ទៀត”។
ហើយក្រសួងសុខាភិបាលសូមអាជ្ញាធរមានសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ចំពោះគណនីហ្វេសប៊ុកឈ្មោះ Sovan Narith ដែលបានផ្សព្វផ្សាយព័ត៍មានមិនពិតនេះ។
គណនីហ្វេសប៊ុកឈ្មោះ Sovan Narith ក៏បានផ្សព្វផ្សាយទៀតថា លោកស្រី ស៊ុយ សុផាន ប្រធានក្រុមហ៊ុន ផាន អ៊ីមិច បានស្លាប់ដោយសារជំងឺកូវដី១៩ ថែមទៀតផង។ ដែលការផ្សព្វផ្សាយនេះ គឺជាការមិនពិត ពីព្រោះលោកស្រី ស៊ុយ សុផាន បានមរណភាពក្នុងជន្មាយុ ៦២ឆ្នាំ កាលពីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ដោយសាររោគគាពាធ គឺមិនមែនស្លាប់ដោយសារជំងឺកូវីដ១៩ នោះទេ។
ក្រសួងសួងសុខាភិបាលនៅល្ងាចថ្ងៃទី២៩ ខែមីនា នេះ បានច្រានចោលទាំងស្រុងនូវការផ្សាយប្រឌិតបែបនេះ។
ដោយក្រសួងបានបញ្ជាក់ថា រូបភាពអ្នកចាក់វ៉ាក់សាំងនេះ មិនមែនជារូបរបស់សពទេ សូមអ្នកប្រឌិតរឿង ទាំងឡាយមានសីលធម៌ និងគុណធម៌ខ្លះផងបានទេ? សូម មើលឱ្យច្បាស់មើល តើរូបអ្នកចាក់វ៉ាក់សាំងនេះ ជានរណា ? សូមគោរពសិទ្ធិ លោកជំទាវដែលជាម្ចាស់ រូបថតចាក់វ៉ាក់សាំងពិតប្រាកដផងបានដែរទេអស់អ្នក អគតិទាំងឡាយអើយ ល្មមឈប់បោកប្រាស់បែបនេះ ទៀតទៅ។ គេរកវ៉ាក់សាំងចាក់មិនបានផង ឥឡូវមាន វ៉ាក់សាំងចាក់ហើយអស់អ្នកអគតិទាំងឡាយដែល មិនចង់ចាក់ទេក៏មិនអីដែរ ទុកវ៉ាក់សាំងចាក់ជូនអ្នក ដែលគេត្រូវការដ៏ច្រើនសន្ធឹកសន្ធាប់វិញល្អជាង។ សូមអាជ្ញាធរមានសមត្ថកិច្ច ចាត់ការតាមផ្លូវច្បាប់ផង៕ រក្សាសិទ្ធិដោយៈ ចេស្តារ