ភ្នំពេញៈ សំណុំរឿងលោកឧត្តមសេនីយ៍ទោ សូយ ចាន់សឿន នាយរងទីចាត់ការអភិវឌ្ឍន៍ អគ្គបញ្ជាការ នៃក្រសួងការពារជាតិ ពាក់ព័ន្ធករណីប្រើអំពើហិង្សា គំរាមបាញ់សម្លាប់ និងបង្ខាំងមនុស្សដោយខុសច្បាប់លើស្ត្រីពាណិជ្ជករម្នាក់ រហូតមានការប្តឹងចូលទៅសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីចុងខែមករា ឆ្នាំ២០២១ មកដល់ពេលនេះ គឺស្ងាត់ឈឹងមិនទាន់ឃើញមានចំណាត់ការអ្វីនៅឡើយទេ។
មជ្ឈដ្ឋានទូទៅកំពុងតែរង់ចាំមើលថា តើតុលាការខេត្តកំពង់ស្ពឺ និងមានវិធានការបែបណាលើសំណុំរឿងមួយនេះ? ហើយបានលើកឡើងថា ករណីលោក ឌួង ឆាយ ប្រើហិង្សាលើអតីតភរិយារបស់ខ្លួន គឺត្រូវបានដកគោរពងារជាឧកញ៉ា។ ចុះករណីលោកឧត្តមសេនីយ៍ទោ សូយ ចាន់សឿន ប្រើអំពើហិង្សាយ គំរាមបាញ់សម្លាប់ និងបង្ខាំងស្ត្រីពាណិជ្ជករម្នាក់ នៅមិនទាន់ឃើញមានចំណាត់ការអ្វីសោះ?។
បើតាមមន្ត្រីនៅក្នុងសាលាដំបូងខេត្តកំពង់ស្ពឺដែលសុំមិនបញ្ចេញឈ្មោះបានបង្ហើបប្រាប់ CEN ថា តុលាការបានចេញដីកាកោះបង្គាប់ឲ្យលោកឧត្តមសេនីយ៍ទោ សូយ ចាន់សឿន ចូលខ្លួនទៅកាន់អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ប៉ុន្តែមិនឃើញមានវត្តមានលោកឧត្តមសេនីយ៍ទោ សូយ ចាន់សឿន ចូលបំភ្លឺនោះទេ។
ប្រភពដដែលបានបន្តថា សំណុំរឿងនេះនៅមិនទាន់មានចំណាត់ការអ្វីទេ គឺដោយសារតែចៅក្រមកាន់សំណុំរឿងនេះ ជាប់ធ្វើចត្តាឡីស័ក ប៉ុន្តែនៅពេលគាត់ចូលមកបំពេញការងារវិញនាពេលឆាប់ៗខាងមុខនេះ នឹងពិនិត្យមើលសំណុំរឿងនេះហើយ។
លោក ខៃ សម្ជស្ស ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ បានចេញដីកាកោះលោកឧត្តមសេនីយ៍ទោ សូយ ចាន់សឿន នាយរងទីចាត់ការអភិវឌ្ឍន៍ អគ្គបញ្ជាការ នៃក្រសួងការពារជាតិ រស់នៅភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ចូលទៅកាន់កាន់អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ៩ព្រឹក ដើម្បីសាកសួរពីដំណើររឿងប្រើហិង្សាដោយមានស្ថានទម្ងន់ទោស និងបង្ខាំងមនុស្សដោយខុសច្បាប់ តាមពាក្យបណ្តឹងរបស់ឈ្មោះ ឌួង ហេម៉ាលីស ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១។
ទាក់ទងករណីនេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ធ្លាប់បានមានប្រសាសន៍ប្រាប់ CEN ថា ចំពោះករណីលោកឧត្តមសេនីយ៍ទោ សូយ ចាន់សឿន នាយរងទីចាត់ការអភិវឌ្ឍន៍អគ្គបញ្ជាការ នៃក្រសួងការពារជាតិ ដែលត្រូវបានស្ត្រីម្នាក់ជាពាណិជ្ជករម្នាក់ប្តឹងថា ប្រើអំពើហិង្សា គំរាមបាញ់សម្លាប់ និងបង្ខាំង គឺក្រុមប្រឹក្សាវិន័យនឹងសិក្សាស្រាវជ្រាវរឿងនេះ តើវាយ៉ាងម៉េច មូលហេតុយ៉ាងណាខុសឆ្គងរបៀបណា? ប៉ុន្តែសម្តេចនៅមិនទាន់ទទួលបានរបាយការណ៍នៅឡើយទេ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា ចំពោះករណីនេះ សម្តេចមិនទាន់ទទួលបានរបាយការណ៍នៅឡើយទេ ហើយសម្តេចបានឃើញសារព័ត៍មានចុះផ្សាយរឿងនេះ ហេតុនេះត្រូវតែពិនិត្យមើលស៊ើបអង្កេតមើលសិន មិនទាន់សន្និដ្ឋានថា រឿងនេះវាយ៉ាងណាទេ។ ដោយសម្តេចបានបញ្ជាក់ថា “បន្តិចទៀតធ្វើការស៊ើបអង្កេតហើយ កិច្ចការទាំងអស់នេះ គឺក្រុមប្រឹក្សាវិន័យត្រូវតែបង្កើតឡើងសិក្សាស្រាវជ្រាវមើលអំពីមូលហេតុ និងការខុសឆ្គងរបៀបណា”។
ចំណែកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានមានប្រសាសន៍ថា លោកឧត្តមសេនីយ៍ទោ សូយ ចាន់សឿន អាចប្រឈមមុខនឹងការលុបឈ្មោះចេញពីកងទ័ព បើសិនជាតុលាការរកឃើញថា មានកំហុសបានប្រព្រឹត្តដូចជាការចោទប្រកាន់របស់ស្ត្រីរងគ្រោះមែននោះ ពាក់ព័ន្ធករណីប្រើអំពើហិង្សា គំរាមបាញ់សម្លាប់ និងបង្ខាំងមនុស្សដោយខុសច្បាប់។ចំពោះករណីលោកឧត្តមសេនីយ៍ទោ សូយ ចាន់សឿន គឺជនរងគ្រោះបានប្តឹងទៅតុលាការហើយ គឺលោកបានមានវិធានការឲ្យលោកឧត្តមសេនីយ៍ទោ សូយ ចាន់សឿន ចូលខ្លួនទៅឆ្លើយបំភ្លឺនៅតុលាការខេត្តកំពង់ស្ពឺនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ទៅតាមផ្លូវច្បាប់។ ហើយចំពោះរឿងនេះ គឺអត់មានអ្នកណាមួយមកការពារលោកឧត្តមសេនីយ៍ទោ សូយ ចាន់សឿន គឺធ្វើទៅតាមផ្លូវច្បាប់។
អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិបានសង្កត់ធ្ងន់ថា បើសិនជាតុលាការកាត់ក្តីថា លោកឧត្តមសេនីយ៍ទោ សូយ ចាន់សឿន ខុសគឺត្រូវលុបឈ្មោះចោលតែម្តង។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាយ៉ាងដូច្នេះថា “ដើមបណ្តឹងដែលជាអ្នករងគ្រោះ គេបានប្តឹងទៅតុលាការហើយ គឺខ្ញុំមានវិធានការមួយឲ្យមនុស្សហ្នឹង (លោកឧត្តមសេនីយ៍ទោ សូយ ចាន់សឿន) ចូលខ្លួនទៅតាមផ្លូវច្បាប់ ហើយអត់មានអ្នកណាមួយមកការពារទេ ខ្ញុំបានណែនាំអប់រំហើយអស់ហើយ គឺកាលណាដីកាកោះហៅត្រូវតែចូលខ្លួនដើម្បីទៅដោះស្រាយ ហើយបើសិនណាចូលខ្លួនហើយ តុលាការកាត់ថា មនសុ្សហ្នឹងខុស គឺត្រូវទៅតាមតុលាការគេកាត់ ហើយក្នុងកងទ័ពយើងត្រូវតែលុបឈ្មោះគាត់ចោលតែម្តង”។
យោងតាមពាក្យបណ្តឹងរបស់ស្ត្រីជាពាណិជ្ជករបានឲ្យដឹងថា កាលពីវេលាម៉ោង ១០ និង៣០នាទី ព្រឹក ថ្ងៃទី ២២ ខែ មករា ឆ្នាំ២០២១ នៅក្នុងរថយន្តដែលកំពុងជិះតែពីរនាក់លើដងផ្លូវស្ថិតនៅចំណុចមុំរង្វង់មូលតាខ្មៅ ទីរួមខេត្តកណ្តាល ឈ្មោះ សូយ ចាន់ធឿន បានវាយដំអ្នកស្រី និងបានដកកាំភ្លើងខ្លីភ្ជង់គម្រាមមិនឲ្យស្រែក និង គំរាមបាញ់បំបាក់ជើង និងបាញ់សម្លាប់ តាមផ្លូវរហូតទៅដល់ខេត្តកំពង់ស្ពឺ ស្ថិតនៅភូមិចំការចេក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ព្រមទាំងបានចាប់បង្ខាំងទុកនៅផ្ទះកូនចៅរបស់គាត់ ឈ្មោះ ស្រី សម្បត្តិ ដែលមានតួនាទីជានាយស្តីទីការិយាល័យអភិវឌ្ឍន៍ អគ្គបញ្ជាការ នៃក្រសួងការពារជាតិ រហូតដល់វេលាម៉ោង៧យប់ ថ្ងៃខែឆ្នាំដដែល ទើបមានសមត្ថកិច្ចនគរបាលចុះមកអន្តរាគមន៍រំដោះអ្នកស្រីចេញពីផ្ទះដែលបានបង្ខាំងអ្នកស្រីយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ស្ត្រីរងគ្រោះឈ្មោះ ឌួង ហេម៉ាលីស សង្ឃឹមថា តុលាការខេត្តកំពង់ស្ពឺនិងផ្តល់ភាពយុត្តិធម៌ដល់ខ្លួន និងសូមឲ្យតុលាការផ្តន្ទាទោសលោកឧត្តមសេនីយ៍ទោ សូយ ចាន់សឿន ឲ្យសមទៅនិងទង្វើដែលបានធ្វើមកលើអ្នកស្រី។
ចំណែកលោកឧត្តមសេនីយ៍ទោ សូយ ចាន់សឿន មិនអាចសុំការអត្ថាធិប្បាយបានទេ ពាក់ព័ន្ធករណីខាងលើនេះ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

