ភ្នំពេញ÷ក្មេងស្ទាវមួយក្រុមជិះម៉ូតូមួយគ្រឿងបានទាញដាវដេញកាប់ទៅលើយុវជនម្នាក់មិនត្រូវដោយជនរងគ្រោះបានផ្តួលម៉ូតូចោលស្រែកឲ្យគេជិតខាងជួយ រួចជនបង្កបានដកសោម៉ូតូពីជនរងគ្រោះ ជិះរត់គេចខ្លួនបាត់ទៅ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរបានកើតឡើងនៅវេលាម៉ោង១១ និង៣០ នាទីយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២១ ចំណុចជាប់ការ៉ាស់សាំង PTT ស្ថិតនៅតាមបណ្តោយផ្លូវ សហពន្ធរុស្សុី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីជនរងគ្រោះ ឈ្មោះ អែលសំរិត បានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុខ្លួនបានជិះម៉ូតូម៉ាកហុងដាទ្រីមសងសេ១២៥ស៊េរីឆ្នាំ២០១៧មួយគ្រឿង ពណ៌ក្រហមពាក់ផ្លាកលេខ ភ្នំពេញ 1Z-2661 បានជិះចេញពីផ្ទះគោលបំណងមកឈប់ចាំយកសង្សារនៅច្រកចូលស្តុបវត្តនាគវន្ត ខណៈពេលដែលឈប់ម៉ូតូបានមួយភ្លែត ស្រាប់តែលេចមុខជនបង្កមានគ្នា៣នាក់ជិះម៉ូតូមួយគ្រឿងមិនចាំផ្លាកលេខ បានទាញដាវមកកាប់ទៅលើជនរងគ្រោះតែសំណាងមិនត្រូវដោយជនរងគ្រោះបានផ្តួលម៉ូតូចោលរត់ស្រែកឲ្យអ្នកជិតខាងជួយ។
ក្រោយពេលកើតហេតុខាងលើមិនមានសមត្ថកិច្ចចុះមកទេឃើញមានតែនាក់សារព័ត៌មាននិងប្រជាពលរដ្ឋជួយជាច្រើននាក់។ ដោយឡែកជនរងគ្រោះមិនចង់វែងឆ្ងាយសុំមិនទៅដាក់ពាក្យបណ្តឹងក៌បានយកម៉ូតូជិះទៅផ្ទះដោយខ្លួនឯងតែម្តងទៅ៕
រក្សាសិទ្ធិដោយ៖ សាមេត