ទីក្រុងប៉េកាំង៖ ប៉េកាំងបានអនុម័តឱ្យមានការផ្លាស់ប្តូរប្រព័ន្ធបោះឆ្នោតនៅទីក្រុងហុងកុងនៅថ្ងៃអង្គារកាលពីថ្ងៃទី ៣០ ខែមីនានេះ។ មន្ត្រីជាន់ខ្ពស់ដែលធ្វើការជាមួយសភាប្រជាជនចិនលើបញ្ហាទាក់ទងនឹងរដ្ឋធម្មនុញ្ញចម្រុះ ដែលជាអតីត ដែនកោះស្ថិតក្រោមអាណានិគមអង់គ្លេសមួយរូបបានប្រាប់សារព័ត៍មានរ៉យទ័រ។
វិធានការណ៍នេះគឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់ទីក្រុងប៉េកាំងដើម្បីពង្រឹងការគ្រប់គ្រងបែបផ្តាច់ការរបស់ខ្លួនឱ្យកាន់តែខ្លាំងឡើង ចំពោះមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោក បន្ទាប់ពីបានដាក់ចេញនូវច្បាប់សន្តិសុខជាតិកាលពីខែមិថុនាកន្លងទៅ។ នេះបានធ្វើឲ្យក្រុមអ្នករិះគន់យល់ថាជាឧបករណ៍មួយដើម្បីបង្ក្រាបអ្នកប្រឆាំង។លោក Maria Tam បាននិយាយថា គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ទីក្រុងហុងកុងនឹងទទួលបន្ទុកជ្រើសរើសប្រធានប្រតិបត្តិទីក្រុងហុងកុង ដោយនឹងធ្វើការជ្រើសរើសតំណាង ៤០ រូបនៃសមាជិកសភា ដែលនេះគឺជាផ្នែកមួយនៃកំណែទម្រង់ដែលត្រូវបានអនុម័តដោយគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន។
លោក Tam បានបន្ថែមទៀតថា ចំនួនអ្នកតំណាងជាប់ឆ្នោត ដែលត្រូវបានជ្រើសរើសដោយផ្ទាល់ទៅនឹងបញ្ញត្តិទីក្រុង បានធ្លាក់ចុះពី៣៥ រូបមកត្រឹម២០រូប ដែលជាផ្នែកមួយនៃកំណែទម្រង់នេះ។ ក្នុងនោះសមាជិកនីតិប្បញ្ញត្តិនឹងកើនឡើងដល់ចំនួន៧០ ពី ៩០រូប នាពេលបច្ចុប្បន្ន។
ទីក្រុងប៉េកាំងក៏នឹងបង្កើនចំនួន គណៈកម្មាធិការរៀបចំការបោះឆ្នោតពី ១ ២០០ ដល់ ១ ៥០០នាក់ ផងដែរដើម្បីជាផ្នែកមួយនៃការរៀបចំរចនាសម្ព័ន្ធឡើងវិញ។ អាជ្ញាធរចិនបាននិយាយថា ការកែប្រែទម្រង់នេះ គឺមានគោលបំណងដើម្បីបំបាត់«ចន្លោះប្រហោងនិងកង្វះខាត»ដែលធ្លាប់បានគំរាមកំហែងដល់សន្តិសុខជាតិក្នុងកំឡុងពេលចលាចលកាលឆ្នាំ ២០១៩ និងដើម្បីធានាថាមានតែក្រុមអ្នកស្នេហាជាតិប៉ុណ្ណោះដែលគ្រប់គ្រងទីក្រុងបាន។
វិធានការណ៍នេះគឺជាការផ្លាស់ប្តូរសំខាន់បំផុតនៃរចនាសម្ព័ន្ធនយោបាយរបស់ហុងកុងចាប់តាំងពី ប្រទេសនេះបានវិលត្រឡប់ទៅរកការគ្រប់គ្រងរបស់ចិនក្នុងឆ្នាំ ១៩៩៧ និងបានផ្លាស់ប្តូរចំនួននិងសមាសភាពនៃអង្គនីតិបញ្ញត្តិនិងគណៈកម្មាធិការបោះឆ្នោតដែលគាំទ្រដោយទីក្រុងប៉េកាំង។
សូមជម្រាបថា ផែនការកែទម្រង់ប្រព័ន្ធបោះឆ្នោតនេះ ត្រូវបានគាំទ្រដោយសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងចក្រភពអង់គ្លេសដែលជាអតីតមេដឹកនាំអាណានិគមរបស់ហុងកុង ដែលបានប្រគល់ទឹកដីនេះទៅឱ្យទីក្រុងប៉េកាំងក្នុងឆ្នាំ ១៩៩៧ ក្រោមការរៀបចំពិសេសមួយ“ ប្រទេសមួយប្រព័ន្ធពីរ”៕
ប្រភពៈ រ៉យទ័រ