ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានមានប្រសាសន៍ប្រាប់ CEN ថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន៣០ម៉ឺនដូស ដែលជាជំនួយរបស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ផ្តល់មកក្រសួងការពារជាតិ នឹងចាក់ជូនគ្រួសារកងទ័ព និងកងទ័ពដែលនៅសេសសល់មិនទាន់បានចាក់ និងចាក់បំពេញបន្ថែមដល់កងទ័ពនៅម្ជុលទី២ ផងដែរ ពីព្រោះមានមួយចំនួនបានចាក់ម្ជុលទី១ រួចហើយ និងដល់ពេលវេលាដែលត្រូវចាក់ម្ជុលទី២។ ហើយគោលដៅសំខាន់ គឺគ្រួសារកងទ័ព បើទោះបីជាមិនគ្រប់គ្រាន់ក៏ដោយ ក៏នៅតែបន្តចាក់ជាបន្តទៀត នៅក្នុងជំហានទី២ ដែលជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា វ៉ាក់សាំងស៊ីណូហ្វាមការពារជំងឺកូវីដ១៩ ដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន គឺមានចំនួន៧០ម៉ឺនដូស នឹងមកដល់កម្ពុជានៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ស្អែកនេះ ដោយក្នុងនោះក្រសួងការពារជាតិទទួលបាន ៣០ម៉ឺនដូស និងក្រសួងសុខាភិបាលចំនួន ៤០ម៉ឺនដូស។
សម្តេចពិជ័យសេនាបានបញ្ជាក់ថា “ធម្មតាវ៉ាក់សាំងមុខសញ្ញារបស់វា គឺប្រឆាំងជាមួយកូវីដ១៩ ដូច្នេះបើសិនជាយើងចាក់ជូនដល់កងទ័ព ក៏ដូចជាគ្រួសាររបស់គេបានកាន់តែច្រើន កាន់តែទូលំទូលាយ ច្បាស់ណាស់ក៏វាអាចជួយរួមចំណែកក្នុងការការពារបាននូវការវ៉ៃលុក ក៏ដូចជារាលដាលខ្លាំងក្លារបស់កូវីដ១៩ បានមួយចំណែកដែរ ព្រោះការផលិតនៅវ៉ាក់សាំងមកនេះ មានគោលដៅច្បាស់លាស់ណាស់ដើម្បីទប់ស្កាត់ និងការពារកូវីដ១៩ ដូចជាវ៉ាក់សាំងផ្សេងៗដែរ គេមានគោលការច្បាស់លាស់របស់គេចឹង ដូច្នេះបើសិនជាយើងបានដាក់ជូនទៅដល់កងទ័ព ក៏ដូចជាក្រុមគ្រួសារ ក៏ជាការរួមចំណែកមួយដែរ គឺដោយសារតែយើងមានវិធានការផង គឺវ៉ាក់សាំងក៏វារួមចំណែកនៅក្នុងការការពារផងដែរ”។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ កងទ៏ពបានទៅការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី១ មានចំនួនជាង ១១ម៉ឺននាក់ ខណៈចាក់លើកទី២ មានជិត១០ម៉ឺននាក់៕ រក្សាសិទ្ធិដោយៈ ចេស្តារ