ព្រះសីហនុ៖ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា អាចមានកម្មករកម្មការិនី រាប់សិបនាក់ បានរងរបួសធ្ងន់-ស្រាល បណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍បង្កដោយ រថយន្តធំដឹកទឹកកក និងរថយន្តដឹកកម្មកររោងចក្រតំបន់សេដ្ឋកុច្ចពិសេសបិតត្រាង ចំនួន ៤គ្រឿងផ្សេងទៀត បានបុកបន្តគ្នានៅផ្លូវជាតិលេខ៤ មានទីតាំងនៅក្នុងឃុំបិតត្រាង ស្រុកព្រៃវែង កាលពីម៉ោងជាង ៧ព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨។
បច្ចុប្បន្នកម្មករកម្មការិនីរងរបួសទាំងអស់ បានបញ្ជូនទៅសង្គ្រោះនៅតាមមន្ទីរពេទ្យរដ្ឋ និងពេទ្យឯកជន នៅក្នុងក្រុងព្រះសីហនុ និងស្រុកព្រៃនប់។ គិតត្រឹមម៉ោង ១១ព្រឹកថ្ងៃទី៦ ខែមិនា ឆ្នាំ២០១៨ សមត្ថកិច្ចមិនទាន់បង្ហាញ របាយការណ៍ផ្លូវការពីចំនួនអ្នករងរបួសថាមានចំនួនប៉ុន្មាននាក់អោយពិតប្រាកដនៅឡើយទេ ប៉ុន្តែយោងតាមរបាយការណ៍បណ្តោះអាសន្នពីមន្ទីរពេទ្យមួយចំនួន បានអោយដឹងថា មានអ្នករងរបួសប្រមាណ ៦០នាក់ ក្នុងនោះមានទាំងកម្មការីនីមានផ្ទៃពោះផង។ ពេលនេះជនរងគ្រោះទាំនោះ កំពុងទទួលការព្យាបាល ដោយយកចិត្តទុកដាក់ពីគ្រូពេទ្យ។
មន្ត្រីនគរបាលមូលដ្ឋាន បានអះអាងថា រថយន្ត ៤គ្រឿង ដែលជួបគ្រោះថ្នាក់នេះមានកម្មករកម្មការីនីជិះក្នុងរថយន្តសរុប ១២០នាក់ រយៈពេលនេះ មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ និងមន្ត្រីជំនាញពាក់ព័ន្ធកំពុងជួយអន្តរាគមន៍ ជួយដល់ជនរងគ្រោះដោយយកចិត្តទុកដាក់៕ ដែន សីមា