ស្ទឹងត្រែង ៖ ខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែងបានចែកទូកនិងម៉ាសុីនចំនួន ២គ្រឿងដល់គណៈកម្មការសហគមន៍នេសាទ ដើម្បីយកទៅបម្រើការងារទប់ស្កាត់បទល្មើស ដែលកើតមានក្នុងតំបន់អភិរក្សទន្លេមេគង្គ ខេត្តស្ទឹងត្រែងនៅរសៀលថ្ងៃទី ៣០ខែមីនាឆ្នាំ ២០២១។
លោក វង្ស សាវឿន នាយរងខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង បានបញ្ជាក់ថា ខណ្ឌរដ្ឋបាលជលផលបានចែកទូកម៉ាសុីនចំនួន ០២គ្រឿងទៅដល់សហគមន៍ភូមិត្បូងខ្លានិងភូមិកោះជ្រឹម ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ជាប់ព្រំប្រទល់ស្រុកសំបូរ ខេត្តក្រចេះ ក្នុងគោលបំណងបង្កើនការចុះល្បាតរបស់គណៈកម្មការសហគមន៍នេសាទនៅតំបន់នោះ ជាពិសេសនៅអភិរក្សអន្លង់ថ្មធំភូមិត្បូងខ្លាតែម្តង។
លោក សា ថាន ប្រធានសហគមន៍ភូមិកោះជ្រឹម បាននិយាយថា សហគមន៍របស់លោកនឹងយកទូកដែលបានទទួលនេះ យកទៅធ្វើជាមធ្យោបាយចុះល្បាតដើម្បីបង្ក្រាបបទល្មើស។
សម្រាប់ការចុះល្បាតទាំងយប់ទាំងថ្ងៃ ដើម្បីចុះចាប់ក្រុមប្រព្រឹត្តបទល្មើសឆក់ត្រី ដាក់មង សន្ទូច នៅក្នុងតំបន់អភិរក្សមកឃើញថា បទល្មើសនៅតំបន់នោះ មានការថយចុះក្នុងរយៈពេលចុងក្រោយនេះ។
លោកប្រធានសហគមន៍សូមអំពាវនាវ ដល់ប្រជាពលរដ្ឋចូលរួមអភិរក្សត្រីមេពូជ នៅតំបន់ត្បូងខ្លា កោះជ្រឹម និងកុំប្រើឧបករណ៍នេសាទណាដែលផ្ទុយ ទៅនឹងច្បាប់ព្រោះវាធ្វើឱ្យផលត្រីថយចុះ និងត្រូវផ្តន្ទាទោសតាមនីតិវិធីច្បាប់ទៀតផង៕ រក្សាសិទ្ធិដោយ៖សុខុម



